៣ចំណុចដែលអ្នកគួរធ្វើ ប្រសិនបើអ្នកស្អប់ការងារនោះតែអ្នកគ្មានជម្រើសនៅតែបន្តធ្វើវាទៀត!
ប្រសិនជាអ្នកស្អប់ការងារដែលអ្នកធ្វើប្រចាំថ្ងៃ ចូរអ្នកគិតថា មិនមែនមានតែអ្នកម្នាក់ឯងនោះទេ មានមនុស្សជាច្រើននាក់ទៀតដែលធុញនឹងការងារដែលពួកគេកំបុងធ្វើដូចគ្នា។ ប៉ុន្តែ ដោយសារបញ្ហាលុយកាក់ឬដោយសារតែអ្នកមិនទាន់រកឃើញការងារដែលល្អបាន អ្នកគ្មានជម្រើសក្រៅពីបន្តធ្វើការងារនោះ អ្នកគួរតែសាកល្បងចំណុចខាងក្រោមនេះ វាប្រហែលជាអ្នកជួយអារម្មណ៍ផ្លូវចិត្តរបស់អ្នក៖
១) សប្បាយចិត្តទៅដែលអ្នកនៅមានការងារធ្វើ៖ មិនថាអ្នកស្អប់ឬធុញទ្រាន់នឹងការងារដែលអ្នកធ្វើដល់កម្រិតណាទេ អ្នកអាចសាកល្បងគិតដល់មនុស្សជាច្រើនដែលគ្មានការងារធ្វើបើទោះបីជាពួកគេខំរកយ៉ាងណាក៏រកការងារធ្វើពុំបាន។ បើទោះបីជាការងារដែលអ្នកធ្វើមិនល្អឥតខ្ចោះ តែយ៉ាងហោចណាស់អ្នកមានការងារធ្វើ មានលុយចាយផ្ទាល់ខ្លួនដោយពុំចាំបាច់ពឹងលើឪពុកម្តាយរបស់អ្នកដែរ។
២) និយាយការពិតជាមួយមេ៖ វាប្រហែលជាពិបាកសម្រាប់អ្នកក្នុងការជជែកឬប្រាប់មេអំពីហេតុផលដែលអ្នកមិនពេញចិត្តនឹងការងារបច្ចុប្បន្ននេះ ប៉ុន្តែវាអាចមានការផ្លាស់ប្តូរបាន។ នរណាដឹងថាមេរបស់អ្នកអាចផ្លាស់ប្តូរអ្នកទៅធ្វើផ្នែកផ្សេងឬស្តាប់យោបល់ហើយបំពេញតាមតម្រូវការអ្នកនោះ។ ឧទាហរណ៍ថា៖ អ្នកស្អប់ការងារដោយសារតែអ្នកមិនបានរៀនអ្វីថ្មី មេរបស់អ្នកអាចនឹងពិចារណារកមើលវគ្គបណ្ដុះបណ្ដាលដល់អ្នកបាន។ បើអ្នកមិននិយាយ មេរបស់អ្នកប្រហែលជាពុំដឹងនោះទេ។
៣) រួមបញ្ចូលភាពសប្បាយ៖ ការងារណាក៏ដោយ ធ្វើយូរៗហាក់ដូចជាគួរឲ្យធុញទ្រាន់ណាស់ព្រោះអ្នកធ្វើអ្វីដែលដដែលៗជាប្រចាំថ្ងៃទៅហើយ។ ប៉ុន្តែ អ្នកអាចរួមបញ្ចូលភាពរីករាយបាន។ ឧទាហរណ៍ថា៖ អ្នកជាគ្រូបង្រៀន អ្នកអាចនិយាយលេងសើចជាមួយសិស្សបានបើទោះបីជាអាជីពជាគ្រូបង្រៀន ទាមទារភាពហ្មត់ចត់ តែក៏មិនមែនន័យថាអ្នកមិនអាចលេងសើចនោះដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org