ទីភ្នាក់ងារសម្ងាត់ CIA សហរដ្ឋអាមេរិកបានបង្កើតមជ្ឈមណ្ឌល ផ្ដោតទៅលើកម្មវិធីនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង
ទីភ្នាក់ងារសម្ងាត់ CIA របស់សហរដ្ឋអាមេរិកបានបង្កើតមជ្ឈមណ្ឌលមួយដែលមានបេសកកម្មផ្ដោតទៅលើកម្មវិធីទំនើបកម្មនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការប្រកាសពីទីភ្នាក់ងារខាងលើនៅថ្ងៃពុធនេះ។
លោក Mike Pompeo នាយក CIA បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដូច្នេះថា ៖«ការបង្កើតមជ្ឈមណ្ឌលមានបេសកកម្មផ្ដោតទៅលើកូរ៉េ (The Korea Mission Center) អនុញ្ញាតឱ្យយើងប្រមូលផ្ដុំ និងកំណត់ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរបស់ CIA ប្រឆាំងនឹងការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តពីកូរ៉េខាងជើង។ វាក៏ឆ្លុះបញ្ចាំងឱ្យឃើញពីថាមភាព និងកម្លាំងដែល CIA ពាំនាំចំពោះ ការដោះស្រាយបញ្ហាសន្តិសុខជាតិ»។
មន្ត្រីជើងចាស CIA ម្នាក់ត្រូវបានតែងតាំងជាដើម្បីដឹកនាំមជ្ឈមណ្ឌលថ្មីនេះ ប៉ុន្តែទីភ្នាក់ងារមិនបានបញ្ជាក់ឈ្មោះនោះទេ។
ការបង្កើតមជ្ឈមណ្ឌលថ្មីនេះឡើង គឺបន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកជុំវិញការសាកល្បង និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕