មហាសេដ្ឋីឥណ្ឌា លោក Azim Premji ៖ «បើគ្មានមនុស្សសើចចំអកលើគោលដៅអ្នកទេ មានន័យថា គោលដៅរបស់អ្នកតូចពេកហើយ»
«បើគ្មានមនុស្សសើចចំអកលើគោលដៅអ្នកទេ មានន័យថា គោលដៅរបស់អ្នកតូចពេកហើយ»។ នេះជាសម្តីរបស់លោក អាហ្ស៊ីម ប្រេមជី (Azim Premji) ជាមហាសេដ្ឋីឥណ្ឌា។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា គោលដៅដែលធំក្នុងជីវិតរបស់អ្នក នឹងចៀសមិនផុតពីការសើចចំអកពីមនុស្សជុំវិញខ្លួនឡើយ ហើយពួកគេតែងនិយាយថា អ្នកមិនអាចធ្វើបាន។
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ជាទូទៅបើមនុស្សគិតអ្វីដែលធម្មតាៗ ឬ ធ្វើអ្វីដែលធម្មតា នោះពួកគេនឹងមិនសូវត្រូវបានទទួលការរិះគន់ ឬ សើចចំអកពីមនុស្សជុំវិញខ្លួននោះឡើយ ព្រោះមនុស្សភាគច្រើនគឺមានលក្ខណៈបែបនេះដែរ។ ប៉ុន្តែលទ្ធផលដែលចេញមក គឺមិនសូវអស្ចារ្យ ឬ ប្លែកអ្វីនោះឡើយពោលគឺធម្មតាៗប៉ុណ្ណោះ។ ដោយឡែក បើកាលណាអ្នកដាក់គោលដៅធំ ប្រាកដណាស់ថា មនុស្សជុំវិញខ្លួនប្រាកដជាសើចចំអក ព្រោះពួកគេគិតថា វាមិនអាចទៅរួចនោះឡើយ ហើយថាវាគ្រាន់តែជាការស្រមើស្រមៃអត់បានការប៉ុណ្ណោះ។ ក្នុងស្ថានភាពនេះ បើអ្នកជាមនុស្សទន់ខ្សោយ និង គ្មានជំហរច្បាស់លាស់ទេ អ្នកនឹងត្រូវទោរទន់តាមពាក្យសម្ដីរបស់គេមិនខាន។ តែបើអ្នកមានជំហរច្បាស់លាស់ ហើយតស៊ូធ្វើការងារដែលខ្លួនចង់បាននោះ លទ្ធផលប្រាកដជាចេញមកអស្ចារ្យមិនខាន។
រាល់បុគ្គលជោគជ័យក្នុងលោកសុទ្ធតែត្រូវបានគេសើចចំអក ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ ព្រោះថា មនុស្សទូទៅមើលឃើញថា វាជាគោលដៅដែលមិនអាចសម្រេចបាន ព្រោះវាធំខ្លាំងពេក និង អស្ចារ្យខ្លាំងណាស់ ហើយគ្មាននរណាអាចសម្រេចបានឡើយ។ ប៉ុន្តែដោយសារតែការតាំងចិត្តយ៉ាងមុតមាំ និង មិនបកក្រោយនោះ បានធ្វើឲ្យពួកគេជោគជ័យធំធេងក្នុងជីវិត។ ដូច្នេះហើយ ត្រូវចាំថា បើការគិត និង គោលដៅរបស់អ្នកត្រូវបានមនុស្សទូទៅមិនសូវប្រតិកម្មនោះ មានន័យថា វាមិនសូវមានអ្វីអស្ចារ្យនោះឡើយ ប៉ុន្តែបើវាត្រូវបានមនុស្សភាគច្រើនប្រតិកម្មដោយគិតថា មិនអាចទៅរួច ហើយរិះគន់អ្នកទៀតនោះ មានន័យថា គោលដៅនោះពិតជាធំអស្ចារ្យ ហើយអ្នកមិនត្រូវបោះបង់វាឡើយ៕
ដោយ៖ រតនា វិចិត្រ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០