មេរៀនសំខាន់ៗ ដែលអ្នកគួររៀនសូត្រពី លោកSteve Jobs អតីតនាយកប្រតិបត្តិ Apple
១) ស្រលាញ់អ្វីដែលអ្នកកំពុងធ្វើ៖ លោកSteve Jobs បានបង្ហាញថា ខ្លួនពិតជាស្រលាញ់ចំពោះការងារដែលខ្លួនកំពុងធ្វើខ្លាំងណាស់។ ដោយសារតែបែបនេះហើយ ទោះបីជាមានរឿងអ្វីក៏ដោយ ក៏អតីតមហាសេដ្ឋីរូបនេះ បានខិតខំយ៉ាងខ្លាំងរហូតធ្វើឲ្យក្រុមហ៊ុនស្គាល់ការរីកចម្រើន។
២) មិនខ្វល់ជាមួយមនុស្សគិតអវិជ្ជមាន៖ Steve Jobsបានព្យាយាមយ៉ាងខ្លាំងក្នុងការធ្វើកិច្ចការរបស់ខ្លួន ហើយក៏មិនចំណាយពេលជាមួយមនុស្សដែល គិតតែអំពីរឿងអគតិនោះដែរ ព្រោះវានាំឲ្យខាតពេលវេលារបស់លោក។ លោក គិតថា បើនៅតែចំណាយពេលស្តាប់មនុស្សដែលគិតអវិជ្ជមានទាំងអស់នោះ ប្រហែលជាជាមិនអាចធ្វើកិច្ចការអ្វីឲ្យបានសម្រេចឡើយ។
៣) ផ្សារភ្ជាប់ខ្លួនជាមួយនឹង វប្បធម៌ និង សិល្បៈផ្សេងៗ៖ អតីតមហាសេដ្ឋីរូបនេះ យល់ឃើញថា ដើម្បីឲ្យខ្លួនមានគំនិតច្នៃប្រឌិតខ្ពស់ គឺទាល់តែលោកផ្សារភ្ជាប់ខ្លួនទៅនឹងវប្បធម៌ និង សិល្បៈផ្សេងៗ ព្រោះវាអាចជួយឲ្យលោកជួបគំនិតថ្មីៗ ដែលមានប្រយោជន៍។
៤) មិនខ្លាចការប្រថុយ៖ ដើម្បីក្លាយជាមនុស្សដែលជោគជ័យម្នាក់ ទាល់តែហ៊ានប្រថុយធ្វើកិច្ចការផ្សេងៗដែលអ្នកដទៃមិនហ៊ាន ប៉ុន្តែកិច្ចការទាំងនោះគឺយើងដឹងច្បាស់ខ្លួនឯងថា នឹងអាចធ្វើបាន ទោះបីជាមានឧបសគ្គច្រើនក្តី។ លោក Steve Jobsធ្លាប់បញ្ជាក់ថា ពេលវេលារបស់មនុស្សគឺមិនច្រើននោះទេ ដូច្នេះហើយបើរវល់តែគិតខ្លាចនេះខ្លាចនោះរហូត ដោយមិនហ៊ានធ្វើអ្វីសោះនោះ គឺប្រាកដជាខាតបង់មិនខាន។
៥) សញ្ញាបត្រមិនអាចកំណត់អ្វីៗគ្រប់យ៉ាងបានឡើយ៖ Steve Jobsមិនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនោះឡើយ ប៉ុន្តែលោកគឺជាបុគ្គលដ៏អស្ចារ្យម្នាក់ ដែលអ្នកមានសញ្ញាបត្រខ្ពស់ៗមួយចំនួនមិនអាចធ្វើបាន។ ចំណុចនេះបញ្ជាក់ថា ភាពជោគជ័យរបស់មនុស្សមិនអាស្រ័យលើតែសញ្ញាបត្រតែម្យ៉ាងនោះឡើយ ដូច្នេះហើយកុំអស់សង្ឃឹម ហើយត្រូវតែមានឆន្ទៈដើម្បីសាងអនាគតដ៏អស្ចារ្យមួយ។
៦) ធ្វើអ្វីដែលសាមញ្ញ ប៉ុន្តែសំខាន់៖ នៅពេលដែលក្រុមហ៊ុនApple កំពុងផលិតiPod នោះ Steve Jobsបានប្រាប់ឲ្យអ្នកជំនាញរបស់ខ្លួន ធ្វើវាឲ្យសាមញ្ញបំផុត ពោលគឺមិនចាំបាច់មានប៊ូតុងចុចច្រើនស្មុគស្មាញពេកនោះទេ ពោលគឺគ្រាន់តែមានប៊ូតុងចុចបិទនិង បើកគឺគ្រប់គ្រាន់៕
ដោយ៖ រតនា វិចិត្រ ប្រភព៖ www.lifehack.org