គន្លឹះ៣យ៉ាងដែលជួយបើកផ្លូវដល់អ្នកក្នុងការរកឃើញការងារណាដែលជាគោលដៅជីវិត
រលកជីវិតមួយបោកបក់មក ដែលត្រូវឲ្យអ្នកប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីបញ្ចប់ការសិក្សានៅក្នុងសាលាមិនទាន់បានស្រួលបួលផង រលកជីវិតមួយទៀតក៏បានបោកបក់មកទៀតដែលទាមទារឲ្យអ្នកសួរខ្លួនឯងថាតើពេលនេះអ្នកចង់ធ្វើអ្វីនៅក្នុងជីវិត ? បើអ្នកកំពុងតែជាប់គាំងនៅមួយកន្លែង មិនដឹងថាតើគួរជ្រើសរើសការងារអ្វី ៣ចំណុចខាងក្រោមនេះអាចផ្ដល់ជាគន្លឹះបើកផ្លូវដល់អ្នកបាន៖
១) រៀនសូត្រពីខ្លួនឯង៖ តើអ្វីជាចំណង់ចំណូលចិត្តរបស់អ្នក ? តាមពិតទៅនរណាក៏តែងតែណែនាំពីចំណុចនេះដល់អ្នកដទៃផ្សេងទៀតអំពីគោលដៅដែលត្រូវសម្រេចនៅក្នុងជីវិតដែរ។ ក៏ព្រោះតែការធ្វើអ្វីដែលខ្លួនស្រឡាញ់ ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន ដែលពេលខ្លះបើអាចលះបង់មិនយកប្រាក់កម្រៃបាន អ្នកក៏ពេញចិត្តព្រមនឹងលះបង់បែបនោះ បូកផ្សំជាមួយសេចក្ដីព្យាយាមដ៏មោះមុត ទាំងពីរយ៉ាងនេះហើយគឺជាធាតុផ្សំដ៏សំខាន់ដែលគេហៅថា ជោគជ័យនៅក្នុងជីវិតនេះឯង។
២) មិនត្រូវរាថយក៏ព្រោះតែខ្វះបទពិសោធន៍នោះទេ៖ គ្មាននរណាម្នាក់ដែលអាចឡើងទៅដល់កំពូលផុតនៃកាំជណ្ដើរបាន ដោយមិនឆ្លងកាត់កាំដំបូងបំផុតទាបជាងគេនោះទេ។ គ្រប់បុគ្គលអស្ចារ្យក្នុងប្រវត្តិសាស្ត្រពិភពលោកដទៃទៀតក៏មិនខុសគ្នាដែរ ត្រូវឆ្លងកាត់ភាពល្ងង់ខ្លៅ មិនចេះអ្វីសោះ គ្មានបទពិសោធន៍ ប៉ុន្តែសំខាន់ពួកគេមិនបានយកហេតុផលទាំងនេះមកធ្វើជាលេស រារាំងពួកគេមិនឲ្យសម្រេចគោលដៅក្នុងជីវិតនោះឡើយ។ កាលណាអ្នកមានបទពិសោធន៍ច្រើន បន្តិចម្ដងៗអ្នកនឹងចាប់ផ្ដើមកត់សម្គាល់ដឹងថាតើអ្វីដែលខ្លួនចង់ធ្វើពិតប្រាកដក្នុងជីវិត។
៣) មានការចាប់ផ្ដើម៖ ដំបូន្មានផ្ដល់ដោយបុគ្គលអស្ចារ្យប៉ុណ្ណាក៏ដោយ បើចុងក្រោយអ្នកគ្រាន់តែស្ដាប់ហើយចោល មិនយកមកអនុវត្ត ចាប់ផ្ដើមបោះជំហានឈានជើងចេញពីទីស្រណុកស្រួលដែលអ្នកកំពុងឈរនោះទេ ពិតជាមិនអាចទៅរួចនោះទេដែលជោគជ័យអាចនឹងក្លាយមកជាកម្មសិទ្ធិរបស់មនុស្សដូចនេះបានដោយងាយៗនោះ។ ចាប់ផ្ដើមដោយស្រូបយកចំណេះដឹងពីបទពិសោធន៍ផ្សេងៗឲ្យបានច្រើន ពេលអ្នកមើលឃើញពិភពលោកចេញពីទស្សនទូលំទូលាយហើយ គឺទីនេះហើយដែលអាចជាការចាប់ផ្ដើមដឹងថាអ្វីជាគោលដៅជីវិតរបស់អ្នក៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ monster