រឿងសំខាន់ៗ ៦យ៉ាង ដែល Bill Gates បានទស្សន៍ទាយកាលពីឆ្នាំ ១៩៩៩ គឺកើតឡើងនៅបច្ចុប្បន្នមែន!
កាលពីឆ្នាំ១៩៩៩ លោក Bill Gates បានសរសេរសៀវភៅមួយក្បាលដែល មានចំណងជើងថា « Business @ the Speed of Thought» ដោយបានបញ្ជាក់ពីចំណុចសំខាន់ៗដែលនឹងកើតមាននៅពេលអនាគត។ ជាលទ្ធផល អ្វីដែលលោកបានទស្សន៍ទាយនៅពេលនោះ គឺបានកើតឡើងនៅពេលបច្ចុប្បន្ននេះមែន៖
១) អាចមើលតម្លៃទំនិញផ្សេងៗនៅលើពិភពលោកនៅលើគេហទំព័រ
លោក Bill Gates ធ្លាប់បាននិយាយថា នៅពេលខាងមុខ មនុស្សនឹងអាចមានលទ្ធភាពមើល និង តាមដានអំពីតម្លៃទំនិញផ្សេងៗដោយស្វ័យប្រវត្តិនៅលើគេហទំព័រជាច្រើន។ ដូច្នេះពួកគេអាចស្វែងរកទំនិញណាដែលស្ថិតក្នុងតម្លៃដែលចង់បាន។ បច្ចុប្បន្ន គឺមិនខុសពីអ្វីដែលមហាសេដ្ឋីរូបនេះបានទស្សន៍ទាយនោះឡើយ ព្រោះមានទំនិញជាច្រើនត្រូវបានគេដាក់លក់នៅលើគេហទំព័រល្បីៗ ដូចជា Amazon និង Alibaba ជាដើម។
២) ឧបករណ៍ចល័ត
Bill Gates បាននិយាយថា នៅពេលខាងមុខមនុស្សអាចនាំយក និង ប្រើប្រាស់ឧបករណ៍ និង គ្រឿងអេឡិចត្រូនិកផ្សេងៗតាមខ្លួនយ៉ាងងាយស្រួលបំផុត ដើម្បីប្រើប្រាស់ក្នុងការទំនាក់ទំនងការងារ និង ជំនួញ។ បច្ចុប្បន្ននេះ គឺមានទូរស័ព្ទ និង ឧបករណ៍អេឡិចត្រូនិកជាច្រើនទៀតដែលមានរូបរាងតូចៗ និង ងាយដាក់តាមខ្លួនបំផុត។
៣) ទូទាត់ការចំណាយលើវិស័យសុខាភិបាលតាមអនឡាញដែរ
មហាសេដ្ឋីអាមេរិករូបនេះ បានជឿជាក់ថា មនុស្សនឹងមានភាពងាយស្រួលក្នុងការបង់ថ្លៃនិង ប្រើប្រាស់សេវាសុខាភិបាលកាន់តែងាយស្រួលនៅ លើប្រព័ន្ធអ៊ីនធឺណិត។ បច្ចុប្បន្ន ថ្វីត្បិតតែការប្រើប្រាស់សេវាកម្មទូទាត់វិស័យសុខាភិបាលនៅតាមប្រព័ន្ធអ៊ីនធឺណិត មិនទាន់រីកដុះដាល់ខ្លាំងក៏ពិតមែននៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្តែក៏មានគេហទំព័រមួយចំនួនបានផ្តល់សេវាកម្មមួយចំនួនដូចជាZocDoc ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកគ្រូពេទ្យ និង កាលវិភាគច្បាស់លាស់ក្នុងការណាត់ជួប។ លើសពីនេះទៀតក៏អាចទូទាត់សេវាកម្មផ្សេងៗតាម អនឡាញផងដែរ។
៤) ការឃ្លាំមើលផ្ទះតាមអនឡាញ
Bill Gates អះអាងថា នៅពេលអនាគត ម្ចាស់ផ្ទះអាចដឹងអំពីស្ថានភាពផ្ទះរបស់ខ្លួនយ៉ាងងាយស្រួលបំផុត នៅពេលពួកគេមិននៅឆ្ងាយ។ បច្ចុប្បន្ននេះ មានប្រព័ន្ធសុវត្ថិភាពជាច្រើនប្រភេទត្រូវបានគេផលិតឡើង ដោយផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ នៅពេលពួកគេមិននៅផ្ទះនិងជាពិសេសគេថែមទាំងមានប្រព័ន្ធការពារផ្ទះឆ្លាតវៃ (smarthome)។
៥) បណ្ដាញសង្គម៖
លោកធ្លាប់បាននិយាយថា នៅពេលអនាគតនឹងមានគេហទំព័រលក្ខណៈឯកជន ដែលមនុស្សគ្រប់គ្នាអាចនិយាយ ឬ ផ្ញើរសារទៅវិញទៅមកយ៉ាងងាយស្រួលបំផុត។បច្ចុប្បន្ន មានបណ្ដាញសង្គមជាច្រើនត្រូវបានបង្កើតឡើង ដែលកំពុងអូសទាញអ្នកប្រើប្រាស់យ៉ាងខ្លាំង ជាពិសេស Facebook។
៦) ការរើសបុគ្គលតាមអនឡាញ
នៅពេលអនាគត ក្រុមហ៊ុននីមួយៗនឹងមានភាពងាយស្រួល ក្នុងការស្វែងរកបុគ្គលិកតាមប្រព័ន្ធអនឡាញ។ បច្ចុប្បន្ន ដូចដែលបានឃើញហើយថា LinkedInជាបណ្ដាញសង្គមមួយដែល គេប្រើដើម្បីបង្កើតទំនាក់ទំនងរវាង មនុស្សជាច្រើនដែលមានជំនាញ និង អាជីពការងារ ដោយអាចបង្ហាញនូវប្រវត្តិការងារយ៉ាងច្បាស់ផងដែរ។ ប្រការនេះហើយ ធ្វើឲ្យម្ចាស់ក្រុមហ៊ុន និង អ្នកដែលស្វែងរកការងារធ្វើ អាចជួបគ្នាបានដោយងាយ៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ agenda.weforum.org