ហេតុអ្វីសេដ្ឋីមានទ្រព្យ៧០០លានដុល្លារ លោក Tony Hsieh រស់នៅក្នុងផ្ទះសណ្ដោងតម្លៃត្រឹម១០០០ដុល្លារក្នុងមួយខែ?
លោក Tony Hsieh ជាស្ថាបនិករបស់ក្រុមហ៊ុនZappos ហើយបច្ចុប្បន្នជាសេដ្ឋីមួយរូបដែលមានទ្រព្យសម្បត្តិប្រមាណ៧០០លានដុល្លារអាមេរិក។ ប៉ុន្តែអ្វីដែលសំខាន់នោះ រូបលោកមិនរស់នៅក្នុងផ្ទះ ឬ វិមានដ៏ស្កឹមស្កៃអ្វីនោះទេ តែបែរជាសម្រេចចិត្តរស់នៅក្នុងផ្ទះសណ្ដោង ប្រៀបបាននឹងសាមញ្ញជនទៅវិញ។ Tony Hsieh ជាសេដ្ឋីមួយរួបដែលមិនសូវខ្វល់ខ្វាយអំពីសម្ភារៈថ្លៃ ឬ ការរស់នៅក្នុងជីវិតហ៊ឺហាឡូយឆាយនោះទេ ព្រោះផ្ទះសណ្ដោងដែលសេដ្ឋីរួបនេះ រស់នៅនោះ គឺមានតម្លៃត្រឹមតែ១០០០ដុល្លារក្នុងមួយខែប៉ុណ្ណោះ ដែលតម្លៃនេះគឺវាហាក់ដូចជាមិនសមឲ្យលោករស់នៅឡើយ។ ប៉ុន្តែ លោកយល់ឃើញថា ការរស់នៅក្នុងផ្ទះធំ ឬ ថ្លៃគឺមិនមែនជាផ្នែកមួយក្នុងនិយមនៃពាក្យថា ជោគជ័យរបស់ខ្លួនឡើយ។ សម្រាប់លោកផ្ទាល់ ពាក្យថា ជោគជ័យពិតប្រាកដក្នុងជីវិតនោះ គឺនៅពេលដែលលោកនៅតែមានអារម្មណ៍ថា ធម្មតា បើទោះបីជាត្រូវបាត់បង់អ្វីៗសឹងតែទាំងអស់ ហើយរស់នៅក្នុងជីវភាពបែបសាមញ្ញយ៉ាងណាក៏ដោយ។ « ពេលខ្លះ មនុស្សមួយចំនួនបានសួរខ្ញុំពី និយមន័យនៃពាក្យថាជោគជ័យ។ សម្រាប់ខ្ញុំ គឺនៅពេលដែលខ្ញុំនៅតែមានអារម្មណ៍ថាធម្មតា ទោះបីជាបាត់បង់អ្វីៗដែលខ្ញុំមានក៏ដោយ»។ សូមបញ្ជាក់ ពួកអ្នកមានមួយចំនួនទៀត ក៏មានអត្តចរិតបែបនេះដែរ ពោលគឺមិនចូលចិត្តហ៊ឺហានោះឡើយទោះបីជាមានលុយចាយសឹងមិនអស់។ ជាក់ស្ដែង លោកWarren Buffett មហាសេដ្ឋីលំដាប់ទី២នៅលើលោក កំពុងរស់នៅក្នុងផ្ទះចាស់ដែលខ្លួនបានទិញតាំងពីឆ្នាំ១៩៥៨មក។ ដោយឡែក សេដ្ឋីវ័យក្មេងរបស់អាមេរិក លោក Mark Zuckerberg ចូលចិត្តពាក់អាវយឺតធម្មតាៗជារៀងរាល់ថ្ងៃ៕ អត្ថបទល្អៗផ្សេងទៀត៖ សំណួរ ៣សំខាន់ៗសង្កត់ធ្ងន់ទៅលើភាពជាអ្នកដឹកនាំពីលោក John C. Maxwell ចំណុចគោលទាំង៥ ដែលអ្នកត្រូវគិតឲ្យច្បាស់សិន មុនពេលសម្រេចចិត្តរកស៊ី ដើម្បីកុំឲ្យមានវិប្បដិសារីធ្ងន់ធ្ងរថ្ងៃក្រោយ ដោយ៖ រតនា វិចិត្រ