ក្រុមហ៊ុន Qualcomm ​ចង់​បិទ​​​មិន​ឱ្យ Apple ​នាំ​ iPhone ចូល​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក!​



Apple នឹង​ប្ដឹង​ក្រុមហ៊ុន Qualcomm ​ហើយ Qualcomm ​ក៏​ប្ដឹង Apple ​វិញ ពេល​នេះ Qualcomm ​ចង់​ប្ដឹង ដាក់​បម្រាម Apple មិន​ឱ្យ​នាំ​ទូរស័ព្ទ iPhone ​ចូល​សហរដ្ឋ​អាមេរិក​ឡើយ។

ក្រុមហ៊ុន​ទាំងពីរ កំពុង​ប្ដឹងផ្ដល់​គ្នា លើ​ករណី​បង់​ប្រាក់​ប៉ាតង់ ដែល​ Apple ​ជំពាក់​ក្រុមហ៊ុន Qualcomm ​ហើយ​ពេល​នេះ ក្រុមហ៊ុន​ផលិត​ឈីប​នេះ ចង់​ប្ដឹង​ដាក់​បម្រាម​លើ Apple ​មិន​ឱ្យ​នាំ​ទូរស័ព្ទ iPhone ចូល​ទឹកដី​អាមេរិក​បាន​ឡើយ។

ទូរស័ព្ទ iPhone ត្រូវ​បាន​ផ្គុំ​ដំឡើង និង​ផលិត​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន Qualcomm ​ចង់​បញ្ឈប់​ការ​នាំ​ចូល​ iPhone មក​លើ​ទឹកដី​អាមេរិក។ ប្រសិន​ការ​ដាក់​បន្ទុក​នេះ​ជោគជ័យ មាន​ន័យ​ថា Apple នឹង​មិន​អាច​លក់​ទូរស័ព្ទ iPhone នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​បាន​ទេ។ ​ក្រុមហ៊ុន Qualcomm ​កំពុង​ស្នើ​ទៅ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ ឱ្យ​ហាមឃាត់​ក្រុមហ៊ុន Apple ​លើ​ការ​នាំចូល iPhone មក​អាមេរិក​បាន ខណៈ ITC មាន​អំណាច​ក្នុង​ការ​បិទ​ការ​នាំ​ផលិតផល​ចូល​ទីផ្សារ​អាមេរិករបស់ Apple បាន​គ្រប់​ពេល។ ក្រុមហ៊ុន Apple និង Qualcomm ទាំងពីរ ​នេះ បដិសេធ​មិន​បញ្ចេញ​មតិ​អ្វី​លើ​ព័ត៌មាន​ចុងក្រោយ​ឡើយ ប៉ុន្តែ​ប្រសិន Qualcomm ​អាច​គ្រប់គ្រង បម្រាម​នាំ​ចូល​ iPhone មក​ទីផ្សារ​អាមេរិក​មែន​នោះ វា​នឹង​ជា​ដំណឹង​អាក្រក់​សម្រាប់ Apple។ ទោះជា​យ៉ាងណា គេ​រំពឹង​ថា នឹង​មិន​មាន​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​ឡើយ ក្រុមហ៊ុន​ទាំង​ពីរ អាច​នឹង​បង្កើត​កិច្ចព្រមព្រៀង​ណាមួយ មុន​ពេល​កើត​ភាព​ចម្រូងចម្រាស​​ស្រោចស្រង់​លែង​បាន​នោះ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Bloomberg
X
5s