បើដួល៧ដង ត្រូវងើប៨ដង
ដរាបណាអ្នកនៅរស់ ជីវិតរបស់អ្នកនឹងពោរពេញទៅដោយឧបសគ្គជាច្រើនដែលអ្នកត្រូវជម្នះ។ ជាទូទៅ មនុស្សជាច្រើនតែងតែកុហកខ្លួនឯងជារៀងរាល់ថ្ងៃ ពួកគេតែងតែគិតថាអ្វីៗគឺគ្មានបញ្ហានោះទេ។ ពួកគេសើចសប្បាយរីករាយ ញញឹមបើទោះបីជាដឹងថាពួកគេមានរបាំងឧបសគ្គរាប់មិនអស់ដែលត្រូវជម្នះ។
វាពិតជាមិនមែនជារឿងងាយស្រួលនោះទេដែលអ្នកត្រូវប្រឈមមុខនឹងបញ្ហាដដែលៗ ដែលអ្នកទុកចោលហើយព្យាយាមរត់គេចពីវា។ យើងរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការបារម្ភ ការងឿងឆ្ងល់និងការឈឺចាប់។ មនុស្សខ្លះអស់សង្ឃឹមនឹងដើរទៅមុខទៀតហើយ អ្នកខ្លះទៀតនៅឯកាម្នាក់ឯង ឯអ្នកខ្លះទៀតមិនដឹងគោលដៅក្នុងជីវិតចេះតែដើរតែលតោលជារៀងរាល់ថ្ងៃ។ នរណាម្នាក់ក៏មានបញ្ហាក្នុងជីវិតដែរ ហើយអ្នកនឹងហើយអាចជាវីរបុរសផ្ទាល់ខ្លួន។ នៅពេលដែលអ្នកអស់សង្ឃឹម អ្នកពុំចាំបាច់រកអ្នកដទៃមកជួយនោះទេ។ អ្នកគួរតែរៀនលើកទឹកចិត្តខ្លួនឯង រៀនធ្វើជាអ្នកគាំទ្រខ្លួនឯងពីព្រោះថាគ្មាននរណាម្នាក់ចាំតែជួយអ្នករហូតនោះទេ ដូច្នេះហើយ អ្នកត្រូវរៀនពឹងពាក់លើខ្លួនឯងឲ្យបានច្រើន។
អ្នកត្រូវជួយខ្លួនឯងរឿងមួយនោះគឺ«មិនត្រូវបោះបង់ការព្យាយាមឡើយ»។ អ្នកត្រូវតែប្រឆាំងជាមួយស្ត្រេស ភាពភ័យខ្លាច ភាពអវិជ្ជមាននិងអ្វីៗដែលចង់ផ្ដួលអ្នកឲ្យបរាជ័យ។ អ្នកត្រូវតែងើបឈរឡើង។ ងើបឈរឡើងដោយភាពក្លាហាន។ ងើបឈរឡើងនិងធ្វើវាម្តងហើយម្តងទៀត។ កុំចុះចាញ់នឹងជីវិត កុំរស់នៅដោយមានភាពស្ដាយក្រោយឲ្យសោះ៕
ប្រែសម្រួល៖ អុឹង មុយយូ
ប្រភព៖ thoughtcatalog.com