ច្បាប់ទាំង ១០ដើម្បីធ្វើទីផ្សាតាមប្រព័ន្ធបណ្ដាញសង្គម (Social Media Marketing)!
ការធ្វើទីផ្សាតាមប្រព័ន្ធបណ្ដាញសង្គម (Social Media Marketing) គឺជាការប្រើប្រាស់គេហទំព័រ ប្រព័ន្ធបណ្ដាញសង្គម (Social Media Websites) និង បណ្តាញសង្គម (Social Networks) ដើម្បីការធ្វើ ទីផ្សានូវផលិតផល ឬសេវាកម្មរបស់អាជីវកម្មមួយ។ ការធ្វើទីផ្សាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមគឺមធ្យាបាយ ដ៏មានប្រសិទ្ធិភាពក្នុងការទាក់ទាញនូវអតិថិជនថ្មី និង រក្សាទំនាក់ទំនងជាមួយអតិថិជដែលមានស្រាប់។ ខាងក្រោមនេះ គឺជាច្បាប់ទាំង ១០ ដែលអាចជួយអ្នកក្នុងការកសាងនូវមូលដ្ឋានគ្រឹះមួយដែលបម្រើដល់កិច្ចការ អាជីវកម្ម ក៏ដូចជាអតិថិជនរបស់អ្នក៖
១) ច្បាប់នៃការស្តាប់ (The Law of Listening)៖ ភាពជោគជ័យក្នុងការធ្វើទីផ្សាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាមទារឱ្យអ្នកស្តាប់ច្រើន ហើយនិយាយ តិច។ ស្វែងយល់ពីគោលគំនិតអតិថិជនរបស់អ្នកឱ្យច្បាស់លាស់ដើម្បីដឹងថាតើពួកគេចង់បានអ្វី?ចូលចិត្តអ្វី ឬ មិនចូលចិត្តអ្វី? តើអ្វីខ្លះដែលមានសារៈសំខាន់ចំពោះពួកគេ? បន្ទាប់មក បង្កើតនូវខ្លឹមសារនៃការផ្សព្វផ្សាយ និង ធ្វើការសន្ទនាជាមួយនឹងអតិថិជន ដែលការណ៍នេះនឹងបង្កើននូវតម្លៃ និង ភាពទាក់ទាញចំពោះផលិតផល និង សេវាកម្មរបស់អ្នក។
២) ច្បាប់នៃការផ្តោតសំខាន់ (The Law of Focus)៖ ការប្រកបអាជីវកម្មដែលមានកម្មវត្ថុជាក់លាក់មួយគឺប្រសើរជាងអាជីវកម្មពហុវិស័យ (jack-of-all trades)។ យុទ្ធសាស្ត្រក្នុងការធ្វើទីផ្សាតាមប្រព័ន្ធផ្សព្វផ្សាយដែលមានការផ្តោតសំខាន់ទៅលើអ្វីមួយជាក់លាក់ នឹងជំរុញដល់ការកសាងអាជីវកម្មមួយឱ្យមានភាពខ្លាំងក្លាឡើង ដែលការណ៍នេះនឹងបង្កើតឱ្យមានឱកាសនៃ ភាពជោគជ័យខ្ពស់។
៣) ច្បាប់នៃគុណភាព (The Law of Quality)៖ អាជីវកម្មដែលជោគជ័យគឺជាអាជីវកម្មមួយដែលផ្តោតសំខាន់ទៅលើគុណភាពជាជាងបរិមាណ។ ការដែលមានអ្នកចូលមើលគេហទំព័ររបស់អ្នក ១០០០ នាក់ហើយបានអាន ចែករំលែក និងជជែកគ្នាពីការផ្សព្វ ផ្សាយរបស់អ្នកវាប្រសើរជាងកាដែលមានអ្នកចូលមើល ១០ ០០០នាក់ហើយមិនមានសកម្មភាពអ្វីទាំងអស់ ។
៤) ច្បាប់នៃការអត់ធ្មត់ (The Law of Patience)៖ ភាពជោគជ័យនៃការធ្វើទីផ្សាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមិនដែលកើតមានឡើងគ្រប់ពេលវេលានោះទេ។ ជាការពិតណាស់ ភាពជោគជ័យទាំងនោះទាមទារឱ្យមានការប្តេជ្ញា និង ការអត់ធ្មត់ដើម្បីឈានដល់ការ ទទួលបាននូវលទ្ធផលដែលអ្នកបានគិតទុកនោះ។
៥) ច្បាប់នៃការរួមផ្សំ (Law of Compounding)៖ ប្រសិនបើអ្នកសំយោគចូលគ្នានូវ ទី១. ការផ្សព្វផ្សាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និង ប្រកបដោយ គុណភាព និង ទី២. ការខិតខំទាក់ទាញនូវចំណាប់អារម្មណ៍អ្នកតាមដាន (Followers) ប្រកបដោយ គុណភាព នោះពួកគេនឹងចែករំលែក (Share) នូវការផ្សព្វផ្សាយរបស់អ្នកនៅលើបណ្តាញសង្គមនានា ដូចជា ធ្វីតធ័រ (Twitter) ហ្វេសប៊ុក (Facebook) លីងធ៍អ៊ីន (LinkedIn) និង ប្លុក (Blog) របស់ពួកគេ ។ល។ តាមរយៈការចែករំលែកនេះ អ្នកនឹងអាចបង្កើននូវមធ្យោបាយដ៏មានសក្តានុពលរាប់រយរាប់ពាន់ក្នុងការអនុញ្ញាត ឱ្យមនុស្សជាច្រើនអាចរកឃើញនូវផលិតផល ឬសេវាកម្មរបស់អ្នកតាមរយៈប្រព័ន្ធអ៊ីនធ័រនិត (Internet) ឬអនឡាញ (Online)។
៦) ច្បាប់នៃឥទ្ធិពល (The Law of Influence)៖ ការចំណាយពេលក្នុងការស្វែងរកបុគ្គលដែលមានឥទ្ធិពលនៅលើអនឡាញ (Online Influencer) នៅក្នុងទីផ្សារបស់អ្នក ដែលបុគ្គលនោះមានទំនាក់ទំនងជាមួយអ្នកដទៃប្រកបដោយគុណភាព និង ដែលមាន ផលប្រយោជន៍ចំពោះផលិតផល សេវាកម្ម ឬ អាជីវកម្មរបស់អ្នក។ ធ្វើការទាក់ទងជាមួយបុគ្គលទាំងនោះ ហើយ ព្យាយាមកសាងទំនាក់ទំនងដ៏ជិតស្និតជាមួយពួកគេ។ ប្រសិនបើអ្នកទទួលបានការចាប់អារម្មណ៍ពីបុគ្គលទាំង នោះ ពួកគេអាចនឹងចែករំលែកព័ត៌មានអាជីវកម្មរបស់អ្នកទៅដល់អ្នកដែលគេសា្គល់ជាច្រើន ដែលការណ៍នេះ អ្នកនឹងអាចឈានទៅចាប់យកអតិថិជនថ្មីៗបន្ថែមទៀតបាន។
៧) ច្បាប់នៃតម្លៃ (The Law of Value)៖ ប្រសិនបើអ្នកចំណាយពេលជាច្រើនទៅលើគេហទំព័រសង្គមដោយផ្ទាល់ក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់លោកអ្នក នោះអ្នកដទៃនឹងឈប់ស្តាប់។ បន្ថយការយកចិត្តទុកដាក់ទៅលើការសន្ទនា ហើយបង្កើនការផ្សព្វផ្សាយដ៏គួរឱ្យភ្ញាក់ផ្អើល ព្រមទាំងបង្កើនទំនាក់ទំនងជាមួយនឹងបុគ្គលដែលមានឥទ្ធិពល នៅលើអនឡាញ (Online Influencer)។ ពេលនោះ មនុស្សទាំងនោះនឹងក្លាយទៅជាកំលាំងចលកដ៏មាន ឥទ្ធិពលសម្រាប់ការធ្វើទីផ្សាពីមាត់មួយទៅមាត់មួយ (Word-of-Mouth Marketing) សម្រាប់អាជីវកម្ម របស់អ្នក។
៨) ច្បាប់នៃការទទួលស្គាល់ (The Law of Acknowledgment)៖ អ្នកនឹងមិនព្រងើយកន្តើយជាមួយបុគ្គលដែលមានទំនាក់ទំនាក់ជាមួយអ្នកដោយផ្ទាល់នោះទេ ហើយ អ្នកក៏មិនត្រូវព្រងើយកន្តើយជាមួយបុគ្គលទាំងនោះនៅលើអនឡាញ (Online) នោះដែរ។ ការកសាងនូវទំនាក់ ទំនងគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃភាពជោគជ័យចំពោះការធ្វើទីផ្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះ ហើយអ្នកត្រូវតែរក្សាទំនាក់ទំនងជាមួយបុគ្គលដែលអ្នកស្គាល់។
៩) ច្បាប់នៃការឈានទៅដល់ (The Law of Accessibility)៖ កុំធ្វើការផ្សព្វផ្សាយហើយបន្ទាប់មកបញ្ឈប់វាទៅវិញ។ ការផ្សព្វផ្សាយទាំងឡាយត្រូវតែទៅឱ្យដល់អតិថិ ជនរបស់អ្នក។ នេះមានន័យថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយ អ្នកត្រូវតែចូលរួមក្នុងការសន្ទនា។ អតិថិជនអាច មានអារម្មណ៍មិនសប្បាយចិត្តចំពោះទង្វើនេះ ហើយពួកគេអាចនឹងលែងចាប់អារម្មណ៍ចំពោះអាជីវកម្មរបស់អ្នក ប្រសិនបើអ្នកមិនបានធ្វើការផ្សព្វផ្សាយអស់ជាច្រើនសប្តាហ៍ ឬជាច្រើនខែ។
១០) ច្បាប់នៃការជួយគ្នាទៅវិញទៅមក (The Law of Reciprocity)៖ អ្នកមិនអាចរំពឹងទុកថាអ្នកដទៃនឹងចែករំលែក (Share) ការផ្សព្វផ្សាយរបស់អ្នក និង និយាយពី អាជីវកម្មរបស់អ្នកនោះឡើយ ប្រសិនបើអ្នកមិនធ្វើដូច្នេះចំពោះពួកគេនោះ។ ដូច្នេះហើយ ចំណែកនៃពេលវេលា ដែលអ្នកចំណាយ ទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវតែយកចិត្តទុកដាក់ទៅលើការចែករំលែក និង ការជជែក ពីការផ្សព្វផ្សាយរបស់អ្នកដទៃផងដែរ៕