ស្មាតហ្វូនថ្មីរបស់ Samsung Galaxy A9 បង្ហាញខ្លួនផ្លូវការលើទឹកដីចិនហើយ មានអេក្រង់ ៦អ៊ីញ ថាមពលថ្ម 4000mAh
ផេប្លេតថ្មីជ្រកក្រោមត្រកូល Galaxy A នោះគឺ Galaxy A9 ពេលនេះត្រូវបានប្រកាសចេញផ្លូវការហើយ។ ផេប្លេត Galaxy A ជំនាន់ថ្មីនេះមានអេក្រង់ធំទូលាយទំហំ ៦អ៊ីញប្រភេទ FullHD AMOLED ហើយពិសេសនោះ គឺគែមអេក្រង់រឹតតែស្ដើងផ្ដល់សោភ័ណភាពជាង Galaxy ស៊េរីមុនៗទៅទៀត។
ផ្ទៃសល់ផ្នែកគែមអេក្រង់គឺស្ដើងជាងមុន ពោលគឺមានតែ ២,៧៤មិល្លីម៉ែត្រប៉ុណ្ណោះ។ Galaxy A9ត្រូវបានបំពាក់អង្គប្រតិបត្តិ Snapdragon 652 មាន RAM 3GB, អង្គចងចាំទំហំ 32GB។ រីឯកាមេរ៉ារបស់វាមានទំហំ 13MP ជាមួយ f/1.9 aperture និងមុខងារ Optical Image Stabilization (OIS) ខណៈ កាមេរ៉ាមុខទំហំដល់ទៅ 8MP អមដោយ Lens ភ្លឺច្បាស់។
Galaxy A9 មានកម្រិតថាមពលថ្ម 4000mAh ហើយគាំទ្រការសាកថ្មបានរហ័ស QuickCharge។ ផេបេ្លតថ្មីនេះ មានប្រើមុខងារស្កេនក្រយៅដៃ fingerprint sensor បង្កប់នៅលើប៊ូតុង Home ដែលគាំទ្រសេវាកម្មបង់ប្រាក់តាមទូរស័ព្ទ Samsung Pay ផងដែរ។ Galaxy A9 មានតំណភ្ជាប់ដូចជា Wi-Fi a/b/g/n (តែគ្មាន ac), Bluetooth v4.1, GPS/Beidou, NFC។ វាដំណើរការដោយ Android 5.1 Lollipop៕