ស្ថាបនិក Amazon លោក​​​ Jeff Bezos៖​ ​«​បើ​អ្នក​មិន​យល់​ច្បាស់​អំពី​ជំនួញ​​របស់​ខ្លួន​ទេ​ ​​​នោះ​អ្នក​នឹង​បរាជ័យ​»​



«​បើ​អ្នក​មិន​យល់​ច្បាស់​អំពី​ជំនួញ​​របស់​ខ្លួន​ទេ​ ​​​នោះ​អ្នក​នឹង​បរាជ័យ​» ​។ ​នេះ​​ជា​សម្ដី​របស់​លោក​ Jeff Bezos​ ​ដែល​ជា​​មហាសេដ្ឋី​ និង ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​Amazon​។ ក្នុង​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា ​​ការ​ស្គាល់​ច្បាស់​ និង យល់​ច្បាស់​អំពី​ជំនួញ​របស់​ខ្លួន​ឯង គឺ​ជា​ប្រភព​ដែល​នាំ​ទៅ​រក​ភាព​ជោគជ័យ​។

មាន​មនុស្ស​ជា​ច្រើន​ ​បាន​បើក​ជំនួញ ​​ហើយ​អ្នក​ខ្លះ​បើក​ជំនួញ​ដោយសារតែ​ខ្លួន​ស្រលាញ់​ ​​តែ​អ្នក​ខ្លះ​វិញ​​គឺ​ដោយសារតែ​ឃើញ​អ្នក​ដទៃ​​ធ្វើ​ទៅ​ជោគជ័យ​។ ​​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ដែល​បើក​ជំនួញ​ គឺ​មាន​៧​ទៅ​៨​នាក់​ទៅ​ហើយ ដែល​បរាជ័យ​។ ​ការ​បរាជ័យ​នេះ គឺ ដោយសារតែ​​​វា​មិន​មែន​ជា​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដ​ ពោល​គឺ​​​គ្រាន់​តែ​ឃើញ​គេ​ជោគជ័យ​ ក៏​ចង់​ធ្វើ​តាម​គេ​ដែរ​ ដោយ​ភ្លេច​​គិត​ថា ​ខ្លួន​​​ជា​នរណា​ ​​ហើយ​ស្រលាញ់​ឬ ពេញ​ចិត្ត​ប្រភេទ​អាជីវកម្ម​នោះ​ឬ ​អត់ ​ហើយ​​​​មិន​បាន​គិត​ថា ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ ឬ​សេវាកម្ម​​ល្អ​ ឬ​ប្លែក​ជាង​អ្នកដទៃ​​។ ​

​ការ​យល់​ច្បាស់​អំពី​ជំនួញ​របស់​ខ្លួន គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​ថា​ ​​បើ​អ្នក​បាន​ចំណាយ​ពេល​ដើម្បី​សិក្សា​ពី​វា​ឲ្យ​បាន​ច្បាស់​មុន​ពេល​បើក​​នោះ ​វា​នឹង​ជួយ​ឲ្យ​​អ្នក​មាន​តម្រុយ​ច្រើន​ ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ ហើយ​បើ​ទោះ​បី​ជា​ជួប​បញ្ហា​លំបាក​ប៉ុណ្ណា​ក៏​ នៅ​តែ​អាច​​បន្ត​ដំណើរ​ទៅ​មុខ​បាន​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​មិន​យល់​​ និង​ ស្គាល់​ច្បាស់​អំពី​ការ​ធ្វើ​ជំនួញ​នោះ ​គឺ​ពិត​ជា​ងាយ​ក្នុង​ការ​បរាជ័យ​ខ្លាំង​ណាស់​ ព្រោះ​​វា​ប្រៀប​បាន​នឹង​ដើរ​ចូល​ក្នុង​ព្រៃ​ដ៏​ជ្រៅ​​ដោយ​មិន​ដឹង​ទិស​ដៅ​​នៅ​ឯណា​។

ដូច្នេះ​ហើយ ​​បើ​អ្នក​ចង់​ធ្វើ​ជំនួញ​មែន ត្រូវ​តែ​​ចំណាយ​ពេល​សិក្សា​ពី​វា​ ទោះ​បី​ជា​ចំណាយ​ពេលយូរ​​បន្តិច​ក្ដី។ ​​ដើរ​យឺត​បន្តិច​ក៏​មិន​អី​ដែរ​ វា​ប្រសើរ​ជាង​ដើរ​ទៅ​ហើយ​ដួល​ ដែល​នាំ​​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​​​៕

អត្ថបទល្អៗផ្សេងទៀត៖ ​សុភាសិត​អ៊ីស្រាអែល​៖​​«​បើ​អ្នក​មិន​ទាន់​ឃើញ​នឹង​ភ្នែក​ សូម​កុំ​ទាន់​​និយាយ​»ប្រធានាធិបតី​អាមេរិក​​​លោក​Theodore Roosevelt​៖ «​បើ​ជឿ​ថា​អ្នក​អាច​ធ្វើ​បាន​​​ ​​មាន​ន័យ​ថា ​អ្នក​​ជោគជ័យ​​បាន​ពាក់​កណ្ដាល​ហើយ​»

ដោយ​៖ រតនា​ ​វិចិត្រ

X
5s