សញ្ញាបញ្ជាក់ថា អ្នកកំពុងធ្វើការឲ្យថៅកែទន់ខ្សោយម្នាក់ហើយ
ថៅកែដ៏ខ្លាំងម្នាក់ នឹងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនទាំងអស់ដើម្បីដឹកនាំក្រុម តែបើថៅកែអ្នក ទន់ខ្សោយ គេនឹងគ្មាន ភាពខ្លាំងឯណាដើម្បីដឹកនាំក្រុមនោះទេ។ នេះជាសញ្ញា បង្ហាញថា រាល់ថ្ងៃអ្នកធ្វើការបម្រើថៅកែម្នាក់ដែលទន់ខ្សោយ៖
១) ថៅកែដែលមិនដែលឲ្យបុគ្គលិកជួយ៖ ថៅកែម្នាក់ដែលទន់ខ្សោយ គឺមិនដែលសុំជំនួយពីនរណាម្នាក់ឡើយ។ មូលហេតុដែលមិនដែលសុំជំនួយ គឺដោយសារមិនចង់ទទួលគំនិតពីអ្នកដទៃ មិនចង់ពឹង ពាក់អ្នកដទៃ មិនចង់ឲ្យអ្នកដទៃ មកអាណិតខ្លួន។ បើអ្នកហ៊ានតែចង់ជួយ អ្នកអាចនឹងត្រូវមាត់ទៀតក៏ថាបាន។
២) ចូលចិត្តស្ដីបន្ទោសបុគ្គលិក៖ ពេលដែលមានបញ្ហាអ្វីមួយកើតឡើង ថៅកែដែលទន់ខ្សោយគឺតែងតែរកមនុស្សមកស្ដី មកថាឲ្យដើម្បីបំបាត់កំហឹង។ ទោះបីកំហុសនោះមិនមែនជារបស់បុគ្គលណាក្ដី តែឲ្យតែបានស្ដីឬជេរនរណាម្នាក់ ថៅកែម្នាក់នោះគឺធ្វើបានទាំងអស់។ សាកក្រឡេកទៅថៅកែឬអ្នកគ្រប់គ្រងដែលពោរពេញដោយភាពខ្លាំងនិងមានសមត្ថភាពវិញ ពេលមានបញ្ហា ពួកគេនឹងមិនជេរស្ដីកូនចៅឬទម្លាក់កំហុសលើនរណាឡើយ។ ថៅកែល្អ គឺទទួលនិងរ៉ាប់រងភាពមិនប្រក្រតីទាំងអស់ នៅក្នុងក្រុមហ៊ុន មិនមែនដើរចោទនិងស្ដីថាដល់បុគ្គលិកឡើយ។
៣) តែងតែនិយាយថា «ខ្ញុំមិនដឹងទេ» ៖ ជឿថាអ្នកប្រាកដជាធ្លាប់ជួប អ្នកគ្រប់គ្រងណាដែលធ្លាប់និយាយពាក្យនេះមករកអ្នក។ នេះជាសញ្ញាថាពួកគេអសមត្ថភាពក្នុងការដឹកនាំ ដោយសារតែអ្នកដឹកនាំគឺមិនដែលឆ្លើយពាក្យនេះចេញមករួចទេ ទោះបីគេមិនដឹងក្ដី ក៏ពួកគេនិយាយអ្វីផ្សេងដែលពិរោះស្ដាប់ ជាងពាក្យនេះដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack