គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែ តភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ​



រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមលោក Truong Quang Nghia និង លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី២៥ខែមេសាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការសាងសង់នៃផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញកាត់តាមច្រកអន្តរជាតិក្រុងម៉ុកបៃទៅកាន់ទីក្រុងភ្នំពេញកាត់តាមច្រកអន្តរជាតិក្រុងបាវិត។ អនុស្សរណៈនេះគឺជាផ្នែកមួយនៃឯកសារសំខាន់ចំនួនបួនដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការដោយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមេសា។ ចម្ងាយ ៦៥គីឡូម៉ែត្រពីក្រុងហូជីមិញទៅកាន់ច្រក អន្តរជាតិក្រុងម៉ុកបៃនឹងត្រូវសាងសង់ឡើងដោយភាគីវៀតណាម ខណៈពេលដែលប្រទេសកម្ពុជានឹងសាងសង់ផ្លូវចំងាយ ១៣០គីឡូម៉ែត្រភ្នំពេញទៅក្រុងបាវិតដែលត្រូវបានផ្តល់ជំនួយថវិកាដោយប្រទេសជប៉ុន។ រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានយល់ព្រមរួមគ្នាវិនិយោគនៅក្នុងការភ្ជាប់ផ្លូវល្បឿនជាមួយទីក្រុងហូជីមិញ និងរាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផ្លូវគោករវាងប្រទេសទាំងពីរ។ ផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ច ហើយជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិនិងជាពិសេសតំបន់សហគមន៍អាស៊ាន។ សូមបញ្ជាក់ផងដែរថាប្រទេសទាំងពីរបានយល់ព្រមលើសំណើភាពជាដៃគូក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនរវាងប្រទេសទាំងពីរ។ ក្នុងពេលថ្មីៗនេះប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសហការគ្នាលើការសាងសង់ស្ពានតភា្ជប់ប្រទេសទាំងពីរ ដែលស្ពានទាំងពីរនោះមានឈ្មោះថាស្ពានជ្រៃធំ និងស្ពានឡុងប៊ិញ៕ ផ្ដល់​សិទ្ធិ៖ realestate.com.kh
X
5s