កម្មវិធី Facebook នៅលើ iPhone ឥឡូវអាចឱ្យអ្នកអាប់ឡូដរូបមានចលនា Live Photo បាន
Apple បានបន្ថែមមុខងារ Live Photos តាំងពីចេញទូរស័ព្ទ iPhoe 6S និង iPhone 6S Plus ចុងឆ្នាំ២០១៥ នេះ ហើយពេលនេះ បណ្ដាញសង្គម Facebook ក៏នឹងផ្ដល់ការគាំទ្រប្រើមុខងារនេះនៅលើកម្មវិធី iOS app ផងដែរ។
យោងតាមរបាយការណ៍ពីគេហទំព័រ TechCrunch ឱ្យដឹងថា កម្មវិធី Facebook សម្រាប់ iOS ចាប់ផ្ដើមគាំទ្រមុខងារ Live Photos នេះសម្រាប់បណ្ដាអ្នកប្រើ Facebook app មួយចំនួនហើយ។ Live Photos អាចត្រូវបានអាប់ឡូដ (upload) តាមកម្មវិធី Facebook តាមធម្មតាដូចរូបទូទៅ ប៉ុន្តែមានជំហានបន្ថែម។ នៅពេលអ្នកបង្ហោះ (upload) រូបថត ប្រអប់ Live box បង្ហាញឡើង ហើយអ្នកត្រូវចុច (tab) ដើម្បី upload រូបថតមានចលនា Live Photos។
មុខងារនេះ នឹងគាំទ្រសម្រាប់តែកម្មវិធី Facebook លើ iOS ហើយជាទូរស័ព្ទស៊េរីក្រោយបង្អស់របស់ Apple គឺ iPhone 6S និង 6S Plus។ គេមិនទាន់ដឹងថា តើពេលណា Facebook នឹងបញ្ចេញមុខងារនេះឱ្យគ្រប់អ្នកប្រើបណ្ដាញសង្គមរបស់ខ្លួនប្រើបានទាំងអស់នៅឡើយ៕