លក្ខណៈ​ពិសេស​៥​យ៉ាង​ ​​របស់​មនុស្ស​​ពូកែ​អៀនប្រៀន​ច្រើន​​



មនុស្ស​ដែល​ពូកែ​អៀន​ច្រើន​ ឬ មិន​ពូកែ​និយាយ​នោះ​​​ ភាគច្រើន​ជា​មនុស្ស​ដែល​មាន​អត្តចរិត​​ស្ងប់ស្ងាត់​ ​និង មិន​ចូលចិត្ត​ភាព​អ៊ូអរ​ខ្លាំង​​​នោះ​​ទេ អ៊ីចឹង​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួកគេ​មិន​សូវ​មាន​ទំនាក់ទំនង​ច្រើន​នៅ​ក្នុង​សង្គម​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​​​មនុស្ស​​ជំពូក​នេះ ក៏​មាន​ចំណុច​ពិសេស​ជាច្រើន​​ផង​ដែរ​ ​​​ហើយ​​អាច​ធ្វើ​ឲ្យ​ពួកគេ​ជោគជ័យ​ជាង​មនុស្ស​ទូទៅ​ផង​ក៏​ថា​បាន​។ ខាង​ក្រោម​នេះ ជា​ចំណុច​ពិសេស​ៗ​ដែល​អ្នក​គួរ​ដឹង​៖

១) ​ពូកែ​គិត​​ត្រិះរិះ​៖ ​ជំនួស​​ឲ្យ​ការ​និយាយ​ច្រើន ​ពួកគេ​​​តែងតែ​គិត​​លើ​រឿងរ៉ាវ​​ផ្សេងៗ​​យ៉ាង​​ល្អិតល្អន់​​បំផុត​។ ​ការ​គិត​នេះ គឺ​ពិត​ជា​សំខាន់​ណាស់​ ជា​ពិសេស​នៅ​ពេល​ធ្វើ​កិច្ចការ​ណា​ដែល​លំបាក​ៗ​ ​​​ហើយ​​ទាមទារ​ឲ្យ​មាន​ការ​ត្រិះរិះ​ពិចារណា​ច្រើន​។ ​នេះ​ក៏​ជា​លក្ខណៈ​ពិសេស​មួយ​របស់​​ជំពូក​មនុស្ស​ពូកែ​អៀន​ច្រើន​ផង​ដែរ​។

​២) ពូកែ​ស្ដាប់​ ​និង សង្កេត​៖ ​​ថ្វីត្បិត​តែ​មិន​សូវ​ពូកែ​ទំនាក់ទំនង ​និង និយាយ​ក្ដី​ ប៉ុន្តែ​ពួកគេ​ពិត​ជា​​មាន​ជំនាញ​ក្នុង​ការ​ស្ដាប់​ និង សង្កេត ដែល​ចំណុច​ទាំង​នេះ​គឺ​ពិត​ជា​សំខាន់​​​​ ​មិន​ថា​ធ្វើ​កិច្ចការ​អ្វី​​នោះ​ទេ​។ ​នៅ​ពេល​ពួកគេ​​ប្រើការ​ស្ដាប់​ និង សង្កេត​ច្រើន​នោះ​​ ​នាំ​ឲ្យ​ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​ទៅ​ប្រកប​ទៅ​ដោយ​ អត្ថន័យ​ និង មាន​អំណះអំណាង​ច្បាស់លាស់​ ​ជាង​​មនុស្ស​ដែល​ចូលចិត្ត​​និយាយ​ច្រើន​ជាង​ស្ដាប់​។

៣) ​​​មាន​ឱកាស​ច្រើន​ក្នុង​ការ​​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​៖ ​​ដើម្បី​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ ឬ ស្គាល់​ថា ខ្លួន​ជា​នរណា​​ឲ្យ​ប្រាកដ​​នោះ ​វា​ត្រូវ​ការ​​ទាមទារ​ពេលវេលា​ ក្នុង​ការ​​ចំណាយ​ពេល​​​នៅ​ម្នាក់​ឯង។ សម្រាប់​មនុស្ស​ពូកែ​អៀន​ ឬ មិន​ពូកែ​សម្ដី​នោះ​​ ភាគច្រើន​ពួកគេ​ចូលចិត្ត​ចំណាយ​ពេល​​នៅ​តែ​ម្នាក់​ឯង​ ដូច្នេះ​ហើយ​អ្នក​ទាំង​នេះ អាច​នឹង​មាន​ឱកាស​ច្រើន​ដើម្បី​ដឹង​ច្បាស់​ថា ខ្លួន​ជា​នរណា​ឲ្យ​ប្រាកដ​។ បើ​ស្គាល់​ច្បាស់​ថា ខ្លួន​ជា​នរណា​​ហើយ ​នោះ​ភាព​ជោគជ័យ​ក្នុង​ជីវិត​នឹង​កើត​មាន​ ឬ ​ពួកគេ​អាច​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​ចំពោះ​ ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​។

៤) ​​​​ផ្ដល់​តម្លៃ​លើ​ពាក្យ​សម្ដី​របស់​ខ្លួន​៖ ​ដូច​ដែល​បាន​ដឹង​ហើយ​ថា មនុស្ស​មិន​ពូកែ​សម្ដី​នេះ ​គឺ​ពិត​ជា​​យក​ចិត្ត​ទុកដាក់​ណាស់​ ចំពោះ​ពាក្យ​សម្ដី​ដែល​ខ្លួន​និយាយ​។ ​មាន​ន័យ​ថា ​មិន​មែន​ចេះ​តែ​និយាយ​​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ឡើយ​ ពោល​គឺ​បើ​និយាយ​ថា យ៉ាង​ម៉េច​ ប្រាកដ​ជា​ធ្វើ​បែប​នោះ​មិន​ខាន​។ ​​ការ​ផ្ដល់​​តម្លៃ​លើ​ពាក្យ​សម្ដី​នេះ​ហើយ​ ​ដែល​នាំ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ជឿជាក់​លើ​ពួកគេ ​ហើយ​ការ​ជឿជាក់​នេះ​​គឺ​​ពិត​ជា​សំខាន់​ណាស់​ ​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​ក្នុង​សង្គម​​។ ​​​​​​​​​​​​​​​​​​

៥) មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធ្វើ​អ្វី​មួយ៖ ​សម្រាប់​មនុស្ស​ប្រភេទ​នេះ គឺ​​ភាគច្រើន​ ​កើត​មក​ដើម្បី​ធ្វើ​ជា​ជាង​ដើម្បី​តែ​និយាយ​ ​មាន​ន័យ​ថា ​​ពូក​គេ​និយាយ​តិច​ តែ​ធ្វើ​ច្រើន។ នៅ​ពេល​​ដែល​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​នេះ វា​នាំ​ឲ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​វា​បាន​យ៉ាង​ល្អ​​​​។ ​ជា​ទូទៅ​ បើ​កាល​ណា​មនុស្ស​ប្រភេទ​នេះ​ដាក់​ចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​ណា​មួយ​ហើយ ពួក​គេ​មិន​ងាយ​បោះបង់​នោះ​ឡើយ​ រហូត​ទាល់​តែ​ចេញ​ជា​រូបរាង​ ដែល​នេះ​គឺ​ជា​ចំណុច​ពិសេស​មួយ​៕

អត្ថបទល្អៗផ្សេងទៀត៖ តិកនិក​សម្គាល់​បុគ្គលិកលក្ខណៈ​នរណា​ម្នាក់​ តាមរយៈ​ចំណង់ចំណូលចិត្ត​លើ​​​ពណ៌ អ្នក​ដែល​កើត​ក្នុង​«ខែ​មេសា​ » មាន​បុគ្គលិក​លក្ខណៈ​ពិសេស​​បែប​នេះ! ជឿ​ឬមិន​ជឿ ​សាក​អាន​សិន! ហេតុអ្វីអ្នកចាំបាច់ត្រូវស្គាល់ច្បាស់ពី​​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ឯង ?

​ដោយ​៖ រតនា ​វិចិត្រ

X
5s