​កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៧ ​បន្ថែម​ពាន​រង្វាន់​មួយ​ទៀត!​



​កម្មវិធី​ «ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​​ឆ្នាំ​២០១៧» ​ដែល​សហការ​​រៀប​ចំ​ឡើង​ដោយ​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​​សាខា​មេគង្គ​​និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) ​នឹង​បន្ថែម​ពាន​រង្វាន់​មួយ​ទៀត​នៅ​ឆ្នាំ​ថ្មី​នេះ។ នោះ​គឺ​ពាន​រង្វាន់​ គំនិត​ផ្ដួចផ្ដើម​អាជីវកម្ម​ថ្មី (start-up award)។ ​​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ BizKhmer ​ទទួល​បាន​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ពាន​រង្វាន់​ថ្មី​នេះ​ គឺ​​មិន​ទាមទារ​ឱ្យ​មាន​ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​ចាប់​ពី​ ២​ឆ្នាំ​ឡើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ដូច​ជា​ពាន​រង្វាន់​ ៤​ផ្សេង​ទៀត​នោះ​​ទេ។ ប៉ុន្តែ​ វា​នឹង​ផ្ដល់​ជូន​ដល់​សហគ្រិន​ចាប់​ផ្ដើម​ចេញ​នូវ​គំនិត​ថ្មី​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ធ្វើ​យ៉ាង​ណា​​ត្រូវ​ច្បាស់​ថា​ ពួក​គេ​អាច​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ​ដើម្បី​អភិវឌ្ឍន៍​មុខ​ជំនួញ​ឱ្យ​រីក​ចម្រើន​ក្នុង​រយៈ​ពេល​ខ្លី​ ​ព្រម​ទាំង​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗជូន​អតិថិជន​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់។ ​​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​នេះ​ ធ្វើ​ឡើង​​ដើម្បី​ទទួល​ស្គាល់​ និង​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ឱ្យ​មាន​ឱកាស​ចូលរួម​បង្ហាញ​សមត្ថភាព​ចែក​រំលែក​នូវ​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់​ជាតិ។ ​បន្ថែម​ពី​លើ​នេះ​ ការ​ប្រកួត​ប្រជែង​នេះ​ ក៏​លើក​កម្ពស់​ឱ្យ​សហគ្រិន​កម្ពុជា​ត្រៀម​ខ្លួន​ក្នុង​ការ​ដណ្ដើម​ ​យក​ពាន​រង្វាន់​ផ្សេង​ទៀត​ពី​លើ​ឆាក​អន្តរជាតិ​ដែរ។ ​សហគ្រិន​នឹង​ទទួល​បាន​ឧត្តមភាព​នៅ​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​អាជីវកម្ម​ ឬ​អ្នក​វិនិយោគ​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​ជា​ផ្នែក​មួយ​ចូលរួម​​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផង​ដែរ។ បើ​ចាប់​អារម្មណ៍​ចង់​ចូលរួម​ប្រកួត​ប្រជែង​​ ​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖ +អាយុ​ចាប់​ពី​ ១៨​ ដល់​ ៤៥​ឆ្នាំ​ +អាជីវកម្ម​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ប្រទេស​កម្ពុជា​ និង​មាន​ភាគ​ហ៊ុន​យ៉ាង​តិច​ ៥១​ភាគ​រយ​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ​ +អាជីវកម្ម​ត្រុវ​ចុះ​បញ្ជី​ការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ និង​ដំណើរការ​យ៉ាង​តិច​ ២​ឆ្នាំ​ +​អាជីវកម្ម​ត្រូវ​មាន​បុគ្គលិក​អចិន្ត្រៃយ៍​យ៉ាង​តិច​ ៥​នាក់​ +សហគ្រិន/អាជីវកម្ម​មិន​ត្រូវ​បាន​ពាក់ព័ន្ធ​ជា​មួយ​គណៈកម្មការ​ជ្រើស​រើស​ និង​ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​ +មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ +ស្ត្រី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូលរួម​ក្នុង​ការ​ដាក់ពាក្យ នេះ​ជា​លើក​ទិ​៣​ហើយ​ នៃ​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ហើយ​ឆ្នាំ​នេះ​ គឺ​រឹត​ពិសេស​ជាង​ឆ្នាំ​មុន​ ពោល​គឺ​កម្មវិធី​ត្រូវ​បាន​ផ្សព្វផ្សាយ​​ទៅ​កាន់​ខេត្ត​ក្រុង​ចំនួន​ ៥​​ផ្សេង​ទៀត​ក្រៅ​ពី​រាជធានី​ភ្នំពេញ​ គឺ​មាន​ សៀមរាប​ បាត់​ដំបង ​កំពង់ចាម​​ ព្រះសីហនុ ​និង​កណ្ដាល។ បើ​លោក​អ្នក​ចាប់​អារម្មណ៍​ ចង់​ចូលរួម​ប្រកួត​ប្រជែង សូម​បំពេញ​​​ពាក្យ​តាម​រយៈ​ http://cyeaward.com/ ​ឬ​​ទាក់ទង​​ 0១៥ ៩០២ ៦២២។ ​ការ​ទទួល​ពាក្យ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៩ មេសា​ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា៕​ [caption id="attachment_38322" align="aligncenter" width="670"] នេះ​ជា​ម្ចាសពាន​ទាំង​ ៤​រូប​កាល​ពី​ឆ្នាំ​២០១៦[/caption] ​​​
X
5s