តោះ​មក​ធ្វើតេស្ត​ទម្លាក់ Galaxy S8 និង S8 Plus ​ទៅ​មើល៍ ​តើ​ធន់​កម្រិត​ណា (Video)​



ស្មាតហ្វូន Galaxy S8 ​និង S8 Plus បាន​បង្ហាញ​ខ្លួន​ជាមួយ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ខុស​ប្លែក​ពី​ស្មាតហ្វូន​ច្បង​មុនៗ ហើយ​ទាំង​ពីរ​ម៉ូដែល​នេះ គឺ​ត្រូវ​បាន​ក្រាល​ដោយ​សារធាតុ​កញ្ចក់​នៅ​ខ្នង​ទូរស័ព្ទ ដែល​មើល​ទៅ​គឺ​ពិត​ជា​ទាន់សម័យ។ តែ​ទន្ទឹម​នោះ ការ​ប្រើ​តួ​កញ្ចក់ ក៏​មាន​ផលវិបាក​របស់​វា​ដែរ គឺ​ងាយ​នឹង​ប្រេះ មិន​ដូច​ជា​ការ​ប្រើ​អាលុយមីញ៉ូម ឬ​សំបក​ជ័រ​នោះ​ទេ។ វីដេអូ​ខាង​ក្រោម​នេះ គឺ​បង្ហាញ​អំពី​ការ​ធ្វើតេស្ត​ទម្លាក់ Galaxy S8 និង S8 Plus ​សូម​ទស្សនា​ទាំង​អស់​គ្នា​ថា ទាំង​ពីរ​ម៉ូដែល​អាច​ធន់​នឹង​សម្ពាធ​កម្រិត​ណា? https://youtu.be/AkoZM83X_i4 នេះ​ជា​វីដេអូ​ធ្វើតេស្ត​ទម្លាក់ Galaxy S8 ទាំង​ពីរ​ម៉ូដែល​របស់ Samsung ដែល​ផលិត​ដោយ​គេហទំព័រ Square Trade។ គេ​បាន​ធ្វើតេស្ត​ទម្លាក់ Galaxy S8 ផ្នែក​មុខ នៅ​រយៈ​កម្ពស់ ១,៨ម៉ែត្រ (៦ហ្វីត) ជា​លទ្ធផល​ឃើញ​ថា Galaxy S8 បាន​ទទួល​រង​ស្នាម​ទ្រុឌ ស្រាំ ឆ្កូត នៅ​ផ្នែក​អេក្រង់​មុខ។ ធ្វើតេស្ត​នៅ​រយៈ​កម្ពស់​ដូច​គ្នា​ទៅ​លើ Galaxy S8+ ឃើញ​ថា មាន​សភាព​ធ្ងន់ធ្ងរ​ជាង Galaxy S8 ទៅ​ទៀត ដោយ​ឃើញ​មាន​ស្នាម​ប្រេះស្រាំ​ជាច្រើន​កន្លែង​ផ្នែក​មុខ​ទូរស័ព្ទ។

ក្រោយមក​ ជា​ការ​ធ្វើតេស្ត​ទម្លាក់​ផ្នែក​ក្រោយ​ទូរស័ព្ទ​វិញ​ម្ដង។ រយៈ​កម្ពស់ ១,៨ម៉ែត្រ​ដដែល ឃើញ​ថា S8 ​មាន​ស្នាម​ប្រេះ​ធំ ជាង​អេក្រង់​មុខ​ទៅ​ទៀត។ នេះ​ដោយសារ​តួ​របស់​វា​ត្រូវ​បាន​ក្រាល​ដោយ​កញ្ចក់។ ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង Galaxy S8+ ក៏​រង​សម្ពាធ មាន​ស្នាម​ប្រេះ​ស្រាំ​ធំៗ ច្រើន​កន្លែង​ផង​ដែរ។ ​ គេ​ថែមទាំង​បាន​ធ្វើតេស្ត​ដោយ​យក S8 ទាំង​ពីរ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន ឬ​ធុង ក្រឡុក លទ្ធផល​ក៏​មិន​សូវ​ជា​ខុស​គ្នា​ដែរ គឺ​សុទ្ធតែ​មាន​ស្នាម​ប្រេះ។ ជា​លទ្ធផល​រួម គេហទំព័រ Square Trade បាន​ដាក់​ពិន្ទុ​លើ​ការ​ទម្លាក់ Galaxy S8 មាន ៧៦ ដែល​ស្ថិត​ក្នុង​អត្រា​ខូចខាត​បង់គួរ។ ចំណែក Galaxy S8+ មាន​ពិន្ទុ ៧៧ ស្ថិត​ក្នុង​លំដាប់ Medium-High Risk ប្រហែល​គ្នា៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Square Trade / YouTube
X
5s