គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»​



លោក​ រ៉ូប៊ឺត គីយ៉ូសាគី (ROBERT KIYOSAKI) ​គឺ​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​មនុស្ស​​​ជាច្រើន​លើ​ពិភពលោក​បាន​ទទួល​ស្គាល់​ស្នាដៃ​សៀវភៅ​របស់​​លោក ​​ជា​ពិសេស​នោះ​​សៀវភៅ​ដែល​​មាន​ឈ្មោះ​ថា «Rich Dad Poor Dad» ​ឬ មាន​ន័យ​ថា«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»។ ខាង​ក្រោម​នេះ​គឺ​ជា​​គន្លឹះ​ទាំង​១០​យ៉ាង​ ដើម្បី​​​រស់​នៅ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​៖​​

១) ​​​ត្រូវ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​៖ ​​ទោះបី​ជា​ចំណូល​របស់​អ្នក​ច្រើន​​ប៉ុណ្ណា​ក៏​ដោយ ​តែ​បើ​​​ខ្វះ​ការ​យល់​ដឹង​​​លើ​ផ្នែក​រៀបចំ​ហិរញ្ញវត្ថុ​នោះ ​ ​វា​នឹង​ធ្វើ​ឲ្យ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល​មិន​ខាន​ ​ហើយ​​មិន​ដឹង​ថ្ងៃ​ណា​​អាច​សល់​​លុយ​ដូច​គេ​។ ​អ៊ីចឹង​ហើយ ​ចំណេះដឹង​ផ្នែក​នេះ​គឺ​ពិត​ជា​សំខាន់​ ​ហើយ​វា​នឹង​ជួយ​​ឲ្យ​អ្នក​សម្រេច​ចិត្ត​យ៉ាង​ឆ្លាតវៃ​ ​ដោយ​ដឹង​ច្បាស់​ថា ត្រូវ​ចាយ​លើ​អ្វី​ ហើយ​មិន​គួរ​​ចាយ​លើ​អ្វី​។

២) ​គ្រប់គ្រង​ហិរញ្ញវត្ថុ​​ឲ្យ​បាន​ល្អ​៖ ​​មាន​ចំណេះដឹង​លើ​ផ្នែក​ហិរញ្ញវត្ថុ​​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​មិន​វា​មិន​ទាន់​គ្រប់គ្រាន់​ទេ​ បើ​កាល​ណា​អ្នក​មិន​អនុវត្ត​ និង ​គ្រប់គ្រង​វា​​ឲ្យ​បាន​ល្អ​។ បើ​​និយាយ​បាន​តែ​មាត់​ទេ​ នោះ​អ្វីៗ​គឺ​មិន​អាច​ប្រសើរ​ឡើង​ឡើយ​។

៣) ​ត្រូវ​​គិត​រឿង​សន្សំ​សិន​​ សឹម​​គិត​ដល់​រឿង​ចំណាយ​៖ ​​ធម្មជាតិ​របស់​មនុស្ស​ គឺ​​​មាន​លុយ​ក្នុង​ហោប៉ៅ​ប៉ុន្មាន​ក៏​មិន​ចេះ​សល់​ដែរ​។ អ៊ីចឹង​ហើយ​ អ្នក​ត្រូវ​តែ​ព្យាយាម​សន្សំ​ដាច់ខាត​ បើ​ទោះបី​ជា​វា​ជា​ការ​សន្សំ​តិចតួច​ក៏​ដោយ ព្រោះ​បើ​ចាំ​ថ្ងៃ​ក្រោយ​នោះ ​គឺ​មិន​ដឹង​ថ្ងៃ​ណា​ឲ្យ​ប្រាកដ​នោះ​ឡើយ​។

៤) ​ត្រូវ​មាន​ផែនការ​សម្រាប់​​​ពេល​អាសន្ន​៖ ​ត្រូវ​ចាំ​​ថា ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា ​​​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ ឬ ខាន​ស្អែក​នោះ​ឡើយ​។ ​ពេល​​នេះ​អ្នក​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចាយ ព្រោះ​នៅ​មាន​ការងារ​ធ្វើ​ ប៉ុន្តែ​សាក​ស្រមៃ​បន្តិច​​ថា បើ​ខែ​ក្រោយ​អ្នក​បាត់បង់​ការងារ​ ​​ហើយ​​​ប្រាក់ខែ​រាល់​ដង​គឺ​មិន​ដែល​សល់​ ​ឬ​មួយ​ក៏​អ្នក​អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​តើ​នឹង​មាន​អ្វី​កើត​ឡើង​។ ​​ ​បើ​អ្នក​គ្មាន​គម្រោង ឬ ផែនការ​​សម្រាប់​ពេល​មាន​អាសន្ន​ទេ នោះ​ជីវិត​របស់​អ្នក​នឹង​ត្រូវ​វេទនា​មិន​ខាន​។

៥) ​ត្រូវ​ចំណាយ​ទៅ​លើ​ទ្រព្យ​ មិន​មែន​បំណុល​ទេ​៖ ​មនុស្ស​ភាគច្រើន​ភ្លេច​គិត​ ឬ មិន​យល់​អំពី​អ្វី​ជា ទ្រព្យ​ និង​បំណុល​​នោះ​ទេ​ អ៊ីចឹង​ហើយ​បាន​ជា​ភាគច្រើន​ចំណាយ​លើ​តែ​បំណុល​ ដែល​នាំ​ឲ្យ​វេទនា​ខ្លួន​កាន់​តែ​ខ្លាំង​។ ​ទ្រព្យ​ក្នុង​ន័យ​នេះ​ មាន​ន័យ​ថា​ អ្នក​ទិញ​ ឬ ចំណាយ​លើ​អ្វី​ដែល​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ ជាជាង​ធ្វើ​ឲ្យ​អ្នក​​បន្ត​អស់​លុយ​កាន់​តែ​ច្រើន។ ចំណែក​ឯ​បំណុល​វិញ ​មាន​ន័យ​ថា រាល់​អ្វី​ក៏​ដោយ​ដែល​អ្នក​ទិញ​​ ហើយ​វា​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ច្រើន​ជា​​ពិសេស​នៅ​ថ្ងៃ​ខាងមុខ​ តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​បន្ត​អស់​លុយ។ ឧទាហរណ៍​ថា បើ​អ្នក​ទិញ​ដី​ ឬ ទិញ​ចលនទ្រព្យ​ផ្សេងៗ​​នោះ ​មាន​ន័យ​ថា អ្នក​ចំណាយ​ទៅ​លើ​ទ្រព្យ ​ព្រោះ​អ្វី​ដែល​អ្នក​ទិញ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ ប៉ុន្តែ​បើ​អ្នក​ទិញ​​ទូរស័ព្ទ ឬ ​ឡាន​ ហើយ​បន្ត​ដូរ​ស៊េរី​រហូត​នោះ ​មាន​ន័យ​ថា​ អ្នក​កំពុង​ចំណាយ​លើ​បំណុល​ ដែល​គ្មាន​ថ្ងៃ​ធ្វើ​ឲ្យ​អ្នក​ចំណេញ​នោះ​ទេ​។ ​​​​​​​​​​​​​​

៦) ​ត្រូវ​ធ្វើ​ឲ្យ​លុយ​ធ្វើ​ការ​ឲ្យ​អ្នក​៖ ​ត្រូវ​ចាំ​ថា កុំ​ធ្វើ​ការ​ដើម្បី​តែ​លុយ តែ​ត្រូវ​ធ្វើ​ឲ្យ​លុយ​ធ្វើ​ការ​ឲ្យ​អ្នក​វិញ​។ ​ត្រូវ​យក​លុយ​របស់​អ្នក​ដែល​មាន​ ទៅ​វិនិយោគ​ ឬ ធ្វើ​ជំនួញ ឬ ទិញ​ដី​ផ្សេងៗ ដែល​ធានា​ថា វា​នឹង​​បង្កើន​ចំណូល​របស់​អ្នក​កាន់​តែ​ច្រើន​ថែម​ទៀត​។

៨) ត្រូវ​ចេះ​បែងចែក​រវាង​បំណុល​ល្អ និង បំណុល​អាក្រក់​៖ ​​ជា​ទូទៅ​ មនុស្ស​តែង​គិត​ថា ​រាល់​បំណុល​ គឺ​សុទ្ធតែ​អាក្រក់​ ប៉ុន្តែ​មិន​មែន​បែបនេះ​​​ទាំង​អស់​នោះ​ទេ​។ ​ការ​ពិត​ទៅ​​បំណុល​​គឺ​អាច​បែងចែក​ជា​ពីរ​ គឺ​បំណុល​ល្អ​ និង​ បំណុល​អាក្រក់​។ ​​អ៊ីចឹង​ហើយ​ ​បើ​អ្នក​​ទាញ​ឲ្យ​ចូល​ក្នុង​បំណុល​ល្អ​ នោះ​វា​នឹង​ជួយ​ដល់​អ្នក​។ ​​ជាក់​ស្ដែង​ ប្រសិន​បើ​អ្នក​ខ្ចី​លុយ​គេ​ដើម្បី​​យក​មក​​​ពង្រីក​អាជីវកម្ម​ ឬ ​មក​បន្ត​ការ​សិក្សា​នោះ ​វា​នឹង​ជួយ​​ចម្រុង​ចម្រើន​ដល់​អ្នក​។ ប៉ុន្តែ​បើ​ខ្ចី​លុយ​គេ​ ដើម្បី​ដូរ​ឡាន​ ឬ ដើម្បី​ចូល​ខារ៉ាអូខេ​ នោះ​គឺ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ខ្លួន​ក្រ​​មិន​ខាន​។

៩)​​ ​​បម្លែង​បញ្ហា​ជា​ឱកាស​​ នៅ​ពេល​ទីផ្សារ​មាន​បញ្ហា​៖ ​អ្នក​ជំនួញ​ពិត​ប្រាកដ​ គឺ​តែងតែ​ពូកែ​ខាង​ដោះស្រាយ​បញ្ហា​ ជា​ពិសេស​នៅ​ពេល​ដែល​​ក្នុង​ទីផ្សារ​កំពុង​ជួប​បញ្ហា​ដែល​អ្នក​ផ្សេង​មិន​អាច​ដោះស្រាយ​បាន​។ ដូច្នេះ​ហើយ ​​នៅ​ពេល​ទីផ្សារ​មាន​បញ្ហា​ ​​មិន​គួរ​រត់​គេច​នោះ​ទេ តែ​អ្នក​គួរ​តែ​ចំណាយ​ពេល​គិត​លើ​វា ហើយ​ព្យាយាម​រក​ដំណោះស្រាយ ​ដោយ​ព្យាយាម​បម្លែង​បញ្ហា​ទៅ​ជា​ឱកាស​វិញ​។

១០) ​ធ្វើ​ការ​ជា​ក្រុម​៖ ​គ្មាន​នរណា​ម្នាក់​អាច​សម្រេច​កិច្ចការ​អស្ចារ្យ​បាន​ ដោយ​ធ្វើ​តែ​ម្នាក់​ឯង​នោះ​ឡើយ​ ទោះបី​ជា​ពូកែ និង មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​។ ​ដូច្នេះ​ហើយ ត្រូវ​រៀន​ចុះសម្រុង​ជា​អ្នកដទៃ ​ហើយ​រៀន​ធ្វើ​ការ​ជាមួយ​ពួកគេ​ ដើម្បី​អាច​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​បាន​៕

អត្ថបទល្អៗផ្សេងទៀត៖ កម្រង​គំនិត​សំខាន់ៗ​របស់ ​Robert Kiyosaki​អ្នក​និពន្ធ«​Rich Dad Poor Dad» ​​ដែល​អ្នក​គួរ​ដឹង ៥ចំណុចដ៏សំខាន់ដែលអ្នកអាចរៀនសូត្រពីលោក Richard Branson មហាសេដ្ឋីអង់គ្លេស

ដោយ​៖ រតនា​ ​វិចិត្រ​ ​​

X
5s