កូរ៉េខាងជើង៖ ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីកម្ទេចនាវាអាមេរិក
កូរ៉េខាងជើងបានអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីបាញ់ពន្លិចនាវារបស់សរហដ្ឋអាមេរិកដើម្បីបង្ហាញកម្លាំងសាចដុំយោធារបស់ខ្លួន។ នេះបើយោងតាមការសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាពិឃាដ USS Carl Vinson ទៅកាន់ឧបទ្វីបកូរ៉េដើម្បីឆ្លើយតបទៅនឹងក្ដីបារម្ភចំពោះការសាកល្បងមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការគំរាមកំហែងវាយប្រហារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបានបញ្ជាក់ ថានាវានោះកំពុងស្ថិតនៅទីណានោះទេ ខណៈអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានថ្លែងកាលពីថ្ងៃសៅរ៍ កន្លងទៅថា ក្រុមនាវានោះនឹងមកដល់អំឡុងពេលពីរឬបីថ្ងៃ ប៉ុន្តែលោកមិនបានលម្អិតជាងនេះនោះទេ។
អានលម្អិត៖ តើក្រុមនាវាពិឃាដ USS Carl Vinson អាមេរិកបញ្ជូនទៅឧបទ្វីបកូរ៉េ ខ្លាំងកម្រិតណា?
ទោះជាយ៉ាងនេះក្ដី កាសែត Rodong Sinmun ដែលជាកាសែតរបស់បក្សកាន់អំណាចកូរ៉េខាងជើងបានឱ្យដឹងថា កម្លាំងបដិវត្តន៍ខ្លួនគឺត្រៀមប្រយុទ្ធរួចរាល់ហើយដើម្បីពន្លិចនាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕
ដោយ៖ យោធិន