ទាំងនេះគឺជាជម្រើសរបស់ជប៉ុនដើម្បីប្រឆាំងនឹងកូរ៉េខាងជើង!
[caption id="attachment_37893" align="aligncenter" width="670"] ចាប់តាំងពីឆ្នាំ២០១៥ កងទ័ពជប៉ុនមានការផ្លាស់ប្ដូរពីស្វ័យការពារខ្លួន អាចធ្វើអន្តរាគមន៍នៅក្រៅប្រទេសបានក្នុងកាលៈទេសៈកំណត់ (ប្រភព៖ utopiathecollapse)[/caption]
ការសាកល្បងមីស៊ីលចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងអស់ ត្រៀមខ្លួនដើម្បីប្រឆាំង និងដើម្បីការពារខ្លួនពីការវាយប្រហារណាមួយពីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សារព័ត៌មាន CNN បានចុះផ្សាយពីជម្រើសនៃយុទ្ធសាស្ត្រ ការពារខ្លួន និងប្រឆាំងកូរ៉េខាងជើងមួយចំនួនដូចខាងក្រោម៖
១) ពង្រឹងយោធាខ្លួន៖ ប្រទេសជប៉ុនបានពឹងផ្អែកទៅលើកងទ័ពសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍រួចមកហើយ ប៉ុន្តែប្រទេសដែនកោះមួយនេះកំពុងពិចារណាលើការពង្រឹងកងកម្លាំងដើម្បីការពារខ្លួន (Self-Defense Forces) ទៅជាកងកម្លាំងដែលអាចប្រឆាំងនឹងការគំរាមកំហែងវាយប្រហារដោយនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើងជាញឹកញាប់។
នៅឆ្នាម១៩៤៧ បន្ទាប់ពីចប់សង្គ្រាមលោកលើកទី២ ជប៉ុនបានសន្យាថា នឹងរក្សាកម្លាំងគោក ទឹក ឬអាកាសឬកម្លាំងសកម្មផ្សេងទៀតដើម្បីធ្វើសង្គ្រាមនោះទេ។ ទោះជាយ៉ាងណានៅឆ្នាំ២០១៥ សភាជាន់ខ្ពស់របស់ជប៉ុនបានអនុម័តដែលអនុញ្ញាតឱ្យកងទ័ពនៃប្រទេសខ្លួនធ្វើសកម្មភាពនៅក្រៅប្រទេសបានប៉ុន្តែស្ថិតនៅក្រោមកាលៈទេសៈកំណត់មួយដែលនេះត្រូវបានគេមើលឃើញថា ជាការពង្រឹងតួនាទីកងទ័ពខ្លួនពីស្វ័យការពារ ទៅជាកងទ័ពប្រឆាំងការគំរាមកំហែងពីចិន និងកូរ៉េខាងជើង។
ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនលើកឡើងថា ជប៉ុនទំនងមិនស្ថិតនៅក្នុងរបៀបវារៈរបស់កូរ៉េខាងជើងដែលត្រូវវាយប្រហារនោះទេ។
២) សុំឱ្យអាមេរិកពង្រាយប្រព័ន្ធការពារមីស៊ីល THAAD? ការពិតគឺជប៉ុនមានប្រព័ន្ធការពារមីស៊ីលជារបស់ខ្លួនរួចទៅហើយគឺ SM-3 និង Patriot PAC-3 ហើយកាលពីពេលកន្លងទៅថ្មីៗនេះ ជប៉ុនបានធ្វើការសាកល្បងការប្រឆាំងមីស៊ីលជាបីភាគីជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប៉ុន្តែមានអ្នកខ្លះនៅជប៉ុនអំពាវនាវទៅសហរដ្ឋអាមេរិកឱ្យដាក់ពង្រាយប្រព័ន្ធ THAAD របស់អាមេរិកបន្ថែមពីលើប្រព័ន្ធរបស់ខ្លួនទៀត។ ពាក់ព័ន្ធនឹងចំណុចនេះ ជប៉ុនក៏ពិចារណទិញប្រព័ន្ធនេះដែរ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនកំពុងពិនិត្យមើលប្រព័ន្ធ Aegis Ashore ដែលជាប្រព័ន្ធដាក់ពង្រាយលើដី។
ការដាក់ពង្រាយ THAAD គឺច្បាស់ជាធ្វើឱ្យចិនមិនសប្បាយចិត្តនោះទេ ព្រោះថា ការសម្រេចដាក់នៅកូរ៉េខាងត្បូង (ដំណាក់កាលដំបូង) មានការប្រតិកម្មពីចិនរួចទៅហើយ ហើយចិនថែមទាំង គម្រាមបិទហាង Lotte របស់កូរ៉េខាងត្បូង ភ្នាក់ងារទេសចរចិនឈប់លក់សំបុត្រឱ្យជនជាតិកូរ៉េ និងមានការអំពាវនាវជាច្រើនទៀតឱ្យឈប់ប្រើផលិតផលរបស់កូរ៉េខាងត្បូង។
[caption id="attachment_37892" align="aligncenter" width="670"] ប្រព័ន្ធការពារមីស៊ីល THAAD (ប្រភព៖ lockheedmartin)[/caption]
ហេតុអ្វីបានជាចិនខឹងគ្រាន់តែដាក់ THAAD សោះហ្នឹង? ទោះជា THAAD គ្មានបំពាក់ក្បាលគ្រាប់ក្ដីប៉ុន្តែវាមានបំពាក់រ៉ាដាដែលអាចកំណត់ប្រព័ន្ធមីស៊ីលរបស់ចិនបាន ដែលនេះនឹងផ្ដល់នូវឧត្តមភាពដល់សហរដ្ឋអាមេរិកប្រសិនបើមានការប្រឈមមុខដាក់គ្នាណាមួយកើតឡើងជាមួយចិននៅពេលអនាគត។ រឿងមួយទៀតនោះគឺ ជប៉ុនគឺស្ថិតនៅក្បែរចិនមែនទែន។
៣) ដំណោះស្រាយតាមការទូត៖ អំឡុងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននាពេលកន្លងមក លោក Pense អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា ដំណោះស្រាយតាមការទូតគឺគ្មានប្រសិទ្ធភាពនោះទេ។ ទោះជាយ៉ាងណា ជប៉ុនមិនជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយតាមធម៌ក្ដៅជាមួយនឹងកូរ៉េខាងជើងដែរ។ តាំងពីដើមរៀងមក គោលដៅរបស់ជប៉ុនគ្រាន់តែចង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងតែប៉ុណ្ណោះ តែអ្នកជំនាញក៏ដូចជាជប៉ុនខ្លួនឯងដឹងច្បាស់ណាថា កូរ៉េខាងជើងនឹងមិនបញ្ឈប់ដោយងាយៗនោះទេ៕
ដោយ៖ យោធិន