អស់ពីអាមេរិក កូរ៉េខាងជើងគំរាមអូស្ត្រាលីវាយប្រហារនុយក្លេអ៊ែររឿងដាក់ទណ្ឌកម្ម
លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានបង្ករបបក្រុងព្យុងយ៉ាងក្ដៅស្លឹកត្រចៀកដោយគំរាមនឹងវាយប្រហារនុយក្លេអ៊ែរ បន្ទាប់ពីលោកស្រីលើកឡើងថា ប្រទេសគួរនឹងត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA កាលពីថ្ងៃសៅរ៍បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលបានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និយាយដូចសំរាមប្រឆាំងនឹងខ្លួនលើរឿងកម្មវិធីសម្រាប់តែការពារជាតិខ្លួនតែប៉ុណ្ណោះ។
ប្រភពបានដកស្រង់សំដីបន្ថែមទៀតថា ៖«ប្រសិនបើអូស្ត្រាលីនៅបន្តដើរតាមសហរដ្ឋអាមេរិកដើម្បីធ្វើឱ្យកូរ៉េខាងជើងឯការ និងដកដង្ហើមមិនរួច នោះវានឹងក្លាយជាអំពើអត្តឃាដខ្លួន ព្រោះថាអូស្ត្រាលីស្ថិតនៅក្នុងរយៈចម្ងាយនុយក្លេអ៊េររបស់កម្លាំងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបាញ់ដល់។
លោកស្រី Bishop បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទណ្ឌកម្មគឺចង់បង្ហាញសារព្រមានយ៉ាងច្បាស់ទៅកាន់កូរ៉េខាងជើងថា ឥរិយាបថរបស់ខ្លួនគឺមិនអាចអន់ឱនឱ្យបានទេ ហើយកម្លាំងទ័ពដែលបំពាក់នុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺពិតជាមិនអាចទទួលយកបាននៅក្នុងតំបន់របស់យើង៕
ដោយ៖ យោធិន