តើគួរធ្វើយ៉ាងណាដើម្បីជីកឆ្កឹះរកឱកាសអាជីវកម្មឃើញ?
គំនិតគឺជាចំណុចចាប់ផ្ដើមនៃការលេចឡើងនូវអាជីវកម្មទាំងឡាយ។ ប៉ុន្តែតើគ្រាន់តែការផុសឡើងនូវគំនិតធម្មតាមួយអាចធានាបាននូវដង្ហើមជីវិតនៃគ្រប់អាជីវកម្មបានហើយ បើដូច្នេះមែន មិនមែនអាជីវកម្មជាច្រើនបើកហើយក៏បិទទៅវិញ នៅក្នុងពេលត្រឹមតែមួយពព្រិចភ្នែកដូចដែលយើងបានឃើញសព្វថ្ងៃនេះទេ។
ការចាប់ផ្ដើមដំណើរការណ៍អាជីវកម្មមួយដោយជោគជ័យ មិនមែនមានត្រឹមតែគំនិតធម្មតាៗនោះទេ ប៉ុន្តែសហគ្រិនដ៏ចំណានៗដែលនៅពីក្រោយភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេគឺសុទ្ធតែជាអ្នកមើលឃើញនូវឱកាស។ អ្នកអាចមានគំនិតដ៏ល្អអស្ចារ្យមួយក្នុងគោលដៅអាជីវកម្មរបស់អ្នក ប៉ុន្តែបើឱកាសមិនស័ក្ដិសមនឹងគំនិតរបស់អ្នក ឬមិនស័ក្ដិសមនឹងកាលៈទេសៈ នោះអាជីវកម្មបើកហើយក៏គង់តែនឹងរលាយសាបសូន្យទៅវិញទេ។ ដូច្នេះតើឱកាសអាជីវកម្មអាចបង្កប់ខ្លួននៅទីណា ?
១) តាមដានទៅលើទំនោររបស់ស្ថានភាពសង្គម
ទំនោររបស់ស្ថានភាពសង្គម គឺចង់សំដៅទៅលើទិសដៅដែលការផ្លាស់ប្ដូរនៅក្នុងសង្គមនឹងតម្រង់ឆ្ពោះទៅរក។ ឧទាហរណ៍ថា ប៉ុន្មានឆ្នាំក្រោយ ស្ថានភាពសេដ្ឋកិច្ចរបស់គ្រូបង្រៀនក្នុងសង្គមរបស់អ្នកនឹងរីកចម្រើនទៅរកភាពល្អប្រសើរជាងមុន ដោយហេតុថារដ្ឋាភិបាលនឹងដំឡើងប្រាក់ខែខ្ពស់ជាងមុនលើកទឹកចិត្តដល់ពួកគាត់ ដែលមានន័យថាជីវភាពពួកគាត់នឹងមានទិសដៅទៅរកភាពល្អប្រសើរជាងមុន។ ដូច្នេះអ្នកឈ្វេងយល់ទៅមើល តើអ្វីជាតម្រូវការដ៏ចាំបាច់ក្នុងជីវិតរបស់គ្រូបង្រៀន ? នេះហើយដែលឱកាសលាក់ខ្លួននៅនោះ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ សូម្បីតែកត្តាផ្លាស់ប្ដូររបស់សង្គម តួយ៉ាងដូចជាមានភាពអសន្តិសុខកំពុងកើតឡើងនៅតាមតំបន់មួយចំនួនក្នុងសង្គមអ្នក ដូច្នេះអ្នកអាចឆក់ឱកាសនេះដើម្បីបង្កើតគំនិតផ្ដួចផ្ដើមរួមជាមួយនឹងកាលៈទេសៈត្រឹមត្រូវនេះ បើកអាជីវកម្មមួយដែលលក់សម្ភារៈការពារខ្លួនជាដើម។
២) ដោះស្រាយបញ្ហា៖ មានពាក្យមួយនិយាយថា
"អ្នកលក់ធម្មតាលក់ផលិតផលរបស់ខ្លួន ចំណែកអ្នកលក់អាជីពលក់ដំណោះស្រាយរបស់ខ្លួន"។ អ្នកណាមិនធ្លាប់មានបញ្ហាក្នុងជីវិតប្រចាំថ្ងៃ ? ហើយអ្នកណាកំពុងជាប់គាំងក្នុងបញ្ហាហើយ មិនចង់ប្រាថ្នាឲ្យខ្លួនឯងរកឃើញផ្លូវចាកចេញពីបញ្ហានោះ ? ចំណុចទី២នេះក៏ជាកន្លែងដែលឱកាសដ៏កម្រនិងអស្ចារ្យលាក់ខ្លួនដែរ។
៣) ស្វែងរកនូវចន្លោះប្រហោងក្នុងទីផ្សារ
កន្លែងដែលឱកាសលាក់ខ្លួននៅទីនេះអាចពិបាកបន្តិចសម្រាប់សហគ្រិន ប៉ុន្តែវាសំដៅដល់ទីផ្សារពិសេសទាំងឡាយណាដែលលក់ផលិតផលរបស់ខ្លួនដោយផ្ដោតតម្រង់ទៅរកអតិថិជនមួយក្រុមតូច ហើយជាតម្រូវការដែលអតិថិជនមិនទាន់ជួបប្រទះក្នុងជីវិតរបស់ពួកគេ។ វាកើតចេញពីគំនិតច្នៃប្រឌិត ជាការគិតក្រៅប្រអប់នេះឯង ហើយបើអ្នករកឃើញ លទ្ធផលដែលអ្នកទទួលបាននឹងតបស្នងមកវិញយ៉ាងអស្ចារ្យបំផុត៕
៧ជំហានដែលត្រូវធ្វើ ដើម្បី «បំពេញការងារប្រកបដោយថាមពលនៅពេលព្រឹក»
ដោយ៖ ស្រីពៅ