គួរធ្វើយ៉ាងណាដើម្បីការពារខ្លួនបើមានការវាយប្រហារដោយមីស៊ីល? ដំបូន្មានពីរដ្ឋាភិបាលជប៉ុន!
នេះជាអត្ថបទព័ត៌មានដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg ដកស្រង់ចេញពីសេចក្ដីប្រកាសរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន។ ចូលទៅក្នុងផ្ទះ នៅឱ្យឆ្ងាយពីមាត់បង្អួចឬទ្វា និងបើកទូរទស្សន៍មើល។ នេះជាសេចក្ដីណែនាំពីរដ្ឋាភិបាលជប៉ុនសម្រាប់ប្រជាជនឱ្យមានការការពារខ្លួនបើមានការវាយប្រហារណាមួយដោយមីស៊ីល។
ប្រទេសជប៉ុនមានប្រព័ន្ធប្រកាសអាសន្នជាមុនត្រូវបានបង្កើតឡើងដើម្បីផ្ដល់ដំណឹងជូនប្រជាជននៅទូទាំងប្រទេសតាមរយៈប្រព័ន្ធឧគ្ឃោសនស័ព្ទ និងកម្មវិធីទូរស័ព្ទប្រសិនបើមានមីស៊ីលត្រៀមបាញ់ចូលប្រទេសនេះ។
ប្រព័ន្ធថ្មីនេះ ត្រូវបានយកចិត្តទុកដាក់ឡើងវិញចាប់តាំងពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរយៈចម្ងាយវែងបួនគ្រាប់កាលពីខែមីនា កន្លងទៅ ខណៈបីគ្រាប់ធ្លាក់នៅក្នុងសមុទ្រនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន។
មីស៊ីលអាចនឹងចំណាយពេលវេលាប្រមាណ ១០នាទីដើម្បីហោះលើរយៈ ចម្ងាយ ១៦០០គីឡូម៉ែត្រពីទីតាំងបាញ់ពីជើងទម្រនៅកូរ៉េខាងជើងទៅកាន់ប្រជុំកោះនៅភាគខាងត្បូងកោះ Okinawa។ ទោះជាជប៉ុនមានប្រព័ន្ធការពារមីស៊ីលពីរដំណាក់កាលក៏ដោយ ក៏ជប៉ុនបង្កើតប្រព័ន្ធប្រកាសអាសន្ននេះឡើងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាជនខ្លួន៕
ដោយ៖ យោធិន