លោក​ Napoleon Hill​៖ ​​​​​​៦​​ជំហាន​ដើម្បី​​ឲ្យ​ក្ដី​ប្រាថ្នា​ចង់ក្លាយ​ជា​​សេដ្ឋី​​ក្លាយ​ជា​ការ​ពិត​



Napoleon Hill​ គឺ​ជា​អតីត​​អ្នក​និពន្ធ​ដ៏​ល្បី​ក្នុង​ ​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​។​ ​លោក​គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​ «​Think and Grow Rich» ​​ដែល​សៀវភៅ​នេះ​ទទួល​បាន​ការ​គាំទ្រ​លើសលប់​ ​ទាំង​ក្នុង​ទឹកដី​អាមេរិក និង ​​ហូរ​ទៅ​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​សកល​​លោក​។ ​​ខាង​ក្រោម​នេះ ​គន្លឹះ​សំខាន់​​ចំនួន​៦​យ៉ាង​ពី​​​​លោក​ Napoleon Hill​ ​ដើម្បី​ឲ្យ​ក្ដី​ប្រាថ្នា​​ក្លាយ​ជា​អ្នក​មាន​របស់​ខ្លួន​ បាន​សម្រេច​៖​​​​​​

១) ​​​កំណត់​ចំនួន​លុយ​ដែល​អ្នក​ចង់​បាន​​ឲ្យ​ច្បាស់៖ ដើម្បី​ក្លាយ​ជា​អ្នក​​មែន មិន​មែន​​អ្នក​គ្រាន់​តែ​និយាយ​ថា ​ចង់​បាន​លុយ​ច្រើន​តែ​ប៉ុណ្ណឹង​ទេ​ ពោល​គឺ​ត្រូវ​​កំណត់​ឲ្យ​ច្បាស់​ថា ១​ លាន​ ឬ ​១​​ពាន់​លាន​ដុល្លារ​​ដែល​អ្នក​ចង់​បាន​។ ​​ការ​កំណត់​​យ៉ាង​ច្បាស់​​នេះ ​គឺ​មិន​មែន​មាន​ន័យ​ថា ​អ្នក​នឹង​ទទួល​បាន​​១០០​ភាគរយ​​​នោះ​ទេ​ ប៉ុន្តែ​វា​ជួយ​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ពី​​គោលដៅ​​ដែល​អ្នក​ត្រូវ​សម្រេច​​ឲ្យ​បាន​។ ​

២) ​ត្រូវ​​កំណត់​ឲ្យ​ច្បាស់​ថា ​គួរ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រកលុយ​បាន​ច្រើន​​៖ ​ត្រូវ​ចាំ​ថា ​​លុយ​មិន​អាច​​រត់រក​អ្នក​ ដោយ​គ្រាន់​តែ​អ្នក​គិត​ថា ​នឹង​ទទួល​បាន​វា​នោះ​ទេ​ ពោល​គឺ​ត្រូវ​តែ​មាន​ផែនការ​ ឬ គម្រោង​ច្បាស់លាស់​​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ ឬ រក​ស៊ី​អ្វី​ទើប​អាច​ទទួល​បាន​លុយ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​។ ​

៣) ​​ត្រូវ​​កំណត់​ពេលវេលា​​ឲ្យ​ច្បាស់​ ពេលណា​អ្នក​អាច​សម្រេច​វា​៖ ​ការ​កំណត់​ពេលវេលា​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​​​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ព្យាយាម ​និង​ រិះរក​វិធី​ដើម្បី​សម្រេច​​ឲ្យ​បាន​​​តាម​កាលកំណត់​។ ​មាន​ន័យ​ថា បើ​អ្នក​ចង់​បាន​លុយ​មួយ​លាន​ដុល្លារ​ ​តើ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ដែល​អ្នក​ចង់​សម្រេច​វា (៥ ឬ ​១០​ឆ្នាំ​ក្រោយ​)។​

៤) ​រៀប​ចំ​ផែនការ​ឲ្យ​ច្បាស់​៖ ​គ្មាន​រឿង​អស្ចារ្យ​ណា​មួយ​កើត​ឡើង​ដោយ​គ្មាន​ការ​ខិតខំ​ប្រឹង​ប្រែង​នោះ​ទេ​ ហើយ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​ណា​មួយ​ដែល​អាច​សម្រេច​បាន​​ដោយ​ងាយ​​ឡើយ​ ប្រសិន​បើ​​គ្មាន​ការ​រៀប​ចំ​ផែនការ​ ឬ យុទ្ធសាស្ត្រ​ច្បាស់លាស់​។ ដូច្នេះ​ហើយ ផែនការ​​ និង យុទ្ធសាស្ត្រ​​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​ដើម្បី​​នាំ​ឲ្យ​ក្តី​ប្រាថ្នា​របស់​អ្នក​​ សម្រេច​ដូច​​អ្វី​ដែល​ចង់​បាន​។

៥) ​សរសេរ​​ជា​​​ចំណុច​នីមួយៗ​​​ឲ្យ​ច្បាស់​ (​ពី​១​ដល់​៤)៖ ​​ដើម្បី​ឲ្យ​អ្វី​ៗ​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ ​អ្នក​ត្រូវ​តែ​ចំណាយ​ពេល​ក្នុង​ការ​សរសេរ​វា​​ ដើម្បី​ទុកជា​ឯកសារ​​ ជៀសវាង​ការ​ភ្លេច​ ឬ ​ច្រឡំ​ចំណុច​ណា​មួយ​​​ជា​យថាហេតុ​។​ ដូច្នេះ​កុំ​ខ្ជិល​សរសេរ​វា​ឲ្យ​សោះ ព្រោះ​សរសេរ​កាន់​តែ​លម្អិត​ គឺ​កាន់​តែ​ល្អ ព្រោះ​​វា​ប្រៀប​ដូច​ជា​ផែនទី​មួយ​ផ្ទាំង​អ៊ីចឹង​ ដែល​​អាច​កំណត់​​​គោលដៅ​ និង ទីតាំង​របស់​អ្នក​​យ៉ាង​ច្បាស់​។

​៦) ​​អាន​កំណត់​ត្រា​របស់​អ្នក​ជា​ប្រចាំ​៖ ​​​អ្នក​ត្រូវ​ចំណាយ​ពេល​អាន​ និង ត្រួត​ពិនិត្យ​មើល​កំណត់​ត្រា​របស់​អ្នក​ជាប្រចាំ​ ឬ រាល់​ថ្ងៃ​ក៏​បាន​ ដើម្បី​ដឹង​ច្បាស់​​ថា ​មាន​ចំណុច​ណា​មួយ​ដែល​ខ្វះខាត​ ​និង​ ដើម្បី​ដឹង​​ថា ​​អ្នក​បាន​ដើរ​ដល់​ចំណុច​ណា​​ហើយ​៕

អត្ថបទល្អៗផ្សេងទៀត៖ ​​​កម្រង​សុភាសិត​​ល្អៗ​របស់​​អ៊ីស្រាអែល ​ដែល​អ្នក​គួរ​​​រៀន​សូត្រ​សម្រង់​សម្ដី​សំខាន់ៗ​របស់​​លោក​​ណាប៉ូឡេអុង ហ៊ីល (Napoleon Hill) ​អ្នក​និពន្ធ​សៀវភៅ​ ​«​Think and Grow Rich» ​ដ៏​ល្បីល្បាញ​​លើ​ពិភពលោក​ ​​កម្រង​​គំនិត​សំខាន់ៗ​របស់​​លោក ​Thomas Jefferson ​ប្រធានាធិបតី​ទី៣​របស់​អាមេរិក​ ​ដែល​គួរ​​យល់​ដឹង​

​​​​ដោយ​៖ រតនា​ ​វិចិត្រ

X
5s