នីក វ្យូជីស៊ីក៖ «ការប្រថុយមានពីរប្រភេទគឺ ប្រថុយដោយការព្យាយាម និង មិនព្យាយាម»
«ការប្រថុយមានពីរប្រភេទគឺ ប្រថុយដោយការព្យាយាម និង មិនព្យាយាម»។ នេះជាសម្ដីរបស់លោកនីក វ្យូជីស៊ីក (Nick Vujicic)ដែលជាអ្នកជំនាញផ្នែកលើកទឹកចិត្ត និង អ្នកបណ្ដុះបណ្ដាលភាពជោគជ័យ ទោះបីជារូបលោកផ្ទាល់មានពិការភាពពីកំណើតក៏ដោយ ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា បើមិនថា ព្យាយាមធ្វើ ឬ មិនព្យាយាមធ្វើនោះទេ វាគឺសុទ្ធតែជារឿងដែលប្រថុយ។
ប្រាកដណាស់ថា គ្មាននរណាម្នាក់អាចដឹងថា នឹងមានរឿងអ្វីកើតឡើងឲ្យច្បាស់១០០ភាគរយនោះទេ។ ចំពោះមនុស្សមួយចំនួន បានសម្រេចចិត្តព្យាយាមធ្វើអ្វីមួយ ជាមួយនឹងក្ដីរំពឹងថា នឹងសម្រេច ឬ នឹងទទួលបានផលជាវិជ្ជមាន។ ចំណែកអ្នកខ្លះទៀត សម្រេចចិត្តមិនព្យាយាមធ្វើ ព្រោះគិតថា វាលំបាកពេក អ៊ីចឹងសុខចិត្តនៅស្ងៀមវិញប្រសើរជាង។ សម្រាប់អ្នកដែលព្យាយាមធ្វើវិញ មើលទៅហាក់ដូចជាប្រថុយខ្លាំងណាស់ ព្រោះថា អាចនឹងប្រឈមនឹងបរាជ័យ ឬ នាំរឿងខ្មាសគេដាក់ខ្លួននៅពេលមិនជោគជ័យ ចំណែកអ្នកដែលសុខចិត្តនៅស្ងៀម ឬ មិនព្យាយាមវិញមើលទៅហាក់ដូចជា មិនត្រូវបាត់បង់អ្វី ឬ ខាតបង់ ឬ ប្រថុយអ្វីនោះទេ។
យ៉ាងណាក៏ដោយ បើមើលឲ្យដិតដល់ទៅគ្មាននរណាដែលមិនប្រថុយនោះទេ ព្រោះពួកគេនឹងប្រឈមនឹងការបាត់បង់ ឬមិនទទួលបានអ្វីមួយដែលខ្លួនចង់បាន។ ប៉ុន្តែសម្រាប់អ្នកដែលប្រថុយនឹងការធ្វើ ឬ ព្យាយាមនោះ គឺមានលក្ខណៈវិជ្ជមានជាង អ្នកដែលមិនព្យាយាម ព្រោះថា អ្នកដែលហ៊ានប្រថុយក្នុងការធ្វើអ្វីមួយនោះ ពួកគេអាចនឹងជោគជ័យធំធេង (ប្រសិនបើសម្រេច) ហើយបើទោះបីជាបរាជ័យ ក៏ពួកគេទទួលបានមេរៀន និងពិសោធន៍ដ៏អស្ចារ្យ ដែលមិនអាចរកបាន ឬ រៀនបានដោយងាយ។ ចំណែកអ្នកដែលមិនហ៊ានព្យាយាមធ្វើអ្វីមួយវិញ គឺប្រឈមនឹងការខាតបង់ធំ បើទោះបីជាមើលទៅហាក់ដូចជា មិនត្រូវបាត់បង់អ្វីក៏ដោយ។ បាត់បង់ទីមួយ គឺឱកាសក្នុងការទទួលបានជោគជ័យធំធេង និង ទី២ គឺ គ្មានឱកាសក្នុងការរៀនសូត្រពីដំណើរការ និង មេរៀនសំខាន់ៗក្នុងពេលដែលព្យាយាមធ្វើនោះ (មិនថាជោគជ័យ ឬ បរាជ័យ)៕
អត្ថបទល្អៗផ្សេងទៀត៖ លី ស៊ាវឡុង៖ «អ្នកដែលមិនដឹងខ្លួនថាកំពុងដើរក្នុងទីងងឹត គ្មានថ្ងៃស្គាល់ពន្លឺឡើយ»
ដោយ៖ រតនា វិចិត្រ