លោក Sean Conlon៖ «ការភ័យខ្លាចចំពោះភាពក្រីក្រជួយឲ្យខ្ញុំជោគជ័យក្នុងជីវិត»
លោក Sean Conlon កើតក្នុងត្រកូលអ្នកក្រ ដែលកាលពីនៅពីក្មេងនោះ ឪពុកម្ដាយរបស់លោកបានជួបបញ្ហាហិរញ្ញវត្ថុខ្លាំង រហូតដល់ថ្នាក់ធនាគារបានគំរាមរឹបអូសយកផ្ទះ ប្រសិនបើគ្មានលុយសង។ ការរស់នៅក្នុងស្ថានភាពបែបនេះហើយ បានធ្វើឲ្យលោក មានភាពភ័យខ្លាចចំពោះភាពក្រីក្រ ហើយសន្យាចំពោះខ្លួនឯងថា នឹងរំដោះខ្លួនឲ្យបាន។
«ខ្ញុំបានស្បថចំពោះខ្លួនឯងថា នឹងមិនឲ្យរឿងបែបនេះកើតឡើងចំពោះខ្ញុំ ឬ សមាជិកគ្រួសាររបស់ខ្ញុំនោះឡើយ ។ ខ្ញុំពិតជាខ្វល់ខ្វាយចំពោះបញ្ហានេះ»។ លោក Sean Conlon បញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានCNBC។ ដោយសារតែស្ថានភាពគ្រួសារលំបាកពេក នៅអាយុ១៨ឆ្នាំលោកក៏សម្រេចចិត្តចាក់ចេញពីប្រទេសកំណើតរបស់ខ្លួន គឺប្រទេសអៀរឡង់ដើម្បីសាងឱកាស និង ជីវិតថ្មីនៅលើទឹកដីអាមេរិក។ កាលនោះលោកបញ្ជាក់ ថា មានលុយក្នុងហោប៉ៅ ត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ។
ការរស់នៅដំបូងលើទឹកដីអាមេរិកនោះ គឺពិតជាលំបាក ហើយលោកពិតជាមានអារម្មណ៍ភ័យខ្លាច ពោលគឺមិនខុសពីអារម្មណ៍ដែលកើតឡើងកាលពីនៅក្មេងនោះទេ ព្រោះភ័យខ្លាចមន្ត្រីធនាគារមកគោះទ្វារទាលុយទៀត។ យ៉ាងណាក៏ដោយ អារម្មណ៍ភ័យខ្លាចនេះ មិនបានទាញលោកឲ្យធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់នោះទេ តែវាបានជួយឲ្យ Sean Conlonខិតខំកាន់តែខ្លាំងដើម្បីរំដោះខ្លួនចេញពីភាពក្រីក្រ ។
នៅពេលទៅដល់នោះ លោកបានព្យាយាមរកការងារធ្វើដើម្បីទ្រទ្រង់ជីវភាព រហូតបានមានគេផ្ដល់ឱកាសដើម្បីធ្វើការជាអ្នកលក់ផ្នែកអចលនទ្រព្យ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកបានព្យាយាមធ្វើការអស់ពីលទ្ធភាព និង ទទួលបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងក្រុមហ៊ុន ដោយក្លាយជាបុគ្គលិកឆ្នើមមួយរូបផងដែរ ជាពិសេសពូកែជាងបុគ្គលិករួមជំនាន់ដែលបានសិក្សានៅសាកលវិទ្យាល័យល្បីៗនៅអាមេរិកទៅទៀត ដូចជា សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Yale និង Wharton ។
មូលហេតុសំខាន់គឺដោយសារតែ លោកបានព្យាយាមធ្វើការលើសពីអ្នកទាំងនោះ ទោះបីជាចំណេះដឹងនៅមានកម្រិតក៏ដោយ។ ដោយសារតែមានបទពិសោធន៍ផ្នែកលក់អចលនទ្រព្យនេះហើយ ជាពិសេសត្រូវបានគេទទួលស្គាល់ថា ជាអ្នកឆ្នើមម្នាក់ បានធ្វើឲ្យលោកសម្រេចចិត្តបើកជំនួញផ្នែកចលនទ្រព្យ ហើយទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ន៕
អត្ថបទល្អៗដែលពាក់ព័ន្ធ សំណួរ ៣សំខាន់ៗសង្កត់ធ្ងន់ទៅលើភាពជាអ្នកដឹកនាំពីលោក John C. Maxwell មហាសេដ្ឋី Warren Buffett ចង់ឱ្យអ្នកចង់ក្លាយជាវិនិយោគិនអានសៀវភៅ៧ក្បាល
ដោយ៖ រតនា វិចិត្រ