អតិថិជន Samsung ចាប់ផ្ដើម​ត្អូញត្អែរ​​ថា ​​អេក្រង់ S8 បង្ហាញ​រូប​មាន​សភាព​​ក្រហម​ប្រឿងៗ​​



ក្រុមហ៊ុន Samsung ​បាន​ចាប់ផ្ដើម​ចែកចាយ​លក់​រាល់ Galaxy S8 និង S8+ ដែល​បាន​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​កន្លង​ទៅ នៅ​លើ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង ដែល​ជា​ទឹកដី​កំណើត​ខ្លួន។ S8 ទាំង​ពីរ​ម៉ូដែល កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ឌីហ្សាញ​រូបរាង ពិសេស​គឺ​នៅ​លើ​អេក្រង់​លាត​សន្ធឹង​ពេញ​ផ្ទៃ​មុខ ស្ទើរ​គ្មាន​គែម​តែម្ដង។ យ៉ាងណា ដំណើរការ​ចែកចាយ​លក់ អាច​មិន​ទាន់​ធ្វើ​ទៅ​បាន​រលូន តាម​ការ​រំពឹង​ទុក​ពី​ក្រុមហ៊ុន​នៅ​ឡើយ ដោយសារ អតិថិជន​ចាប់ផ្ដើម​ត្អូញត្អែរ​ពី​បញ្ហា​អេក្រង់។

អតិថិជន​ខ្លះ ដែល​បាន​កំពុង​ប្រើ Galaxy S8 ​នៅ​ពេល​នេះ កំពុង​ត្អូញត្អែរ​អំពី​ចំណុច​អវិជ្ជមាន​មួយ គឺ​នៅ​ត្រង់​ការ​បង្ហាញ​រូប​នៅ​លើ​អេក្រង់ ហាក់​មាន​ពណ៌​ក្រហម​ប្រឿងៗ មិន​ដូច​ជា​អេក្រង់​ស្មាតហ្វូន​ទូទៅ​នោះ​ឡើយ។ ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន Samsung បាន​លើកឡើង​ថា វា​មិន​បណ្ដាល​មក​ពី​បញ្ហា​អេក្រង់​នោះ​ទេ ហើយ​អ្នក​ប្រើ អាច​ធ្វើការ​កំណត់ (adjust) ​លក្ខណៈ​នេះ នៅ​លើ​ទូរស័ព្ទ​បាន​ដោយ​ខ្លួន​ឯង។

ប្រសិន​ពណ៌​នៅ​តែ​បង្ហាញ​ មាន​សភាព​ក្រហម អតិថិជន​អាច​ផ្លាស់ប្ដូរ​បាន ដោយ​ទាក់ទង​ទៅ​ផ្នែក​បម្រើ​អតិថិជន​នៅ​តាម​បណ្ដា​សាខា ឬ​ដៃគូ​ចែកចាយ​របស់ Samsung។ សេចក្ដី​រាយការណ៍ បាន​លើកឡើង​ថា ការ​កែ​អេក្រង់​របស់​ទូរស័ព្ទ មិន​បាន​ជួយ​អ្វី​ជា​ដុំ​កំភួន​ទេ ហើយ​ការ​កែ​នៅ​ក្នុង Settings ​នៃ​អេក្រង់​ទូរស័ព្ទ ក៏​មិន​ដោះស្រាយ​បាន​ដែរ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ GSMArena
X
5s