ទីបំផុត រូបរាងកំពូលទូរស័ព្ទ iPhone 8 ត្រូវទម្លាយឱ្យឃើញដោយអ្នកនៅក្នុង Foxconn ហើយ ពិតជាឡូយអស់ស្ទះ! ច្បាស់ថា មានអេក្រង់ថ្មី ៥,៨អ៊ីញ OLED ស្ទើរគ្មានគែម
អាចជាដំណឹងថ្មីមួយគួរឱ្យចាប់អារម្មណ៍ដល់មហាជន ដែលកំពុងតាមដានព័ត៌មានអំពីកំពូលទូរស័ព្ទ iPhone 8។ ទើបតែថ្មីៗនេះ មានបែកធ្លាយរូបរាងឌីហ្សាញ iPhone 8 ចេញពីអ្នកនៅក្នុងរោងចក្រ Foxconn ដែលជាដៃគូសហការដំឡើងផលិតផល iDevice របស់ Apple។ ប្រភពបានបញ្ជាក់ថា នេះជារចនាបថឌីហ្សាញចុងក្រោយនៃម៉ូដែល iPhone ជំនាន់ទី១០ គឺ iPhone 8។ ដ្យាក្រាម បានបង្ហាញឱ្យឃើញ នូវ iPhone អេក្រង់ធំជាងមុន មិនធ្លាប់មានគឺ ទំហំ ៥,៨អ៊ីញប្រភេទ OLED និងជាអេក្រង់ 2.5D មានលក្ខណៈទាលឃុបចុះបន្តិចនៅផ្នែកគែមគ្រប់ជ្រុងនៃអេក្រង់។
ជាទូទៅមុននឹងឈានដល់ការប្រកាសចេញស្មាតហ្វូនកំពូលៗរបស់បណ្ដាក្រុមហ៊ុនទូរស័ព្ទល្បីៗ គឺសុទ្ធតែមានផ្សាយចេញដំណឹង អំពីលក្ខណៈសម្បត្តិ ក៏ដូចជារូបរាងជាមុន។ ជាក់ស្ដែង iPhone ជំនាន់ថ្មីរបស់ Apple ពេលនេះកំពុងត្រូវមហាជនចោលក្រសែភ្នែក តាមដានយ៉ាងជាប់ស្អិត ដោយក្ដីរំពឹងថា iPhone 8 នឹងជាកំពូលស្មាតហ្វូនទំនើបបំផុតមួយ ចេញមកប្រកួតប្រជែងទីផ្សារស្មាតហ្វូនទំនើបៗឆ្នាំ២០១៧ នេះ។ សរុបមក រចនាបថទូរស័ព្ទ iPhone គឺមានការផ្លាស់ប្ដូរអស់ ៣ដង មកហើយគឺរាប់ចាប់ពី iPhone 3GS ឡើងទៅ iPhone 4, ពី iPhone 4s ឡើងទៅ iPhone 5 និងពី iPhone 5s ឡើងទៅ iPhone 6។ ហើយដំណឹងបែកធ្លាយ ដែលគួរឱ្យទុកចិត្តភាគច្រើន គឺត្រូវទម្លាយដោយប្រភពរោងចក្រ Foxconn ដែលជាដៃគូសហការរបស់ Apple។
បើតាមការអះអាងមុន ដោយអ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo ឱ្យដឹងថា កាមេរ៉ាមុខនៅលើ iPhone 8 នឹងត្រូវច្របាច់បញ្ចូលបច្ចេកវិទ្យា 3D scanner ជាមួយសមត្ថភាពអាចសម្គាល់ផ្ទៃមុខ face recognition។ ក្រុមហ៊ុន Apple បានកំពុងបញ្ចូលមុខងារ និងបច្ចេកវិទ្យាថ្មីៗនេះ ទៅលើ iPhone 8 ដែលជាហេតុនាំឱ្យចង្វាក់ផលិតកម្ម អាចត្រូវពន្យារពេលបន្តិច។
យោងតាមប្រភពដដែលនេះ ឱ្យដឹងទៀតថា ប៊ូតុង Home នឹងពុំជាប៊ូតុងមានរាងច្បាស់ៗ ហើយមិនអាចចុចសង្កត់ចុះក្រោម ដូចនៅលើ iPhone ជំនាន់មុនៗទៀតឡើយ។ រីឯប៊ូតុង Power នឹងបញ្ចូលមុខងារ អាចធ្វើកិច្ចការបានពីរយ៉ាងផ្សេងគ្នា ហើយ Touch ID នឹងត្រូវបង្កប់នៅពីក្រោយអេក្រង់។ បើតាមចចាមអារ៉ាមថ្មីៗនេះ អមជាមួយរូបគំនូសតាង iPhone ជំនាន់ក្រោយ ឃើញថា iPhone 8 នឹងបំពាក់មកជាមួយកាមេរ៉ាភ្លោះ (dual camera) នៅខាងក្រោយ ប៉ុន្តែមានទម្រង់បញ្ឈរ គឺមិនផ្ដេកដូចនៅលើ iPhone 7 Plus នោះទេ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena