គន្លឹះសំខាន់ៗដែលអ្នកត្រូវចាំដាច់ខាត ដើម្បីធ្វើជំនួញដោយជោគជ័យ ទោះបីជាមានដើមទុនតិចតួចក្តី!
មនុស្សភាគច្រើនសុទ្ធតែចង់ធ្វើជំនួញដោយខ្លួនឯង ព្រោះធុញទ្រាន់នឹងការបំរើការងារឲ្យគេ។ ប៉ុន្តែចំណុចសំខាន់មួយដែល រារាំងពួកគេមិនឲ្យហ៊ានចេញធ្វើអាជីវកម្មដោយខ្លួនឯងនោះ គឺ ព្រោះតែមានដើមទុនតិចតួចពេក ដែលពិបាកនឹងដំណើរការណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកពិតជាចង់ធ្វើអាជីវកម្មមែន គឺត្រូវជំនះធ្វើវាឲ្យបានទោះមានលុយតិចតួចក្តី ពោលគឺត្រូវចាំផ្តើមពីតូចទៅធំ។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗ ដើម្បីពន្លឺដល់អ្នកក្នុងការបើកអាជីវកម្ម ទោះបីជាមានដើមទុនតិចតួចក្តី៖
១) ធ្វើជំនួញណាដែលអ្នកមានជំនាញ ឬ ដឹងច្បាស់ជាងគេ៖ បើអ្នកមិនសូវមានលុយច្រើនទេ សូមកុំស្រវាបើកអាជីវកម្មណាដែលអ្នកមិនសូវដឹង ឬ មិនសូវមានជំនាញឲ្យសោះ ព្រោះត្រូវចំណាយពេលយូរដើម្បីស្រាវជ្រាវ និង ចំណាយថវិកាច្រើនដើម្បីជួលបុគ្គលិកដែលមានជំនាញ។ ដូច្នេះ ជម្រើសដ៏ល្អ គឺគួរគិតធ្វើអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯងជាមួយនឹងទំនុកចិត្តខ្ពស់។
២) ធ្វើជំនួញបែបសេវាកម្ម៖ ជម្រើសដ៏ល្អក្នុងការផ្តើមអាជីវកម្មមួយដែលមានដើមទុនតិចតួចនោះ គឺគួរតែជាលក្ខណៈផ្តល់សេវាកម្ម ព្រោះថា ការផ្តល់សេវាកម្មគឺមិនត្រូវចំណាយដើមទុនដូចលក់ផលិតផលនោះឡើយ។ ជាទូទៅបើអ្នកបើកអាជីវកម្មលក់ផលិតផល គឺទាមទារឲ្យមានដើមទុនច្រើនដើម្បីទិញវត្ថុធាតុដើម ឃ្លាំង ឬ ទិញទំនិញមកស្តុកទុក ដូច្នេះដើមទុនតិចតួចគឺទៅមិនរួចឡើយ។
៣) បញ្ចៀសការចំណាយមិនចាំបាច់៖ សូមកុំគិតថា ជារឿងធម្មតាឲ្យសោះក្នុងពេលដំណើរការអាជីវកម្មមួយ ព្រោះមានការចំណាយច្រើន ដូច្នេះហើយបើអ្នកមិនគិតឲ្យច្បាស់ ហើយចេះតែចំណាយផ្តេសផ្តាសនោះ វានឹងនាំឲ្យអាជីវកម្មរបស់អ្នកគ្មានថ្ងៃអាចដើរដល់គោលដៅឡើយ។ ដូច្នេះហើយ ត្រូវព្យាយាមកាត់បន្ថយការចំណាយឲ្យបានច្រើន ពោលគឺចំណាយតែអ្វីដែលចាំបាច់ខ្លាំងបានហើយ។
៤) រកស៊ីជាមួយដៃគូដែលមានជំនាញ៖ ទោះបីជាមិនសូវមានដើមទុនច្រើនក៏ដោយក៏មិនថ្វីតែ ប្រសិនបើអ្នកអាចស្វែងរកមិត្តភក្ដិ ឬ ដៃគូណាមានជំនាញផ្សេងៗគ្នា ដែលអាចធានាបានអំពីដំណើរការអាជីវកម្មនោះ ដូចជា អ្នកខ្លះមានជំនាញទីផ្សារ គ្រប់គ្រង និង ជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងប្រភេទអាជីវកម្មនោះ។ វាជាចំណុចមួយដែល លោកអ្នកមិនគួរមើលរំលងឡើយ ព្រោះការធ្វើបែបនេះអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន៕
ដោយ៖ រតនា វិចិត្រ