Rob Glibert៖ ​«​បុគ្គល​​បរាជ័យ​ មើល​ឃើញ​តែ​ពី​ទណ្ឌកម្ម​​នៅ​ពេល​បរាជ័យ​ ​ចំណែក​បុគ្គល​ជោគជ័យ​មើល​ឃើញ​តែ​ពី​រង្វាន់​នៅ​ពេល​​ជោគជ័យ​»​



​«​បុគ្គល​​បរាជ័យ​ មើល​ឃើញ​តែ​ពី​ទណ្ឌកម្ម​​នៅ​ពេល​បរាជ័យ​ ​ចំណែក​បុគ្គល​ជោគជ័យ​មើល​ឃើញ​តែ​ពី​រង្វាន់​នៅ​ពេល​​ជោគជ័យ​»​។ នេះ​ជា​គតិ​របស់​លោកRob Glibert​ ជាអ្នកនិពន្ធ និង ជាអ្នកជំនាញផ្នែកលើកទឹកចិត្តរបស់អាមេរិក ដែល​ក្នុង​ន័យ​នេះ ​​ចង់​បញ្ជាក់​ថា ​ការ​គិត​ និង យល់​ឃើញ​ចំពោះ​រឿង​អ្វី​មួយ​គឺ​ជា​រឿង​សំខាន់​ ​​​​មាន​ន័យ​ថា​បើ​​គិត​ឃើញ​តែ​ពី​បញ្ហា​ នោះ​​អ្នក​នឹង​ជួប​តែ​ពី​បញ្ហា​​ ​តែ​បើ​គិត​​ឃើញ​តែ​ពី​ដំណោះស្រាយ​ និង ​​​​សមិទ្ធផល​​​នៅ​ពេល​សម្រេច​កិច្ចការ​ណា​​មួយ​នោះ ​​អ្នក​នឹង​​មាន​សង្ឃឹម​ខ្ពស់​ ​ក្នុង​ការ​ទទួល​ជោគជ័យ​។ ​​​

ការ​គិត​ គឺ​ពិត​ជា​សំខាន់​ ព្រោះ​មនុស្ស​ជោគជ័យ ឬ បរាជ័យ​​សុទ្ធតែ​ផ្ដើម​ចេញ​ពី​ការ​គិត​របស់​ខ្លួន​​ម្នាក់ៗ។ ​​មនុស្ស​ដែល​គិត​ឃើញ​តែ​ពី​បញ្ហា​ ​និង រឿង​អាក្រក់​ ​ឬ​គិត​ថា ទៅ​មិន​រួច​ទេ​ ព្រោះ​ដោយ​យោង​លើ​ហេតុផល​មួយ​ ពីរ​ បី​​ ​បួន​​ ​គឺ​ប្រាកដ​ណាស់​ថា ​នឹង​ទៅ​មិន​រួច ​ហើយ​ខួរក្បាល​នោះ ​នឹង​កាន់​តែ​ស្មុគ​ឡើង​ៗ។ ​​គេ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ​មិន​ទាន់​ចូល​​ប្រកួត​ផង​ គិត​ថា ​ខ្លួន​ឯង​ទៅ​មិន​រួច​ទៅ​ហើយ​។

​ប៉ុន្តែ​​សម្រាប់​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ជោគជ័យ​វិញ ​គិត​ខុស​ពី​នេះ​ដាច់​។ ​ពួកគេ​មិន​បដិសេធ​​ទេ​ ​​បញ្ហា​ផ្សេងៗ​មិន​ងាយ​នឹង​ដោះស្រាយ​បាន​ ​ហើយ​ខ្លួន​ក៏​មិន​អាច​ជោគជ័យ​ដោយ​ស្រួល​ៗ​ដែរ​ ប៉ុន្តែ​បើ​មិន​សាក​ ក៏​មិន​ដឹង​ ​ ​​ដូច្នេះ​ហើយ​មិន​ថា វា​ពិបាក​ប៉ុណ្ណា​នោះ​ទេ​ គឺ ត្រូវ​តែ​ព្យាយាម​ធ្វើឲ្យ​បាន​ ព្រោះ​​ពិបាក​មុន​ តែង​ស្រណុក​ក្រោយ​។ ការ​គិត​ និង ចេញ​សកម្មភាព​បែប​នេះ ​មិន​យូរ​មិន​ឆាប់​ប្រាកដ​ជា​ ជោគជ័យ​។  បើទោះបីជា បរាជ័យ ក៏វានឹងក្លាយជាមេរៀន ឬ គ្រាប់ពូជដ៏មានប្រយោជន៍សម្រាប់ភាពជោគជ័យទៅថ្ងៃក្រោយដែរ។ ​​ត្រូវ​ចាំ​ថា​ ជោគជ័យ​ធំ ​​ក៏​ត្រូវការ​ព្យាយាម​ និងសកម្មភាព​​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែរ​៕

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s