Nick Vujicic៖ គន្លឹះ៧យ៉ាងដើម្បីជោគជ័យក្នុងជីវិត ទោះបីជាអ្នកជាមនុស្សពិការក៏ដោយ
កើតមកជាមួយនឹងពិការភាពតាំងពីកំណើត (គ្មានដៃជើង) លោកNick Vujicic ជួបការលំបាកយ៉ាងខ្លាំងក្នុងជីវិត ប៉ុន្តែលោកមិនបានអស់សង្ឃឹមនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ បុរសរូបនេះបានអភិវឌ្ឍខ្លួនក្លាយជា បុគ្គលល្បីល្បាញមួយរូបខាងផ្នែកបណ្ដុះភាពជោគជ័យ និង ការលើកទឹកចិត្តមនុស្ស។
Nick Vujicic បាននិយាយថា ពិការភាពដ៏ធំបំផុតរបស់មនុស្ស គឺមិនមែនរាងកាយនោះទេ តែវាជាការពិការចិត្ត។
ត្បិតកើតមកដោយគ្មានដៃជើង លោកNick Vujicicបានខិតខំយ៉ាងខ្លាំងដើម្បីអាចរស់នៅ និង ធ្វើការផ្សេងៗដូចមនុស្សទូទៅ ជាពិសេសនោះលោកអាចលេងកីឡា និង សកម្មភាពមួយចំនួនទៀត។ លើសពីនេះទៀត បុរសកូន២វ័យ៣៤រូបនេះ បានក្លាយជាមនុស្សពូកែខាងផ្នែកវោហារសាស្ត្រ និង មានជំនាញលើកទឹកចិត្ត និង បណ្ដុះភាពជោគជ័យដល់មនុស្សជាច្រើន។ លោកបានធ្វើដំណើរទៅប្រទេសជាច្រើន ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ (កាលពីឆ្នាំ ២០១៣) ដើម្បីធ្វើជាវាគ្មិនក្នុងការចែករំលែកចំណេះដឹង និង គន្លឹះជោគជ័យក្នុងជីវិត ជាពិសេសគឺការតស៊ូ និង ការផ្ដល់តម្លៃចំពោះជីវិត។ បើតាមលោក Nick Vujicic ការពិការរាងកាយ គឺមិនមែនជាឧបសគ្គធំក្នុងជីវិតនោះទេ ព្រោះរូបលោកផ្ទាល់គឺជា មនុស្សពិការស្រាប់ ហើយបើសិនខ្លួនលោកផ្ទាល់ផ្ដេកផ្ដួលលើរាងកាយដែលមិនអំណោយផលពីកំណើតនោះ ប្រហែលជាគ្មានថ្ងៃអាចជោគជ័យដូចបច្ចុប្បន្ននេះទេ។ ការគិត និង យល់ឃើញចំពោះខ្លួនឯងគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះបើយើងគិតថា ខ្លួនឯងគ្មានកំណើត ឬ មិនបានការហើយ មិនបាច់និយាយដល់ភាពជោគជ័យអ្វីនោះឡើយ ព្រោះ វាមានន័យស្មើនឹងបោះបង់ចោលការប្រកួតបាត់ទៅហើយ។ លោក Nick Vujicic បានប្រាប់ពីគន្លឹះ១០យ៉ាង ដើម្បីក្លាយជាបុគ្គលជោគជ័យ ទោះបីជាអ្នកមានពិការភាពពីកំណើតក៏ដោយ។
ទី១៖ ត្រូវចាំថា អ្នកមានតម្លៃរបស់អ្នក។
ទី២៖ អ្នកត្រូវជឿជាក់លើខ្លួនឯង។
ទី៣៖ កុំបោះបង់។
ទី៤៖ ត្រូវធ្វើអ្វីដែលអ្នកចង់។
ទី៥៖ ធ្វើមួយជំហានម្ដង។
ទី៦៖ ស្វែងរកគោលបំណងសំខាន់របស់អ្នក។
ទី៧៖ ត្រូវធ្វើឲ្យ«ថ្ងៃនេះ»មានន័យ ឬ មានប្រយោជន៍ (មិនឲ្យពេលមួយថ្ងៃកន្លងផុតទៅអត់ប្រយោជន៍)។
ទី៨៖ ត្រូវមានជំនឿ។
ទី៩៖ ត្រូវមានចិត្តតស៊ូដាច់ខាត។
ទី១០៖ ត្រូវដឹងគុណចំពោះអ្វីដែលអ្នកមាន ឬ ត្រូវសប្បាយចិត្តចំពោះអ្វីដែលខ្លួនមាន៕
ដោយ៖ រតនា វិចិត្រ