អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត​



លោក​ ​​សន  ខូវិយ៍ (Sean Covey) គឺ​ជា​អ្នក​និពន្ធ​​ និង ​ជា​អ្នក​បណ្ដុះ​ភាព​ជោគជ័យ និង ​ភាព​ជា​​អ្នក​ដឹកនាំ​​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​សហរដ្ឋអាមេរិក ​​ហើយ​លោក​ក៏​ជា​កូន​ប្រុស​បង្កើត​របស់​​លោក​ ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey) ​ដែល​មាន​ជំនាញ​ដូច​គ្នា​។ ​​មិន​ខុស​ពី​ឪពុក​ លោក​ ​​សន  ខូវិយ៍ (Sean Covey)​ ​ទទួល​បាន​ជោគជ័យ​ជាច្រើន​លើ​ផ្នែក​និពន្ធ​សៀវភៅ​។ ​បើ​តាម​​​អ្នក​និពន្ធ​រូប​នេះ ​មាន​ទម្លាប់​អាក្រក់​៧​យ៉ាង​ ដែល​ធ្វើ​ឲ្យ​​មនុស្ស​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត​ ជា​ពិសេស​យុវជន​​៖​​​​​

១) ​​ប្រតិកម្ម​អវិជ្ជមាន​៖

ប្រតិកម្ម​​​អវិជ្ជមាន​ក្នុង​ន័យ​នេះ ​មាន​ន័យ​ថា ​នៅ​ពេល​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ ​​​មនុស្ស​តែង​តែ​បន្ទោស​ទៅ​លើ​អ្នកដទៃ​ ​មិន​ថា គ្រួសារ​ មិត្តភ័ក្ដិ​ ឬ​​ ​​លក្ខខណ្ឌ​ការងារ​ ដោយ​ភ្លេច​​យក​ទំនួល​ខុស​ត្រូវ​ដាក់​មក​លើ​ខ្លួន​ឯង​។ ​នៅ​ពេល​ដែល​​​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ​ ថែម​ទៀត​នាំ​​ឲ្យ​បញ្ហា​ចេះ​តែ​កើត​ឡើង​ច្រើន​ថែមទៀត​ ដែល​នាំ​​ឲ្យ​​អ្វីៗ​មើល​ទៅ​មាន​​តែ​ភាព​ខ្មៅ​ងងឹត។​ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​គិត​បែប​ផ្សេង​​ដោយ​​ឈប់​បន្ទោស​អ្នកដទៃ ​ហើយ​ទាញ​យក​ទំនួល​ខុសត្រូវ​ដាក់​លើ​ខ្លួន​ឯង​ ​​ហើយ​ព្យាយាម​​ដោះស្រាយ​បញ្ហា​ទាំង​នោះ ​វា​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ប្រសើរ​ឡើង​មិន​ខាន​។

២) ​​គ្មាន​ការ​គិត​វែងឆ្ងាយ៖

មនុស្ស​ដែល​គិត​ខ្លី​ គឺ​ចូលចិត្ត​មើល​តែ​ប្រយោជន៍​ភ្លាមៗ​ ​ឬ ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី​ ​ដោយ​ភ្លេច​គិត​អំពី​ប្រយោជន៍​ក្នុង​រយៈពេល​វែង​ ដែល​នាំ​ឲ្យ​ឆាក​​ជីវិត​របស់​ខ្លួន​មិន​អាច​បញ្ចេញ​នូវ​ពន្លឺ​ដ៏​អស្ចារ្យ​ដូច​អ្នកដទៃ​បាន​។ ​មនុស្ស​ដែល​គ្មាន​ការ​គិត​វែង​ឆ្ងាយ គឺ​មិន​ដែល​​ព្យាយាម​គិត​ ឬ​រំពៃ​គិត​ថា​ នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក ​ខាន​ស្អែក ឬ​ នៅ​ពេល​ខាង​មុខ​​ទៀត​នោះ​ទេ​ ​អ៊ីចឹង​ហើយ​នៅ​ពេល​ថ្ងៃ​មួយ​មក​ដល់​ គឺ​បាន​ត្រឹម​តែ​សោកស្ដាយ​ និង ​យំ​ស្អែក​ប៉ុណ្ណោះ​។

៣) ​មិន​ចេះ​បែងចែក​ការងារ​ណា​សំខាន់​​

«​ការងារ​មិន​ច្របូកច្របល់​ជា​មង្គល​ដ៏​​ឧត្ដម​»។ នេះ​ជា​​ពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ។ ​​​ការងារ​មិន​ច្របូកច្របល់​ មាន​ន័យ​ថា ដឹង​ច្បាស់​ថា អ្វី​សំខាន់​ និង មិន​សំខាន់​ អ៊ីចឹង​ហើយ​នៅ​ពេល​ដែល​ធ្វើ​នោះ គឺ​មិន​ឈឺ​ក្បាល​ច្រើន ហើយ​ក៏​មិន​ខាតពេល​ក្នុង​ការ​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ផង​ដែរ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ ខ្វះ​ចំណុច​នេះ ជា​ហេតុ​នាំ​​ឲ្យ​ពួកគេ​​មិន​អាច​ធ្វើ​អ្វី​បាន​សម្រេច​ជា​ដុំកំភួន​សោះ។ ​មិន​អាច​សម្រេច​អ្វី​ជា​ដុំកំភួន​សោះ​ ព្រោះ​ នៅ​ពេល​ចាប់​ផ្ដើម​​នោះ គឺ​​រញ៉េរញ៉ៃ​​ ឬ មិន​ដឹង​ក្បាល​មិន​ដឹង​កន្ទុយ​បាត់​ទៅ​ ដូច្នេះ​ហើយ រក​លទ្ធផល​ល្អ​មក​ពី​ណា។

៤) ​​គិត​តែ​រឿង​ចាញ់​ និង ឈ្នះ​

​មនុស្ស​ភាគច្រើន​គិត​ថា ​បើ​មិន​ឈ្នះ​ គឺ​ចាញ់​។ ការ​គិត​បែប​នេះ ​ធ្វើ​ឲ្យ​ពួកគេ​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​តែ​ពាក្យ​ថា​ ឈ្នះ ទោះ​បី​ជា​ពេល​ខ្លះ​​ប្រើប្រាស់​វិធី​​ ដែល​មិន​គួរ​ប្រើ​ក៏​ដោយ ​ហើយ​បើ​ចាញ់​វិញ ពួក​នឹង​បាក់​ទឹកចិត្ត​ ហើយ​មើល​ឃើញ​ពិភពលោក​នេះ​គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​បើ​គិត​បែប​វិជ្ជមាន​ ឬ ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​វិញ ​នោះ​អ្វីៗ​ប្រាកដ​ជា​ប្រសើរ​ជាង​នេះ​​ ព្រោះ​​បើ​ទោះបី​ជា​ អ្នក​ឈ្នះ​​​គឺ​ឈ្នះ​ដោយ​សមត្ថភាព​ពិត ​ហើយ​បើ​ទោះបី​ជា​ចាញ់​ ក៏​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​ដែល​មិន​អាច​រៀន​បាន​នៅ​តាម​សាលា​ ឬ យល់​តាម​សៀវភៅ​បាន​​នោះ​ដែរ​។

៥) ​ចូលចិត្ត​និយាយ​ច្រើន​ជាង​ស្ដាប់​

មនុស្ស​ភាគច្រើន ​ចូលចិត្ត​ធ្វើ​តួឯក​ក្នុង​ពេល​និយាយ​ ​ឬ​​ និយាយ​ចាញ់​គេ​ហែក​មាត់​ចោល​។ ​​ឲ្យ​​តែ​បាន​​និយាយ​ច្រើន​ជាង​គេ​ ទោះ​និយាយ​មិន​ដឹង​ក្បាល​មិន​ដឹង​កន្ទុយ​ក៏​មិន​អី​ ​សំខាន់​ឲ្យ​តែ​និយាយ​បាន​ច្រើន ព្រោះ​គិត​ថា ​វា​ជា​ចំណុច​មួយ​​ដើម្បី​ក្លាយ​ជា​តួឯក​។ ប៉ុន្តែ​ធាតុ​ពិត​ មនុស្ស​ប្រភេទ​នេះ ​​គ្មាន​ខ្លឹម​អ្វី​សូម្បី​បន្តិច​។​ ជា​មនុស្ស​គ្មាន​ខ្លឹម​ ព្រោះ​​សំដី​ដែល​និយាយ​ចេញ​នោះ ​គឺ​គ្មាន​ន័យ​ ឬ ​គ្មាន​ខ្លឹម​ដែល​ធ្វើ​ឲ្យ​គេ​ចង់​ស្ដាប់​ ឬ ​កើត​ជា​ប្រយោជន៍​នោះ​ឡើយ​ ​គឺ​មាន​តែ​រឿង​ធុញទ្រាន់​ ហើយ​ពេល​ខ្លះ​លួច​អស់​សំណើច​ទៅ​វិញ​។ ​ទំនាស់​ភាគច្រើន​ក៏​កើត​ឡើង​ដោយសារតែ​ ​​ការ​ប្រឹង​និយាយ​រៀង​ខ្លួន​​នេះ​​ឯង។ ដូច្នេះ​ហើយ ​ត្រូវ​ប្រឹង​ស្ដាប់​ មុន​ពេល​និយាយ​ ព្រោះ​នៅ​ពេល​​កំពុង​ស្ដាប់​នោះ អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ជាច្រើន​ ​ហើយ​នៅ​ពេល​ដែល​និយាយ​ទៅ​ប្រាកដ​ជា​ចំកន្លែង​រសើប​ ​ដែល​ធ្វើ​ឲ្យ​ដៃគូ​​ព្រងើយកន្តើយ​មិន​បាន​។​ ម្យ៉ាងវិញ​ទៀត​ វា​ក៏​បង្ហាញ​ថា​ អ្នក​គោរព​អ្នកដទៃ​ផង​ដែរ​។

៦) ​អត់​ចេះ​ធ្វើ​ការ​ក្រុម​

​ពាក្យ​ចាស់​លោក​​ពោល​ថា​ «​ចង្កឹះ​មួយ​បាច់​គេ​កាច់​មិន​បាក់»។ នេះ​ជា​ពាក្យ​ដ៏​ត្រឹមត្រូវ​ និង មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​មនុស្ស​គិត​ ហើយ​អនុវត្ត​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ ​ភ្លេច​គិត​ពី​ចំណុច​នេះ ​​ហើយ​ព្យាយាម​ធ្វើអ្វី​តែ​ឯង​។ បើ​ទោះបី​ជា​​អ្នក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​អ្នក​មិន​អាច​ទូល​ផែន​ដី​មួយ​តែ​ម្នាក់​ឯង​បាន​ឡើយ​។ អ្នក​អាច​នឹង​​ពូកែ​ផ្នែក​អ្វី​មួយ ​ប៉ុន្តែ​អ្នក​នឹង​មិន​អាច​ធ្វើ​អ្វីៗ​បាន​សម្រេច​សឹង​គ្រប់យ៉ាង​នោះ​ឡើយ​ ជា​ពិសេស​ក្នុង​​រូបភាព​ធំៗ​។ ​​​ដូច្នេះ​ហើយ​​មាន​​​ការងារ​ក្រុម​ប៉ុណ្ណោះ ដែល​អាច​ជួយ​បាន​ ព្រោះ​សមាជិក​ម្នាក់ៗ​នឹង​បំពេញ​​ចន្លោះ​ឲ្យ​គ្នា​​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​បើ​មិន​ចេះ​ធ្វើ​ការងារ​ក្រុម​ទេ ​កុំ​សង្ឃឹម​តែ​​​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​បាន​​ឲ្យ​សោះ​។

៧) ​មិន​អភិវឌ្ឍ​ខ្លួន​៖

មនុស្ស​មិន​មែន​ទេព្ដា​នោះ​ទេ ​ព្រោះ​សូម្បី​តែ​គ្រឿង​ម៉ាស៊ីន​ក៏​ត្រូវ​ការ​ជួសជុល និង បន្ថែម​ ឬ ​​ប្ដូរ​គ្រឿង​បន្លាស់​មួយ​ចំនួន​ដែរ​ដើម្បី​ឲ្យ​​ប្រតិបត្តិការ​​បន្ត​ទៅ​មុខ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ខ្ពស់​។​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ភ្លេច​គិត​ពី​ចំណុច​នេះ​។ អ្នក​ខ្លះ​គិត​ថា ខ្លួន​រៀន​បាន​ខ្ពស់​រៀន​ មិន​បាច​រៀន​អ្វី​ទៀត​នោះ​ទេ ប៉ុន្តែ​ទោះ​កាំបិត​មុត​ប៉ុណ្ណា​ ​នៅ​ពេល​ដែល​មិន​ប្រើការ​ និង មិន​សំលៀង​ជា​ប្រចាំ​ទេ​ វា​នឹង​ក្លាយ​ដុំ​ដែក​​​​មួយ​មិន​ខាន​។ ​អ្នក​ខ្លះ​ទៀត​ ​ចូលចិត្ត​តែ​ស្រែក​ថា ខ្លួន​គ្មាន​ការងារ​ធ្វើ​ ខ្លួន​រៀន​មិន​ចេះ ឬ ​មិន​ពូកែ ទាំង​​មិន​ដែល​ប្រឹង​រក​ការងារ ឬ មិន​ដែល​ប្រឹង​រៀន​​សោះ​។ អ៊ីចឹង​ហើយ​បាន​ជា​អ៊ីចឹង​។ ​​សរុប​មក​វិញ ​​​បើ​​មិន​អភិវឌ្ឍ​ខ្លួន​ទេ​ វា​មាន​ន័យ​ស្មើ​នឹង​ ស្អប់​ការ​រីកចម្រើន​​របស់​ខ្លួន​ ឬ ស្មើ​នឹង​​ទាញ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​ធុងសំរាម​។ បើ​ហត់​ ត្រូវ​សម្រាក ប៉ុន្តែ​មិន​បោះបង់​នោះ​ទេ​៕​

​​ដោយ​៖ រតនា​ ​វិចិត្រ​ ​​​​​ ​​​​​​​​

X
5s