តើកម្លាំងយោធាអាមេរិកខ្លាំងកម្រិតណា បើធៀបនឹងចិន រុស្ស៊ី និងកូរ៉េខាងជើងបូកបញ្ចូលគ្នា?
ការបញ្ជូននាវាពិឃាដទៅកាន់ឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ គឺជាការបង្ហាញសាច់ដុំយោធារបស់សហរដ្ឋអាមេរិកចំពោះពិភពលោក ក៏ប៉ុន្តែរឿងមួយដែលម្នាក់ៗដឹងស្ទើរតែគ្រប់គ្នាថា កូរ៉េខាងជើង ចិន និងរុស្ស៊ីសុទ្ធតែជាអ្នកប្រឆាំងនឹងអាមេរិក។ តើសមត្ថភាពសហរដ្ឋអាមេរិកមានប៉ុណ្ណា បើធៀបនឹងប្រទេសផ្សេង?
បើទោះបីជាអាមេរិក គ្មានការសង្ស័យថា ជាតារាឈរមុខគេបើនិយាយពីកម្លាំងយោធា ប៉ុន្តែក្រុមអ្នកវិភាគលើកឡើងថា កូរ៉េខាងជើងអាចបង្កព្យុះភ្លៀងដាក់អាមេរិកវិញបានដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី news.com.au។
លោកសាស្ត្រាចារ្យ John Blaxland ជាប្រធានស្ដីទីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងការពារជាតិ នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី បានថ្លែងប្រាប់ប្រភពព័ត៌មានខាងលើដូច្នេះថា ៖«អ្នកជំនាញភាគច្រើនគិតថា មានរឿងអីកើតឡើងនៅកូរ៉េក៏ដោយ ប្រសិនបើអ្នកណាម្នាក់ចុចប៊ូតុងមុន នោះសង្គ្រាមនឹងផ្ទុះឡើងយ៉ាងតឹងតែង ប៉ុន្តែមានរយៈពេលខ្លី តែនឹងធ្វើឱ្យមហន្តរាយធ្ងន់ធ្ងរជាមិនខាន»។
លោកលើកឡើងបែបនេះ ដោយសម្អាងលើហេតុផលមួយគឺថា ទាំងចិន កូរ៉េខាងជើង និងរុស្ស៊ីសុទ្ធតែមានអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ហើយមិនតែប៉ុណ្ណោះសុទ្ធតែជាប្រទេសដែលមានកម្លាំងយោធាហ្វឹកហាត់ជាច្រើនថែមទៀតផង។
ដោយឡែក បើយោងតាមគេហទំព័រប្រមូលទិន្នន័យសង្គ្រាមផ្អែកតាមព័ត៌មានមានជាសាធារណៈ Global Firepower បង្ហាញថា សហរដ្ឋអាមេរិកឈរនៅលេខមួយ បើនិយាយពីសមត្ថភាពយោធាខាងផ្លូវគោក ទឹក និងអាកាស។ គាំទ្រទៅនឹងការលើកឡើងរបស់គេហទំព័រខាងលើ លោកសាស្ត្រាចារ្យដដែល បានថ្លែងដូច្នេះថា ៖«សហរដ្ឋអាមេរិក គឺមានយោធាដែលមានអំណាចបំផុតនៅក្នុងលោក»។
ថវិកាចំណាយប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក មានទំហំ ៥៨១ពាន់លានដុល្លារ លើសចិន (មាន ១៥៥ពាន់លានដុល្លារ) រុស្ស៊ី (៤៥ពាន់លានដុល្លារ) និងកូរ៉េខាងជើង (៧,៥ពាន់លានដុល្លារ) បូកបញ្ចូលគ្នាទៅទៀត។ តែបើនិយាយពី ចំនួនកងទ័ពវិញ គឺអាមេរិកមានតែ ១,៤លាននាក់ប៉ុណ្ណោះ ខណៈចិន ជាង ២លាន រុស្ស៊ី ជាង ៧សែន និងកូរ៉េខាងជើង ៧សែននាក់។
តាមប្រភពព័ត៌មានដដែល កងទ័ពអាមេរិកដែលឈរជើងនៅជាប់ព្រំដែនកូរ៉េខាងជើង (ឈរជើងនៅកូរ៉េខាងត្បូង) មានតែ ២០ ០០០នាក់ប៉ុណ្ណោះ បូកបន្ថែម កងទ័ពអាកាស និងកងកម្លាំងពិសេសប្រមាណ ៨០០០នាក់។ អាមេរិកមានកងទ័ពប្រមាណ ៥០ ០០០នាក់ទៀតនៅជប៉ុន។
ងាកមកមើលកូរ៉េខាងជើង មានកងទ័ពប្រមាណ ៧០០ ០០០នាក់ប៉ុន្តែកងទ័ពបម្រុងវិញ គឺមានរហូតដល់ ៤,៥លាននាក់ឯណោះ។ ពាក់ព័ន្ធនឹងអាវុធធុនធ្ងន់វិញ លោកសាស្ត្រាចារ្យ Blaxland លើកឡើងថា កូរ៉េខាងជើងមានរ៉ុកកែត និងមីស៊ីលសរុប ២០ ០០០គ្រាប់។ បើនិយាយពីចំនួននេះ មិនប្រាកដថា បច្ចេកវិទ្យាទប់ជាប់រហូតនោះទេ។ លោកថ្លែងដូច្នេះថា ៖«កូរ៉េខាងជើងមានមីស៊ីល និងកាំភ្លើងធំយ៉ាងច្រើនសន្ធឹកដែលដាក់នៅជាប់នឹងតំបន់គ្មានយោធាកៀកនឹងក្រុងសេអ៊ូល ហើយកម្លាំងនៃអាវុធទាំងនោះអាចបាញ់គ្របដណ្ដប់ស្ទើរតែមានទំហំស្មើនឹងផ្ទៃដីនៃប្រទេសអូស្ត្រាលីទៅទៀត...វាពិតជាគួរឱ្យខ្លាច»។
[caption id="attachment_37085" align="aligncenter" width="643"] កងទ័ពអាមេរិកដែលឈរជើងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិច[/caption]
តាមលោកសាស្ត្រាចារ្យដដែល កងទ័ពអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូងអាចបាញ់កម្ទេចមីស៊ីលបានច្រើនមែន ប៉ុន្តែច្បាស់ណាស់ថា ប្រាកដជាមិនបាន ១០០%នោះទេ នោះហើយជាមហន្តរាយ។ «មិនថាបច្ចេកវិទ្យាអ្នកល្អប៉ុណ្ណានោះទេ ប្រសិនបើកម្ទេចមិនបានមួយគ្រាប់ពីរគ្រាប់ វាធ្លាក់ចំកន្លែងណានោះ ប្រាកដជាមានមហន្តរាយធ្ងន់ធ្ងរនៅទីនោះជាមិនខាន» លោកសាស្ត្រាចារ្យ Blaxland ថ្លែងដូច្នេះ។ ក្នុងសេណារីយ៉ូនេះ កូរ៉េខាងជើងមានលទ្ធភាពអាចសម្លាប់មនុស្សបានយ៉ាងហោចណាស់ ១សែននាក់ដែរ។ សេណារីយ៉ូដដែលនេះ ទោះកូរ៉េខាងជើងមិនឈ្នះសង្គ្រាម តែមនុស្សជាច្រើននាក់ច្បាស់ជាស្លាប់មិនខានបើសង្គ្រាមផ្ទុះឡើងមែននោះ។
គេច្បាស់ណាស់ថា ប្រទេសទាំងបីសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែប្រហែលមិនទាន់សម្រេចចិត្តប្រើភ្លាមៗនោះទេ ព្រោះថា បើប្រទេសណាប្រើមុន ច្បាស់ជាមានការសងសឹកភ្លាមៗធ្លាក់មកលើខ្លួនជាមិនខាន។
លោកសាស្ត្រាចារ្យ Blaxland មានប្រសាសន៍ថា រុស្ស៊ីមានសមត្ថភាពមិនធម្មតាទេមិនថាផ្នែកជើងទឹក នាវាមុជទឹក ឬកងទ័ពជើងគោក។ រុស្ស៊ីបានបង្ហាញសមត្ថភាពរបស់ខ្លួននៅដែនដីអ៊ុយក្រែនរួចទៅហើយ។
បើនិយាយពីចិនវិញ សមត្ថភាពផ្នែកអ៊ីនធឺណិតមិនអន់នោះទេ ហើយពិសេសគឺខាងចម្លងបច្ចេកវិទ្យាសព្វាវុធពីប្រទេសលោកខាងលិច។ ចិន មានអាវុធជាច្រើនដែលអាចបាញ់ពន្លិចនាវាដឹកយន្តហោះស្ថិតនៅចម្ងាយឆ្ងាយ ឬបាញ់កម្ទេចប្រព័ន្ធផ្កាយរណបបានថែមទៀតផង។ លោកសាស្ត្រាចារ្យ Blaxland ថ្លែង៖ «មិនថាយើងមានយន្តហោះបំពាក់បច្ចេកវិទ្យាទំនើបប៉ុណ្ណានោះទេ បើសត្រូវយើងមានយន្តហោះច្រើនជាងយើង យើងនឹងអស់គ្រាប់មុនកម្ទេចពួកគេអស់ជាមិនខាន»។
រឿងមួយទៀតនោះគឺថា កងទ័ពអាមេរិកឈរជើងនៅផ្នែកជាច្រើននៅទូទាំងពិភពលោកមានដូចជា អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ស៊ីរី អឺរ៉ុប ឡាតវី អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ហ្គាំ និងហាវ៉ៃ។ បើសង្គ្រាមខ្នាតធំផ្ទុះឡើង អាមេរិកត្រូវការពេលវេលាដើម្បីប្រមូលផ្ដុំកម្លាំង។ លោកសាស្ត្រាចារ្យ Blaxland ៖«ពីមុនទ័ពអាមេរិក មានកម្លាំងអាចវាយសង្គ្រាមធំ មានទំហំ ២កន្លះទន្ទឹមគ្នាបាន ប៉ុន្តែបច្ចុប្បន្ន អាមេរិកអាចវាយសង្គ្រាមធំបានតែ ១ដងកន្លះ ឬតែ ១តែប៉ុណ្ណោះ»៕
ដោយ៖ យោធិន
ប្រភព៖ news.com.au