Apple និង Ericsson ស្រុះស្រួលគ្នាបញ្ចប់ជម្លោះប៉ាតង់ វិលមកចាប់ដៃសហការគ្នាដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ពេលអនាគត
Apple និងក្រុមហ៊ុនទូរគមនាគមន៍របស់ស៊ុយអែត Ericsson ថ្មីៗនេះបានចុះកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបញ្ចប់ជម្លោះប៉ាតង់រវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរ ហើយនឹងចាប់ដៃសហការគ្នាដើម្បីសម្រេចនូវបច្ចេកវិទ្យាសម្រាប់អនាគតដូចជា ការអភិវឌ្ឍបណ្ដាញ 5G, ការគ្រប់គ្រងចរាចរណិតវើកនៃវីដេអូ (video network traffic management) និងបណ្ដាញ wireless networks។
ការទម្លាក់កាំបិតចុះរៀងខ្លួនដោយឈប់រកចាញ់ឈ្នះស្ដីអំពីការប្រើអាជ្ញាប័ណ្ណប៉ាតង់ទូទាំងពិភពលោករបស់ក្រុមហ៊ុនទាំងពីរអស់រយៈពេល ៧ឆ្នាំមកនេះ គេនឹងឃើញក្រុមហ៊ុន Apple បង់ប្រាក់ទៅតាមការស្រុះស្រួលគ្នា ដោយកាច់ប្រាក់ចំណេញបានពីទូរស័ព្ទ iPhone និង iPad មួយចំណែកទៅឱ្យ Ericsson។ យ៉ាងណាគេមិនបានដឹងនៅឡើយថា តើចំណែកនោះស្មើនឹងទឹកប្រាក់ប៉ុន្មានដែល Apple នឹងផ្ដល់ឱ្យ Ericsson តែគេរំពឹងថា វាអាចស្ថិតក្នុងទំហំទឹកប្រាក់ធំមួយ ព្រោះបានពីតួលេខលក់ផលិតផលរបស់ Apple ដែលកំពុងវាយលុកទីផ្សារយ៉ាងក្រាស់ក្រែល។
ប្រធានកាន់ផ្នែកកម្មសិទ្ធិបញ្ញាលោក Kasim Alfalash របស់ក្រុមហ៊ុន Ericsson បានថ្លែងថា៖ «យើងមានសេចក្ដីរីករាយជាមួយនិងកិច្ចព្រមព្រៀងថ្មីនេះជាមួយក្រុមហ៊ុន Apple ដើម្បីជម្រះចេញនូវភាពចម្រូងចម្រាសរវាងក្រុមហ៊ុនទាំងពីរ ដើម្បីបន្តផ្ដោតលើការនាំយកបច្ចេកវិទ្យាថ្មីៗទៅដល់ទីផ្សារសាកល ហើយចូលរួមឱកាសពាណិជ្ជកម្មរួមគ្នាទៅថ្ងៃអនាគត»។
សូមបញ្ជាក់ថា កន្លងទៅក្រុមហ៊ុន Ericsson បានបើកការប្ដឹងផ្ដល់តាមរយៈយុត្តាធិការមួយចំនួនលើក្រុមហ៊ុន Apple លើករណីរំលោភលើប៉ាតង់របស់ខ្លួន។ យោងតាមក្រុមហ៊ុនស៊ុយអែតនេះថា Apple បានបំពានប៉ាតង់របស់ខ្លួនប្រមាណ ៤១ប៉ាតង់កាលពី២-៣ឆ្នាំពាក់ព័ន្ធបច្ចេកវិទ្យា GSM, UMTS និងបច្ចេកវិទ្យា LTE ដែលបានប្រើនៅលើ iPhone និង iPad។ បន្ទាប់ពីនោះ Ericsson បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកឱ្យធ្វើការហាមឃាត់ការលក់ iPhone និង iPad។
ដូច្នេះកិច្ចព្រមព្រៀងនេះបានន័យថា Ericsson នឹងបញ្ចប់ការប្ដឹងផ្ដល់ខ្លួនលើក្រុមហ៊ុន Apple នៅទូទាំងពិភពលោកដែលរួមមាន៖ អាល្លឺម៉ង់ អង់គ្លេស និងប្រទេសហុឡង់ដ៍ជាដើម។ ក្រុមហ៊ុន Ericsson មានប៉ាតង់នៅក្នុងដៃប្រមាណ ៣៥០០០ប៉ាតង់ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឥតខ្សែ wireless ហើយបានចុះព្រមព្រៀងផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនទូរស័ព្ទមួយចំនួនរួចហើយ។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ នឹងជួយដល់ចំណែកទីផ្សារ Ericsson ឱ្យកើនឡើង ៥,៤%៕