ទោះពេញចិត្តឬមិនពេញចិត្ត អ្នកមិនគួរប្រាប់មេរបស់អ្នកនូវរឿងទាំង ៤យ៉ាងនេះឡើយ!
ប្រសិនជាអ្នកបានធ្វើការជាមួយមេរបស់អ្នកអស់មួយរយៈពេលវែង អ្នកអាចចាប់ផ្តើមមានអារម្មណ៍ថា អ្នកនិងអ្នករួមការងារគឺជាគ្រួសារតែមួយ។ ទោះបីជាទំនាក់ទំនងមានការប្រសើរជាងមុនក៏ដោយ ចំណុចខ្លះអ្នកនៅតែមិនគួរនិយាយឡើយ។ ចំណុចខាងក្រោមនេះជាអ្វីដែលអ្នកពុំគួរនិយាយជាមួយមេរបស់អ្នកឡើយ៖
១) ខ្ញុំនឹងឈប់ធ្វើការនៅទីនេះ៖ ប្រសិនជាអ្នកស្អប់ការងាររបស់អ្នក អ្នកអាចរកការងារថ្មីស្ងាត់ៗ ឬលើកយកចំណុចដែលធ្វើឱ្យអ្នកមិនពេញចិត្តប្រាប់មេរបស់អ្នកដើម្បីស្វែងរកដំណោះស្រាយសមស្របបាន។ ប៉ុន្តែមិនមែនរអ៊ូដាក់មេថា នឹងឈប់ធ្វើការនៅទីនេះដោយគ្មានហេតុផលច្បាស់លាស់នោះទេ។ បើរអ៊ូជាប់អំពីរឿងនេះ ប្រហែលជាអ្នកត្រូវគេបញ្ឈប់មុនអ្នកដាក់ពាក្យឈប់ក៏ថាបាន។
២) រឿងផ្ទាល់ខ្លួន៖ អ្នកពុំគួរចែករំលែករឿងផ្ទាល់ខ្លួនច្រើនពេកទៅកាន់មេរបស់អ្នកឡើយ។ នៅកន្លែងការងារ អ្នកគួរតែនិយាយពីរឿងការងារ ពីព្រោះថាមេរបស់អ្នកក៏មិនចាប់អារម្មណ៍សកម្មភាពនាពេលទំនេររបស់អ្នកដែរ។
៣) មិត្តរួមការងារគ្មានសមត្ថភាព៖ សមត្ថភាពការងាររបស់មិត្តរួមការងារគួរតែទុកឲ្យមេរបស់អ្នកជាអ្នកសម្រេច និងដោះស្រាយ។ ការនិយាយអាក្រក់ពីអ្នកដទៃមានតែធ្វើឲ្យមេរបស់អ្នកមានគំនិតអវិជ្ជមានមកលើអ្នកទៅវិញទេ។
៤) មិនចង់ទៅប្រជុំ៖ ការងារមិនមែនជាអ្វីដែលអ្នកធ្វើតាមចិត្តចង់បាននោះទេ។ អ្នកទៅធ្វើការដើម្បីជួយសម្រេចគោលដៅរបស់មេ។ ប្រសិនជាការប្រជុំអាចជួយសម្រេចកិច្ចការបាន អ្នកគួរតែទៅប្រជុំដោយគ្មានការរអ៊ូ។ ទោះបីជាអ្នកគ្មានអារម្មណ៍ក៏ដោយ ក៏គួរទៅចូលរួមតែមិនមែនមិនចង់ទៅប្រជុំនោះឡើយ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com