​ហេតុផល​សំខាន់ៗ​៤​​យ៉ាង ​ដែល​អ្នក​មិន​គួរ​ឆាប់​​រៀបការ​នៅ​វ័យ​ក្មេង​ពេក​នោះ​ទេ​​​!​



មនុស្ស​ភាគច្រើន ​នៅ​ពេល​ដែល​ជួប​​ដៃគូ​ដែល​ខ្លួន​ពេញ​ចិត្ត ​គឺ​តែង​ប្រាថ្នា​ចង់​រៀប​ការ​ឲ្យ​បាន​ឆាប់​ ​​ដើម្បី​អាច​សាង​សុភមង្គល​រួម​គ្នា​។ ​ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​ភាព​ជាក់ស្តែង​​នៃ​ជីវិត​ជា​ប្តី​ប្រពន្ធ ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​នោះ​ឡើយ ​ដោយ​ត្រូវ​ប្រឈម​នឹង​បញ្ហា​រាប់​មិន​អស់​ ​​ទម្រាំ​អាច​រស់នៅ​ជា​មួយ​គ្នា​បាន​យូរអង្វែង។ ​ជាមួយគ្នា​នោះ​ ​អ្នក​ដែល​ចង់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក​ ​គឺ​អាច​នឹង​ប្រឈម​​បញ្ហា​ច្រើន​ជាង​ ​ដូច្នេះ​ហើយ ​មិន​គួរ​ប្រញាប់​រៀបការ​ពេក​នោះ​ទេ​ ​ព្រោះ​៖

  1. មិន​ទាន់​មាន​មុខរបរ ​ឬ ការងារ​ច្បាស់លាស់​៖ ​​ត្រូវ​ចាំ​ថា ​ជីវិត​ប្តី​ប្រពន្ធ​មិន​មែន​​មាន​សភាព​ផ្អែមល្ហែម​ដូច​ ​ក្នុង​​ខ្សែភាពយន្ត​​រហូត​​នោះ​ទេ ​​ព្រោះ​នៅ​ពេល​រៀបការ​ហើយ​ ​អ្នក​នឹង​​មាន​កាតព្វកិច្ច​ជាច្រើន​ ​ដើម្បី​ជួយ​ឲ្យ​គ្រួសារ​ថ្មី​នេះ​​ឆ្ពោះ​ទៅ​រក​ជីវភាព​ល្អ​។ ​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ក្មេង​​​មិន​ទាន់​មាន​ការងារ​ ​ឬ មុខរបរ​ច្បាស់លាស់​​ ​ហើយ​ប្រញាប់​រៀបការ​នោះ​ ​នឹង​​មាន​អារម្មណ៍​ថា​ស្តាយ​ក្រោយ​មិន​ខាន​​ ​ព្រោះ​គ្មាន​ប្រភព​ចំណូល​ច្បាស់លាស់​​សម្រាប់​ទ្រទ្រង់​គ្រួសារ​។ សម្រាប់​អ្នក​ដែល​មាន​ដើម​កំណើត​ពី​គ្រួសារ​ធូរធារ​ ​គឺ​អាច​ទទួល​បាន​ការ​ទំនុកបំរុង​ពី​ឪពុក​ម្តាយ ​ប៉ុន្តែ​​អ្នក​ដែល​មាន​ប្រភព​ពី​គ្រួសារ​​ក្រីក្រ​វិញ ​គឺ​មាន​តែ​ខ្លួន​ទី​ពឹង​ខ្លួន​ប៉ុណ្ណោះ​ ​ដោយ​ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​ត​កូនចៅ​ក៏​ថា​បាន​។ ​​​​​​​​​​
  2. មិន​ទាន់​ចាស់គំនិត​៖ ​​មនុស្ស​ដែល​មាន​វ័យ​ក្មេង​ ​ភាគច្រើន​ធ្វើ​អ្វី​ក៏​ដោយ​គឺ​ផ្អែក​តាម​អារម្មណ៍​របស់​ខ្លួន​ប៉ុណ្ណោះ ​ដោយ​មិន​ទាន់​ចេះ​គិត​វែងឆ្ងាយ​នោះ​ឡើយ ដូច្នេះ​ហើយ​​​គំនិត​ក្មេងខ្ចី​បែបនេះ​ ​តែង​បង្ក​បញ្ហា​ទាស់ទែង​គ្នា​ញឹក​ញាប់​ក្នុង​គ្រួសារ​។ ​​​ស្ថានភាព​នេះ​ ​គឺ​ពិត​ជា​​ពិបាក​ឲ្យ​គ្រួសារ​ថ្មី​ទទួល​បាន​សេចក្ដីសុខ​ណាស់​។
  3. ​ខកខាន​សន្សំ​​បទពិសោធន៍​ជីវិត​​​ឲ្យ​បាន​ច្រើន​​៖ ​​ក្រោយ​ពេល​រៀបការ​ហើយ ​គឺ​មិន​ដូចជា​ ​មនុស្ស​ដែល​នៅ​ទំនេរ​នោះ​ទេ​ ​ព្រោះ​អ្វីៗ​ត្រូវ​គិត​ដល់​គ្រួសារ​មុន​គេ។ ​សម្រាប់​មនុស្ស​ដែល​​ឆាប់​រៀប​ការ​ពេក ​ធ្វើ​ឲ្យ​ពួកគេ​មិន​ទាន់​បាន​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ច្រើន​នោះ​ទេ ​ជា​ពិសេស​​មិន​ទាន់​អាច​ស្វែងយល់​ថា ​ខ្លួន​ជា​មនុស្ស​ប្រភេទ​ណា​ ​​ចូលចិត្ត​អ្វី​ ​​មាន​ចំណុច​ខ្លាំង​អ្វី​ ​និង ចង់​ក្លាយ​ជា​មនុស្ស​ប្រភេទ​ណា​នោះ​ទេ​។ ​​
  4. ​​មិន​ទាន់​​ចេះ​រៀបចំ​ផែនការ​គ្រួសារ​៖ ​ដើម្បី​ឲ្យ​គ្រួសារ​មួយ​ទទួល​បាន​ការ​រីកចម្រើន ​និង ​ជួប​តែ​​រឿង​ល្អៗ​នោះ ​ទាល់តែ​​​ស្វាមី​និង​ភរិយា​ ​ជា​មនុស្ស​ដែល​​យល់​ដឹង​រាក់ជ្រៅ ​និង ចេះ​រៀប​ចំ​ផែនការ​គ្រួសារ​ច្បាស់លាស់​។ ​ប៉ុន្តែ​សម្រាប់​ ​ប្តី​ប្រពន្ធ​វ័យ​ក្មេង​ ​គឺ​ពិត​ជា​ពិបាក​ឲ្យ​ពួកគេ​មាន​គំនិត​បែបនេះ​ណាស់​ ​ជា​ហេតុ​នាំ​ឲ្យ​គ្រួសារ​មាន​សភាព​ច្របូកច្របល់ ​និង មិន​អាច​ដឹកនាំ​​គ្រួសារ​ឆ្ពោះ​ទៅ​កាន់​វិធី​ជោគជ័យ​បាន​ដោយ​ងាយ​។ ​​

ដោយ​៖ ​អ៊ុន ​ភក្តី​

X
5s