បង្ហើបដោយ Samsung ផ្ទាល់ថា ទូរស័ព្ទបត់ដូចសៀវភៅបាន (foldable phone) ត្រូវរង់ចាំដល់ ២០១៩ ទើបឃើញពន្លឺថ្ងៃ
ក្ដីសង្ឃឹមនឹងបានឃើញស្មាតហ្វូនបត់ (foldable) របស់ Samsung ក្នុងឆ្នាំនេះ ត្រូវរលាយអស់នៅថ្ងៃនេះ។ វិស្វកររបស់ក្រុមហ៊ុន Samsung Display Principal លោក Kim Tae-woong បានឱ្យដឹងថា ការលក់អេក្រង់ដែលមានគែមស្ដើង (bezel-less display) គឺមានផលវិជ្ជមានល្អ ហើយពុំចាំបាច់បង្ខំពន្លឿនបច្ចេកវិទ្យាទូរស័ព្ទបត់បានដូចសៀវភៅនោះទេ គឺរង់ចាំដល់ឆ្នាំ២០១៩ ក៏មិនអីដែរ។
ការលើកឡើងនេះ គឺធ្វើឡើងក្រោយមានការលេចឮពីដំណឹង Galaxy X ដែលរំពឹងថា នឹងចេញនៅក្នុងព្រឹត្តិការណ៍ IFA ខែកញ្ញា។ ក្រុមអ្នកវិភាគកូរ៉េខាងត្បូង អះអាងថា អេក្រង់ស្ទើរគ្មានសល់គែម គឺជាផលិតផលសំខាន់ជួយរកប្រាក់ចំណូលដល់ Samsung។ អ្នកវិភាគបន្តលើកឡើងទៀតថា ក្រុមហ៊ុនមិនត្រូវការ ប្រញាប់អភិវឌ្ឍចេញផលិតផលដែលមិនទាន់រួចរាល់នេះឡើយ។
យោងតាមលោក Chung Won-seok ឱ្យដឹងថា Samsung Display បង្កើតបាននូវប្រាក់ចំណេញប្រមាណ ២០% ពីអេក្រង់ស្ទើរគ្មានគែម (edgeless OLED) នេះ។ លោកលើកឡើងថា៖ “នៅពេលតម្រូវការស្មាតហ្វូនអេក្រង់ស្ទើរគ្មានគែម (bezel-free) ថយចុះ Samsung នឹងបញ្ចេញអេក្រង់បត់បែនបានសម្រាប់ជាយុទ្ធសាស្ត្រវាយលុកទីផ្សារបន្ទាប់"៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ koreaherald.com