តើអ្នកជាប្រភេទមនុស្សIntrovertមែនទេ? តើមនុស្ស Introvertមានគុណប្រយោជន៍និងគុណវិបត្តិអ្វីខ្លះទៅ?
តើអ្នកដឹងទេថា មនុស្ស បែបណាទៅ ដែលគេចាត់ទុកថា ជាប្រភេទមនុស្ស Introvertនោះ? អ្នកគួរសង្កេតមើលតាមខាងក្រោមនេះ៖
១) ចូលចិត្តចំណាយពេលវេលាសម្រាប់ខ្លួនឯង៖ ពេលទំនេរម្ដងៗ អ្នកតែងតែចំណាយពេលអានសៀវភៅម្នាក់ឯង លេងហ្គេម ឬក៏ស្ដាប់តន្ត្រី ។ ហើយអ្នកមិនចង់ចំណាយពេលវេលាទំនេរដែលមាន ទៅនិយាយរកគេឯង ឬក៏ទៅធ្វើអ្វីជាមួយអ្នកណាឡើយ។
២) អ្នកអាចគិតចេញរាល់ពេលអ្នកនៅម្នាក់ឯង៖ អ្នកមិនអាចគិតអ្វីចេញឡើយ ពេលមានមនុស្សច្រើននៅជុំវិញខ្លួន ។ គំនិតល្អៗ អ្នកនឹងផុសឡើង លុះត្រាអ្នកចំណាយពេលគិតនៅទីកន្លែងស្ងាត់ ហើយមិនមានសំឡេងអ៊ូអររំខាន។
៣) ជាមនុស្សស្ងប់ស្ងាត់មិនសូវបញ្ចេញយោបល់មុនគេទេ៖ រាល់ពេលមានការសិក្សាជាក្រុម ឬមានការប្រជុំក្ដី មនុស្សប្រភេទនេះ មិនងាយនឹងលើកដៃឆ្លើយមុនគេទេ។ មិនមែនមកពីគេគ្មានគំនិតនោះទេ តែគេមិនចង់ល្បីនិងមិនចង់បានមុខមាត់។
៤) ជាមនុស្សដែលមានអារម្មណ៍សុខស្រួល ពេលបាននៅម្នាក់ឯង គ្មានអ្នកដទៃ រំខាន។
គុណប្រយោជន៍នៃមនុស្ស ប្រភេទIntrovertមានដូចខាងក្រោម៖
១) ពួកគេគិតយ៉ាងណាគឺពួកគេធ្វើបែបនោះហើយ ចំណែកឯគំនិតអ្នកដទៃ គេមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ។ មិនមែនមកពីពួកគេវាយឫក ឬមិនព្រមទទួលមតិគេទេ តែគេជឿលើសមត្ថភាពខ្លួន ថា នឹងមិនធ្វើឲ្យខកបំណងអ្នករាល់គ្នាទេ។
២) ស្ងាត់ៗមែនតែមិនមែនអន់ទេ៖ ទោះបីមនុស្ស Introvert នេះគឺជាមនុស្យស្ងប់ស្ងាត់ តែ គេអាចធ្វើអ្វីមួយទទួលបានផលល្អជាងអ្នក ដែលសកម្ម ឬអ្នកនិយាយច្រើនទៀត។ ព្រោះថា កំឡុងពេលដែលមនុស្សម្នានិយាយច្រើន មនុស្សIntrovertនេះ គឺមិនមែនអង្គុយលេងដកដង្ហើមចោលទេ គឺគេកំពុងសិក្សាស្រាវជ្រាវពីអ្វីមួយដោយម៉ត់ចត់ខ្លាំងតែម្ដង។
៣) ជាមនុស្សមិនចេះបូរបាច់ច្រើន ហើយនិយាយអ្វីដែលមានប្រយោជន៍៖ វាអាចជារឿងល្អមួយផងដែរ ដែលអ្នកបានជួបមនុស្ស Introvertនេះ។ ពួកគេមិនសូវចេះមាត់ចេះក បូរបាច់ច្រើនអត់ប្រយោជន៍ទេ តែពាក្យដែលគេសម្រេចចិត្តថានិយាយហើយ គេនិយាយដោយមានន័យឥតខ្ចោះតែម្ដង។
គុណវិបត្តិនៃមនុស្ស ប្រភេទIntrovertមានដូចខាងក្រោម៖
១) អ្នកដទៃនឹងគិតថាគេជាមនុស្សវាយឫកមានតែឯង៖ ដោយសារតែធ្វើអ្វីតែឯកឯង និងមិនសូវទទួលយកមតិមនុស្សជុំវិញខ្លួន ពួកគេតែងតែរងសម្ពាធពីអ្នកដទៃ ថា គេជាមនុស្សវាយឫក និងមិនចេះធ្វើការងារជាក្រុម។ តែអ្នកមិនដឹងឡើយ ថា មនុស្យប្រភេទនេះ ក៏អាចក្លាយជាអ្នកដឹកនាំមួយដ៏ល្អផងដែរ ព្រោះពួកគេសំបូរគំនិតល្អៗ ។
២) មិនសូវជាបានសប្បាយជុំគ្នាជាមួយគេឯង៖ គេមិនសូវជាចូលចិត្តភាពអ៊ូអរ ហេតុនេះ ភាពសប្បាយរីករាយក៏មិនសូវទទួលបានដែរ។ ម្យ៉ាងទៀត អ្នកដទៃ មិនសូវជាចង់ហៅពួកគេទៅណាមកណាទេ ដោយសារគេតែងតែប្រកែកចង់នៅតែផ្ទះពេក។
៣) ពិបាកនិយាយពាក្យក្នុងចិត្តទៅកាន់គេឯង៖ គេមិនសូវជាពូកែក្នុងការនិយាយ ទៅកាន់អ្នកដទៃ ហេតុនេះពេលមានទុក្ខ ឬមិនសប្បាយចិត្តអ្វី ពួកគេតែងលាក់បាំងទុក តែម្នាក់ឯងប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost