កំហុស​ឆ្គង ៧យ៉ាង​នៃ​ការ​ប្រើប្រាស់​សម្ភារៈ​អេឡិចត្រូនិក​សព្វថ្ងៃ ដែល​មនុស្ស​ភាគច្រើន​ធ្វេសប្រហែស​ខ្វះ​​ការ​ថែ​ទាំ​



ជា​ធម្មតា​ទេ ការ​ប្រើប្រាស់​សម្ភារៈ​ទាំងឡាយ គឺ​ត្រូវ​មាន​វិធីសាស្ត្រ​ថែទាំ ដើម្បី​រក្សា​ឱ្យ​គង់​ជាប់ ធុន​ក្នុង​ការ​ប្រើ​បាន​យូរ​អង្វែង ក៏​ដូច​ជា​ពន្យារ​ភាព​ចាស់​របស់​ឧបករណ៍។ វា​ក៏​ជួយ​អ្នក សំចៃ​ខ្ទង់​ចំណាយ​បាន​មួយ​កម្រិត​ផង​ដែរ ប្រសិន​អ្នក​អាច​ប្រើ​របស់របរ​មួយ ឱ្យ​អស់​លទ្ធភាព និង​សម​តម្លៃ។ ក្នុង​នោះ​សម្ភារៈ​អេឡិចត្រូនិក​ក៏​ដូច​គ្នា​ដែរ គឺ​ត្រូវ​មាន​ការ​ថែទាំ​ល្អ ទើប​វា​មិន​ងាយ​ខូច។ ខាងក្រោម​នេះ​គឺ​ជា​កំហុស​ឆ្គង​នៃ​ការ​ប្រើ សម្ភារៈ​អេឡិចត្រូនិក ៧យ៉ាង ដែល​សព្វថ្ងៃ​មនុស្ស​កំពុង​ធ្វេសប្រហែស៖

១) ប្រើ Laptop ដោយ​ដាក់​នៅ​លើកម្រាល​ព្រំ ឬ​ក្រណាត់​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​ ហប់​ខ្យល់ ឆាប់​ឡើង​កម្ដៅ និង​ក្ដៅ​​ខ្លាំង

អ្នក​ប្រើ​កុំព្យូទ័រ​យួរដៃ ដល់​យប់ៗ​ជ្រៅ ប្រហែល​មាន​ទម្លាប់​នាំ​យក​វា​ទៅ​ប្រើ​ដល់​កន្លែង​គេង (គ្រែ​ពូក ឬ​គ្រែ​ដែល​មាន​ក្រាល​ក្រណាត់​ទន់ៗ …)។ យ៉ាងណា គេ​អាច​មិន​បាន​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ត្រង់​ចំណុច​នេះ។ ការ​ដាក់ Laptop នៅ​លើ​ផ្ទៃ​រាប​ស្មើ និង​មាន​ជា​ក្រណាត់​ទន់ៗ ឬ​ពូក​នោះ អាច​ធ្វើឲ្យ​រន្ធ​បញ្ចេញ​កម្ដៅ​នៅ​លើ​កុំព្យូទ័រ បិទ​ជាប់​ហប់​ខ្យល់ មិន​អាច​បញ្ចេញ​ខ្យល់ក្ដៅមក​ក្រៅបាន ដែល​ជា​ហេតុ​ធ្វើឲ្យ​កុំព្យូទ័រ​ឆាប់ឡើង​កម្ដៅ និង​ក្ដៅ​ខ្លាំង អាច​ឈាន​ដល់​ការ​​ឆាប់​ខូច​បាន។

២) យក​ឧបករណ៍​អេឡិចត្រូនិក​តាម​ខ្លួន​ដោយ​មិន​ប្រើ​ស្រោម​ការពារ

ប្រសិន​អ្នក​នាំ​យក tablet, laptop និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​តាម​ខ្លួន ដោយ​មិន​មាន​ស្រោម​ការពារ វា​អាច​ប្រឈម​នឹង​បញ្ហា​ឆាប់​រង​ស្នាម​ឆ្កូត កាន់តែ​វីវរ​នោះ​គឺ គ្មាន​អ្វី​ការពារ​ប្រសិន​ឧបករណ៍​ទាំង​នោះ​ជ្រុះ​ធ្លាក់​ជា​យថាហេតុ។ ការ​ប្រើ​ស្រោម​ការពារ គឺ​អាច​ផ្ដល់​ភាព​ធន់​ទ្រាំ​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក ជៀសវាង​ការ​ធ្លាក់​បែក​បាន​មួយ​កម្រិត។

៣) បត់​ទុក​ខ្សែ​ឧបករណ៍​អេឡិចត្រូនិក​មិន​បាន​ត្រឹមត្រូវ ដូច​ជា​ខ្សែ​កាស ឬ​ខ្សែ​សាក​ថ្ម​ជាដើម ការ​បត់​ខ្សែ​នៃ​សម្ភារៈ​អេឡិចត្រូនិក​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​អាច​ចោទ​ជា​បញ្ហា ធ្វើឲ្យ​ខ្សែ​ឆាប់​ដាច់​រលាត់ ឬ​អាច​សណ្ដក​បណ្ដូល​ខ្សែ​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បត់​ទុក ឱ្យ​បាន​ត្រឹមត្រូវ យល់​ល្អ​ជៀសវាង​បត់​ខ្សែ​ច្រើន​ដំណាក់​ពេក។

៤) មិន​ដែល​បិទ​ឧបករណ៍​អេឡិចត្រូនិក​សោះ (Never Powering Off)

គេហទំព័រ mashable បាន​លើកឡើង​ថា ការ​បើក​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ដូច​ជា Laptop ឬ Smartphone ជាដើម​នោះ ដើម្បី​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិត អ្នក​គួរ​តែ​បិទ (Turn off) ឧបករណ៍​ទាំង​នោះ ដើម្បី​ផ្ដាច់​ដំណើរការ​កម្មវិធី​ដែល​អ្នក​ប្រើ​ជាច្រើន​កន្លង​ទៅ ហើយ​បើក​ប្រើ​តែ​កម្មវិធី​ដែល​មាន​តម្រូវ​ការ​បាន​ហើយ។

៥) ​ប្រើ​គ្រឿង​ជូត​សម្អាត​មិន​ត្រឹមត្រូវ​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក ជៀសវាង​ការ​ប្រើប្រាស់​គ្រឿង​ជូន​សម្អាត​មិន​ត្រឹមត្រូវ ពោល​ពុំ​មែន​ជា​សម្ភារៈ ដែល​ត្រូវ​បាន​ផលិត​សម្រាប់​ប្រើ​ជា​គូ​នឹង​ឧបករណ៍​អេឡិចត្រូនិក​តែ​ម្ដង។ ជាក់ស្ដែង​គេ​មិន​ប្រើ​ទឹក​សាប៊ូ​នៅ​ផ្ទះ មក​ជូន​លើ​អេក្រង់​កុំព្យូទ័រ​នោះ​ឡើយ គឺ​គេ​មាន​ទឹក​សម្រាប់​បាញ់ និង​ប្រើ​ក្រណាត់​ទន់ៗ​មក​ជូត​សម្អាត​ថ្នមៗ​ទើប​ជា​ការ​ត្រឹមត្រូវ។

៦) ដក USB Flash ឬ Removable Device ​ផ្សេងៗ​មិន​បាន​ត្រឹមត្រូវ​នៅ​ពេល​ឈប់​ប្រើ

​ឧបករណ៍​ដក​ដោត​ជាមួយ​រន្ធ USB គួរ​មាន​ការ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ ពោល​គឺ​នៅ​ពេល​អ្នក​ឈប់​ប្រើ គួរ​ធ្វើការ remove ឱ្យ​បាន​ត្រឹមត្រូវ (Safe Remove) សិន រួច​សឹម​ដក​ចេញ​ពី​កុំព្យូទ័រ។ មិន​ត្រឹមតែ USB Flash នោះ​ទេ ចំណែក External HardDisk និង Removable Deceive ដទៃ​ទៀត​ក៏​ធ្វើតាម​របៀប​ដូច​គ្នា​នេះ​ផង​ដែរ។

៧) មិន​ដែល Backup ទិន្នន័យ​សំខាន់ៗ​ទុក​ទាល់តែ​សោះ

មិន​ថា អ្នក​ប្រើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ទំនើប​ដែល​មាន​ផ្ទុក​ឯកសារ​សំខាន់ៗ​នោះ​ទេ អ្នក​គួរ​តែ​ធ្វើការ backup ឬ​រក្សាទុក (save) ឯកសារ​ទៅ​នៅ​កន្លែង​មាន​សុវត្ថិភាព។ ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ គេ​អាច backup ប្រព័ន្ធ Windows ទុក ជៀសវាង​មាន error ឬ​មេរោគ​វាយ​ប្រហារ នោះ​គេ​អាច Restore ដើម្បី​ឱ្យ​កុំព្យូទ័រ​វិល​មក​រក​សភាព​ដូច​ដើម​វិញ។ ចំណែក​ទិន្នន័យ​ក៏​ដូច​គ្នា គឺ​គេ​អាច Copy ទៅ​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​បាន។

ប្រែ​សម្រួល៖ រឹទ្ធរាជ ប្រភព៖ mashable

X
5s