កំពូល​អ្នក​មាន​ចិន​ លោក​ ជេក ម៉ា​៖ ​​​​អ្នក​ដឹកនាំ​​​ដ៏​អស្ចារ្យ ​​មាន​ចំណុច​ពិសេស​ ៣​​យ៉ាង​ ដែល​បុគ្គលិក​គ្មាន​



​លោក​ ចេក ​ម៉ា គឺ​ជា​មហាសេដ្ឋី​ចិន​ និង ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​Alibaba​ដែល​ជា​ក្រុមហ៊ុន​​ទីផ្សារ​អនឡាញ​​យក្ស​ក្នុង​តំបន់​អាស៊ី​។ ​​​​មិន​ថា ក្រុម​ហ៊ុន​ឬ ស្ថាប័ន​ណា​នោះ​ទេ​ គឺ​ពិត​ជា​ត្រូវ​ការ​អ្នក​ដឹកនាំ​ដែល​ពូកែ ​​និង ឆ្លាតវៃ​ជាង​បុគ្គល​ថ្នាក់​ ទើប​ធ្វើ​ឲ្យ​ប្រតិបត្តិការ​អង្គភាព​ទាំង​មូល​ ដំណើរការ​ទៅ​ដោយ​រលូន និង ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​ ហើយ​​​​បើ​តាម​​លោក​ចេក ​ម៉ា មេដឹកនាំ​ដែល​ពូកែ​ត្រូវ​​តែង​មាន​ចំណុច​ពិសេស​៣​​យ៉ាង​។  

ចំណុច​ពិសេស​ទី១​ ដែល​មេដឹកនាំ​ពូកែ​មាន​នោះ គឺ​​ចក្ខុវិស័យ​វែង​ឆ្ងាយ ​​ដែល​បុគ្គលិក​ធម្មតា​មិន​អាច​ធ្វើ​បាន​។ ចក្ខុវិស័យ​វែង​ឆ្ងាយ​នេះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​​ណាស់​ ដើម្បី​អាច​ប្រមើល​ឃើញ​ពី​រឿងរ៉ាវ​នៅ​ពេល​ខាង​ក្រោម​ ​និង ​ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​យុទ្ធសាស្ត្រ​ ​និង ផែនការ​ឲ្យ​បាន​ល្អ​ ​សម្រាប់​ទប់ទល់​ជាមួយ​បញ្ហា​ និង​ ទាញ​យក​ប្រយោជន៍​​​សម្រាប់​អង្គភាព​ទាំង​មូល​។

ចំណុច​ពិសេស​ទី២​ គឺ​ ភាព​តស៊ូ​ជាមួយ​នឹង​បញ្ហា​ដែល​កំពុង​កើត​ឡើង​ និង បម្រុង​នឹង​កើត​ឡើង​ ​ដោយ​មិន​ងាយ​នឹង​បោះបង់​។ ​ចំណុច​នេះ​គឺ​ពិត​ជា​សំខាន់​ព្រោះ​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ ម្នាក់​ដែល​គ្មាន​ការ​តស៊ូ ​ហើយ​ឆាប់​បោះបង់​ងាយ​ៗ​នោះ តើ​បុគ្គលិក​ថ្នាក់​ក្រោម​មាន​អារម្មណ៍​យ៉ាងណា ​ហើយ​ពួកគេ​គួរ​​ពឹង​លើ​អ្នក​ណា​​បាន​ទៀត​។ ​​ត្រង់​ចំណុច​នេះ បើ​បុគ្គលិក​សម្រេច​ចិត្ត​បោះបង់ គឺ​ឱកាស​ជោគជ័យ​នៅ​តែ​មាន​សង្ឃឹម​ តែ​បើ​អ្នក​ដឹកនាំ​បោះបង់​​ហើយ នោះ​អ្វីៗ​ទាំង​មូល​​គឺ​ប្រាកដ​ជា​ចប់​។

ចំណុច​ទី​៣ ​​ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​បរាជ័យ​របស់​ខ្លួន​។ ​​គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​បរាជ័យ​នោះ​ទេ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​ត្រូវ​ទទួលស្គាល់​ថា​ ខ្លួន​ពិត​ជា​បរាជ័យ​មែន ​ព្រោះ​ការ​ទទួល​បែប​​នេះ នឹង​ជួយ​ឲ្យ​អ្នក​អាច​បញ្ចៀស​ការ​បរាជ័យ​ទៅ​ថ្ងៃ​ក្រោយ​ ហើយ​អាច​ស្វែងរក​វិធីសាស្ត្រ​ថ្មី ​ដើម្បី​កែប្រែ​ស្ថានការណ៍​​ឲ្យ​ប្រសើរ​ជាង​មុន​។ ​ប៉ុន្តែ​បើ​មិន​ទទួល​ថា ខ្លួន​បរាជ័យ​ទេ​​នោះ​កុំ​សង្ឃឹម​ថា ​អាច​​រត់​ផុត​ពី​ភាព​បរាជ័យ​បាន​ឲ្យ​សោះ​៕

​ដោយ​៖ រតនា ​វិចិត្រ

X
5s