គន្លឹះសំខាន់ៗ ដើម្បីបំភ្លេចមនុស្សដែលខ្លួនធ្លាប់ស្រលាញ់
ការស្រឡាញ់គឺជាបទពិសោធន៍ឬអារម្មណ៍ដ៏អស្ចារ្យមួយក្នុងឆាកជីវិតរបស់មនុស្ស។ មិនថាការស្រឡាញ់ពីគ្រួសារ មិត្តភ័ក្ដិ ឬ សង្សារនោះទេ វាសុទ្ធតែជាដំណើរជីវិតដ៏អស្ចារ្យមួយ។ ទោះបីជាការស្រឡាញ់គឺជារឿងដែលល្អ ប៉ុន្តែ វាពិតជាឈឺចាប់នៅពេលដែលអ្នកត្រូវបោះបង់ឬបំភ្លេចនរណាម្នាក់ដែលខ្លួនស្រឡាញ់។ តើអ្នកគួរធ្វើដូចម្តេចប្រសិនជាអ្នកឈឺចាប់៖
១) យល់ពីភាពទុក្ខសោក៖ ប្រសិនជាទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់ វាជារឿងធម្មតាទេដែលអ្នកពិបាកចិត្ត។ ទោះបីជាគ្មាននរណាម្នាក់យល់ច្បាស់ពីអារម្មណ៍ឬទុក្ខព្រួយរបស់អ្នក អ្នកអាចលួងលោមខ្លួនឯងបាន។ នៅពេលដែលអ្នកពិបាកចិត្ត ចូរអ្នកប្រាប់ខ្លួនឯងថា« ខ្ញុំពិបាកចិត្ត ប៉ុន្តែ អ្វីៗនឹងប្រសើរឡើងជាងនេះ។»
២) ចែករំលែក៖ បើទោះបីជាមនុស្សនៅជុំវិញអ្នកមិនយល់ពីជម្រៅនៃទុក្ខសោករបស់អ្នកក៏ដោយ កុំខ្លាចក្នុងការចែករំលែកទៅកាន់មនុស្សដែលអ្នកអាចទុកចិត្តបាន។
៣) រកជំនួយប្រសិនជាអ្នកត្រូវការ៖ ប្រសិនជាអ្នកគិតថា ខ្លួននៅតែមិនអាចដោះស្រាយបញ្ហាផ្លូវចិត្តបាន អ្នកប្រហែលជាត្រូវការជំនួយហើយ។ អ្នកអាចទាក់ទងអ្នកឯកទេសព្យាបាលផ្លូវចិត្តបាន។
៤) នៅជាមួយមិត្តភ័ក្ដិ៖ ការផ្កាច់ខ្លួននៅម្នាក់ឯងគឺមានតែធ្វើឲ្យអ្នកពិបាកចិត្តជាងមុន។ អ្នកគួរតែនៅជាមួយមិត្តភ័ក្ដិនៅពេលដែលអ្នកពិបាកចិត្ត ពីព្រោះថាពួកគេអាចជួយអ្នកឲ្យរីករាយនិងត្រលប់ទៅភាពដើមរបស់អ្នកវិញបាន៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖www.wikihow.com