Apple អះអាងថា គ្មានបែកធ្លាយការណ៍សម្ងាត់អ្វីទាំងអស់ចេញពី iCloud ក្រោយ Hacker អះអាងថាកំពុងកាន់កាប់ ហើយគំរាមយកលុយ ១សែនដុល្លារ
រឿងដ៏រសើបមួយទើបកើតឡើងទៅលើក្រុមហ៊ុន Apple ដោយមានការអះអាងពីក្រុម Hacker តួកគីថា ពួកគេបានកាន់កាប់គណនីសេវាកម្ម iCloud ប្រមាណ ៥៥៩លាននៅពេលនេះ។ គេអាចលុបចោលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើទាំងនេះបានគ្រប់ពេល។ ប៉ុន្តែក្រុមឧក្រិដ្ឋជនអនឡាញដែលហៅខ្លួនថា Turkish Crime Family នេះ ដាក់សំណើទៅ Apple ឱ្យប្រគល់ប្រាក់ ៧៥០០០ដុល្លារ ទៅ ១០០០០០ដុល្លារ ជាថ្នូររក្សាទិន្នន័យរបស់អតិថិជន បើមិនដូច្នោះទេ គេនឹងកម្ទេចចោល។ នៅពេលនេះ ក្រុមហ៊ុន Apple បានចេញមុខ ប្រតិកម្មទៅនឹងករណីគំរាមកំហែងនេះហើយ។
ក្រុមហ៊ុន Apple បានឆ្លើយបំភ្លឺទៅនឹងការអះអាងរបស់ក្រុម hacker ដែលបានប៉ុនប៉ងភ្ជាប់ចូលគណនី iCloud ខ្ទង់លានរបស់ខ្លួនថា សេវាកម្មផ្សេងៗ រួមទាំងសេវាកម្មផ្ទុកទិន្នន័យអនឡាញរបស់ខ្លួន មិនត្រូវបាន Hacker វាយប្រហារនោះឡើយ កាន់កាប់បាននោះឡើយ។ អ្នកនាំពាក្យរបស់ Apple បានលើកឡើងដូច្នេះថា គ្រប់ប្រព័ន្ធណាមួយ រួមទាំង iCloud និង Apple ID រងការវាយប្រហារពី Hacker នោះឡើយ ហើយការលើកឡើងនូវបញ្ជីអាសយដ្ឋានអ៊ីមែល និងលេខសម្ងាត់នោះ គឺគេទទួលបានពីសេវាកម្ម Third-party ដែលបានប្រមូលយកពីពេលមុននោះទេ។
ប៉ុន្មានម៉ោងមុន គេហទំព័រ Motherboard បានរាយការណ៍ថា ក្រុម hacker ដែលហៅខ្លួនថា Turkish Crime Family នេះ បានអះអាងក្ដែងៗថា ពួកគេបានកំពុងក្ដាប់ព័ត៌មានលំអិតរបស់គណនីសេវាកម្ម iCloud ប្រមាណ ៣០០លានគណនីហើយ និងបានគំរាមយកប្រាក់ ៧៥០០០ដុល្លារតាមប្រព័ន្ធបង់ប្រាក់ Bitcoin ឬ Ethereum ឬឱ្យជា iTunes gift card ក៏បានគឺស្មើនឹងទឹកប្រាក់ ១០០០០០ដុល្លារ ជាថ្នូរ ទើបពួកគេយល់ព្រមមិនព្រលះទិន្នន័យគណនី iCloud ទាំងនោះ។
ចំពោះចំនួនគណនី iCloud ដែលក្រុម hacker អះអាងថា ក្ដាប់បាន ហាក់នៅមានភាពស្រពិចស្រពិល ព្រោះម្នាក់ក្នុងក្រោមអះអាងថា ក្ដាប់បាន ៣០០លានគណនី ខណៈម្នាក់ផ្សេងទៀត ថា ៥៥៩លានគណនី៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge