អ្នកនិពន្ធអាមេរិកលោក Jim Rohn៖«ការអប់រំផ្លូវការ អាចធ្វើឲ្យអ្នករស់បាន តែការអប់រំខ្លួនឯង នឹងធ្វើឲ្យរឿងអស្ចារ្យកើតឡើងក្នុងជីវិត»
«ការអប់រំផ្លូវការ អាចធ្វើឲ្យអ្នករស់បាន តែការអប់រំខ្លួនឯង នឹងធ្វើឲ្យរឿងអស្ចារ្យកើតឡើងក្នុងជីវិត»។ នេះជាសម្ដីរបស់លោក Jim Rohn អ្នកនិពន្ធរបស់អាមេរិកដ៏ល្បីមួយរូប ដែលក្នុងន័យនេះលោកចង់សង្កត់ធ្ងន់ថា ការអប់រំខ្លួនឯង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវានឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរដ៏អស្ចារ្យបំផុត។
មានឱកាសបានចូលសិក្សាក្នុងប្រព័ន្ធអប់រំផ្លូវការ គឺពិតជាល្អ ដើម្បីពង្រឹងចំណេះដឹងឲ្យប្រសើរជាងមុន ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយប្រសិនបើបុគ្គលនោះ ខ្វះស្វ័យសិក្សា និង ការអប់រំខ្លួនឯង ឬ ព្យាយាមដុសខាត់ខ្លួនឯងឲ្យក្លាយជាមនុស្សមានប្រយោជន៍ខ្លាំង ឬ លេចធ្លោខ្លាំងនៅក្នុងពិភពដ៏សែនប្រកួតប្រជែងនេះ។
ក្នុងមួយឆ្នាំៗ មានសិស្សច្រើនណាស់ដែលបញ្ចប់ការសិក្សា ប៉ុន្តែក្នុងចំណោមនោះ មានមួយចំនួនទទួលបានការងារល្អៗ និង អភិវឌ្ឍខ្លួនបានយ៉ាងរហ័ស ឈានទៅរកភាពជោគជ័យធំធេង ខណៈមានសិស្សដែលបញ្ចប់ការសិក្សាភាគច្រើន នោះ បានត្រឹមមានការងារធម្មតា ឬ អ្នកខ្លះរកការងារមិនបានធ្វើផង។ អ្នកដែលក្លាយជាមនុស្សលេចធ្លោយ៉ាងឆាប់រហ័សនោះ ដោយសារតែពួកគេមិនពឹងលើប្រព័ន្ធអប់រំផ្លូវការតែម្យ៉ាង ( មានន័យថា មិនមែនចូលរៀនឲ្យតែចប់កម្រិតសិក្សាតែម្យ៉ាង) ពោលគឺព្យាយាមស្វ័យសិក្សា និងអប់រំខ្លួនឯងយ៉ាងអស់ពីលទ្ធភាពទើបទទួលបានលទ្ធផលល្អបែបនេះ។
សម្រាប់អ្នកដែលបានត្រឹមជីវិតធម្មតា ឬ ដូចគេដូចឯងនោះ គឺមកពីខ្វះការអប់រំខ្លួនឯងឲ្យបានខ្លាំងពីមុនមក។ អ៊ីចឹងហើយ ខ្លួនអ្នកគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះគ្មាននរណាម្នាក់អាចជួយអ្នក ក្រៅពីអ្នកនោះឡើយ៕
ដោយ៖ រតនា វិចិត្រ