ការងារ ៧ប្រភេទ ​ដែលស័ក្ដិសមបំផុតសម្រាប់អ្នកមិនចូលចិត្តនិយាយស្ដី ឬ ​អៀនប្រៀន​ច្រើន​



ទំនោរ​សង្គម​តែង​លើក​តម្កើង​ចំពោះ​រាល់​បុគ្គល​ណា​ដែល​ប៉ិនប្រសប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ មាន​សិល្បៈ​អូសទាញ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ព្រម​តាម​សំណើ​របស់​ខ្លួន ជាពិសេស​សំដៅ​ចំពោះ​ស្ថានភាព​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​មិន​ថា​តូច​ឬ​ធំ​នោះ​ទេ ក៏​ព្រោះ​តែ​វា​ជា​ការ​ឯកភាព​គ្នា​ដោះដូរ​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។

ម្យ៉ាងទៀត ការ​រីកចម្រើន​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ផ្ដល់​ទម្ងន់​កាន់តែ​ធ្ងន់​ជាង​មុន​ទៅលើ​សារសំខាន់​នៃ​សិល្បៈ​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព ក៏​ព្រោះ​តែ​ភាព​ជឿនលឿន​បង្កើត​ឲ្យ​មាន​ការ​ប្រកួតប្រជែង ដែល​ទាមទារ​នូវ​ការ​ចេះ​រួម​កម្លាំង​គ្នា​ដើម្បី​អាច​ឈាន​មុខ​គេ​បាន។  យ៉ាងណាមិញ អ្នក​មិន​អាច​មាន​ភាព​លម្អៀង​ដោយ​ផ្ដល់​តម្លៃ​តែ​ចំពោះ​ភាព​ប៉ិនប្រសប់​ទាក់ទង​មនុស្ស​នោះ​ទេ ចំណេះដឹង​អ្វី សមត្ថភាព​អ្វី​ក៏​សុទ្ធតែ​មាន​ប្រយោជន៍​ឲ្យ​តែ​អ្នក​ប្រើប្រាស់​វា​ក្នុង​ផ្លូវ​ត្រឹមត្រូវ និង​ស្ថានភាព​ត្រូវ។

ហេតុនេះ សម្រាប់​បុគ្គល​ដែល​មាន​អារម្មណ៍​ថា​ហាក់​បី​ដូចជា​រស់នៅ​ពិភព​ពីរ​ផ្សេង​គ្នា​ពី​អ្នក​ទាំងនោះ មិន​ចូលចិត្ត​និយាយ​ស្ដី និង​មិន​ចូលចិត្ត​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស អ្នក​ក៏​អាច​ប្រើប្រាស់​លក្ខណៈ​ពិសេស​នៃ​ភាព​ស្ងៀមស្ងាត់​របស់​អ្នក ឲ្យ​បញ្ចេញ​ពន្លឺ​លេចធ្លោ​នៃ​ភាព​អស្ចារ្យ​របស់​អ្នក​នៅ​ក្នុង​ស្ថានភាព​ការងារ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​បាន​ដែរ។

១) អ្នក​អភិរក្ស​ព្រៃឈើ

ការងារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​បញ្ចៀស​អ្នក​ពី​ការ​រំខាន​រញ៉េរញ៉ៃ​របស់​ពិភព​ខាងក្រៅ​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការងារ​មួយ​ដែល​បាន​ជួយ​រួម​ចំណែក​ដល់​សហគមន៍​អ្នក ក្នុង​ការ​ការពារ​សម្បត្តិ​ធម្មជាតិ​មាន​ព្រៃឈើ​និង​សត្វ​ព្រៃ​ដ៏​កម្រ និង​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះថ្នាក់​នៃ​ការ​ជិត​ផុត​ពូជ។

២) អ្នក​និពន្ធ

ថ្វីត្បិតតែ​ការ​សរសេរ​អត្ថបទ​ក៏​ជា​វិធី​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នក​អាន ក៏​ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ទាក់ទង​បែប​ប្រយោល​មួយ​ប្រភេទ​រវាង​អ្នក​និង​អ្នក​អាន​របស់​អ្នក​តែ​ប៉ុណ្ណោះ។ អ្នក​និពន្ធ​រស់នៅ​ក្នុង​ពិភព​នៃ​ការ​គិត​របស់​ខ្លួន ជា​ពិភព​ដែល​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សេចក្ដី​ស្ងប់ស្ងាត់ និង​មាន​តែ​ពួកគេ​ខ្លួនឯង​ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​ផ្នែក​ខាងក្នុង​នៃ​ចិត្ត​របស់​ពួកគេ។

៣) គណនេយ្យករ

ពួក​គណនេយ្យករ​ជា​ប្រចាំ​ធ្វើការ​ជាមួយ​នឹង​តួលេខ​របស់​សៀវភៅ​បញ្ជី ប្រើប្រាស់​រូបមន្ត​គណនា​ពី​តួលេខ​នានា​របស់​ក្រុមហ៊ុន ដូច្នេះ​នេះ​ក៏​ជា​ការងារ​ម្យ៉ាង​ទៀត​ដែល​អាច​ជាទី​ពេញចិត្ត​របស់​អ្នក​មិន​ចូលចិត្ត​ទំនាក់ទំនង​ខាងក្រៅ​ផង​ដែរ។  

៤) អ្នក​ស្រាវជ្រាវ

កិច្ចការ​របស់​អ្នក​ស្រាវជ្រាវ​តម្រូវ​ឲ្យ​ពួកគេ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ស្រាវជ្រាវ​រក​មើល​វិធី​ព្យាបាល​ជំងឺ​ផ្សេងៗ ឬ​ជា​ការ​ស្រាវជ្រាវ​រក​ពូជ​អម្បូរ​របស់​សត្វ​ថ្មីៗ​ជាដើម។  

៥) វិស្វករ

គ្រប់​ផ្នែក​នៃ​វិស្វករ​ទាំងអស់ មិន​ថា​ជា​គីមី មេកានិច ឬ​អគ្គិសនី​នោះ​ទេ ការងារ​ពួកគេ​ជា​ចម្បង​អាស្រ័យ​លើ​ការ​អនុវត្ត​ជាក់ស្ដែង​ជាជាង​ការ​ធ្វើ​ទំនាក់ទំនង។

៦) អ្នក​ចិញ្ចឹម​សត្វ

ពួកគេ​ជា​អ្នក​មើលថែ​សត្វ ចិញ្ចឹម​សត្វ និង​ផ្ដល់​អាហារ​ដល់​ពួក​វា ដែល​កិច្ចការ​ទាំងនេះ​មិន​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​ទៀត​ឡើយ។

៧) អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ

ដូច​គ្នា​នេះ​ដែរ ពួកគេ​ធ្វើការ​ជាមួយ​កុំព្យូទ័រ​សរសេរ​កម្មវិធី​តាំង​ពី​ហ្គេម​ដែល​អ្នក​លេង​រហូត​ដល់​ការ​ទិញ​ទំនិញ​តាម​អនឡាញ៕  

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ insidejobs

X
5s