អ្នកប្រាជ្ញក្រិក លោក Euripides៖ «មិត្តពិត បង្ហាញក្ដីស្រលាញ់នៅពេលអ្នកមានទុក្ខ មិនមែនពេលមានសុភមង្គលនោះទេ»
«មិត្តពិត បង្ហាញក្ដីស្រលាញ់នៅពេលអ្នកមានទុក្ខ មិនមែនពេលមានសុភមង្គលនោះទេ» ។ នេះជាពំនោលរបស់លោក Euripidesអ្នកប្រាជ្ញរបស់ជនជាតិក្រិក ដែលក្នុងន័យនេះ ចង់បញ្ជាក់ថា មិត្តពិតប្រាកដ តែងនឹងបង្ហាញខ្លួនជានិច្ចនៅពេលអ្នកមានទុក្ខ ហើយចាំជួយជ្រោមជ្រែង និង លើកទឹកចិត្តអ្នក មិនមែនឃើញមុខពេលអ្នកសុខ ហើយពេលអ្នកមានទុក្ខរត់បាត់នោះទេ។
មិត្តមិនពិបាករកនោះទេ ប៉ុន្តែមិត្តល្អ និង មិត្តដែលដឹងសុខទុក្ខអ្នកពិតប្រាកដ គឺពិតជាមិនងាយរកនោះឡើយ។ អ្នកខ្លះតែងនិយាយថា ខ្លួនមានមិត្តមិនចេះតិច ហើយតែងមានវត្តមានជានិច្ច រាល់ពេលមានពិធីជប់លៀង ឬ អ្វីដែលសប្បាយៗម្តងៗ ប៉ុន្តែនៅពេលមានទុក្ខកើតឡើង រកតែម្នាក់នៅក្បែរគ្មាន។ មិត្តប្រភេទនេះ គេមិនអាចចាត់ចូលជាប្រភេទមិត្តល្អនោះឡើយ។ អាចចាត់ចូលជាមិត្តល្អ លុះត្រាតែជាប្រភេទមនុស្សដែលមិនបោះបង់អ្នកចោល ទោះបីជាអ្នកជួបបញ្ហាយ៉ាងណាក៏ដោយ ពោលគឺនៅតែជួយផ្ដល់យោបល់ លើកទឹកចិត្ត និង ជ្រោមជ្រែងជានិច្ច។ ប្រសិនបើអ្នកជួបមនុស្សប្រភេទនេះ គឺកុំបោះបង់ពួកគេឲ្យសោះ ព្រោះក្នុងមួយជីវិតនេះ មិនដឹងថា អាចជួបបានប៉ុន្មាននាក់នោះឡើយ៕
ដោយ៖ រតនា វិចិត្រ