អ្នកនិពន្ធក្រិក លោក Nikos Kazantzakis៖ «ដើម្បីជោគជ័យ ដំបូងត្រូវជឿថា អ្នកអាចជោគជ័យជាមុនសិន»
«ដើម្បីជោគជ័យ ដំបូងត្រូវជឿថា អ្នកអាចជោគជ័យជាមុនសិន»។ នេះបើតាមគតិរបស់លោក Nikos Kazantzakisដែលជាអ្នកនិពន្ធរបស់ជនជាតិក្រិក។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ត្រូវមានការជឿជាក់ថា ខ្លួនឯងអាចជោគជ័យសិន ទើបភាពជោគជ័យពិតប្រាកដនឹងកើតឡើង។
ជំនឿចិត្តគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ក្នុងការធ្វើកិច្ចការផ្សេងៗ។ បើថាធ្វើអ្វីក៏ដោយ បើអ្នកមិនទុកចិត្តនោះអ្នក វានាំឲ្យភាពជោគជ័យមិនអាចកើតឡើងដោយងាយឡើយ ព្រោះ ការគ្មានជំនឿចិត្តនេះ គឺវាស្មើនឹងបោះបង់ចោលការប្រកួតមុនពេលឡើងសង្វៀន។
មិនមែនមានន័យថា រាល់ពេលដែលមានជំនឿចិត្ត សុទ្ធតែអាចនាំមកនូវលទ្ធផលល្អមួយរយភាគរយនោះទេ ប៉ុន្តែលទ្ធផលនឹងអាក្រក់ ប្រសិនបើគ្មានវា។ ដូច្នេះហើយ ត្រូវព្យាយាមជឿជាក់លើអ្វីដែលអ្នកធ្វើ ហើយគិតថា អ្វីៗសុទ្ធតែអាចទៅរួច ទោះបីជាមានឧបសគ្គឬ ការលំបាកប៉ុណ្ណាក៏ដោយ ដរាបណាមិនបោះបង់ នោះអ្នកនឹងអាចទទួលបានអ្វីដែលខ្លួនប្រាថ្នានៅថ្ងៃណាមួយមិនខាន។
ដោយ៖ រតនា វិចិត្រ