អតីតស្ដេចចម្រៀងអាមេរិកលោកElvis Presley៖ «កុំរិះគន់ចំពោះអ្វីដែលអ្នកមិនដឹង ព្រោះអ្នកមិនបានស្ថិតក្នុងស្ថានភាពរបស់គេនោះទេ»
«កុំរិះគន់ចំពោះអ្វីដែលអ្នកមិនដឹង ព្រោះអ្នកមិនបានស្ថិតក្នុងស្ថានភាពរបស់គេនោះទេ» ។ នេះជាគតិរបស់អតីតស្ដេចចម្រៀងដ៏ល្បីល្បាញរបស់អាមេរិកជំនាន់ដើម គឺលោក Elvis Presley ដែលក្នុងន័យនេះ ចង់ឲ្យមានការប្រុងប្រយ័ត្ន មុនពេលរិះគន់នរណាម្នាក់ទាំងខ្លួនមិនដឹងច្បាស់ពីដើមរឿងផង។
កុំវាយតម្លៃរឿងមួយ ដោយត្រឹមភ្នែកទទេ ព្រោះអ្វីដែលអ្នកឃើញនោះវាគ្រាន់តែជាជ្រុងតូចមួយនៃសាច់រឿងប៉ុណ្ណោះ អ៊ីចឹងហើយភាគរយនៃការវាយតម្លៃខុស គឺមានខ្ពស់។ ដូច្នេះហើយ បើចង់វាយតម្លៃ ឬ បញ្ចេញគំនិតអ្វីមួយលើអ្វីដែលបានកើតឡើង ត្រូវព្យាយាមប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយសិន ទើបវាជារឿងត្រឹមត្រូវ។ ប៉ុន្តែមនុស្សភាគច្រើនមិនទាន់ទាំងបានដឹងព័ត៌មានអ្វីផង ក៏រិះគន់ ឬ បញ្ចេញមតិបែបអវិជ្ជមានរបស់ខ្លួនទៅលើនរណាម្នាក់ ចំពោះអ្វីដែលបានកើតឡើង។
មនុស្សដែលឆាប់រិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ គឺបង្ហាញយ៉ាងច្បាស់ថា ពួកគេមិនអាចចាត់ចូលជាមនុស្សមានចំណេះដឹងទូលំទូលាយ ឬ មានការគិតជ្រៅជ្រះអ្វីនោះឡើយ។ ដូច្នេះត្រូវចងចាំថា រាល់ពេលអ្នករិះគន់នរណាម្នាក់ គឺវានឹងបង្ហាញយ៉ាងច្បាស់អំពីតម្លៃ និង ចំណេះដឹងរបស់អ្នក។ អ៊ីចឹងហើយត្រូវគិតឲ្យច្បាស់សិន និង ប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយទើបជាជម្រើសល្អ៕
ដោយ៖ រតនា វិចិត្រ