ឧត្តមសេនីយ៍អាមេរិកម្នាក់ទម្លាយថា ប្រទេសសម្ព័ន្ធមិត្តខ្លួនមួយប្រើមីស៊ីលតម្លៃ ៣លានដុល្លារ បាញ់កម្ទេច Drone តម្លៃ ២០០ដុល្លារ
ឧត្តមសេនីយ៍អាមេរិកមួយរូបបានទម្លាយព័ត៌មានមួយថា ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយបានប្រើប្រាស់មីស៊ីលប្រភេទ Patriot តម្លៃ ៣លានដុល្លារ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (Drone) មួយគ្រឿង តម្លៃត្រឹម ២០០ដុល្លារ។
ឧត្តមសេនីយ៍ David Perkins ជាមេបញ្ជាការ Army Training and Doctrine Command បានបញ្ចេញព័ត៌មាននេះនៅក្នុងកិច្រប្រជុំមួយនៅសមាគមន៍កងទ័ពអាមេរិកនៅ Huntsville រដ្ឋ Alabama កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅថ្មីៗនេះ។
លោកបានលើកយករឿងនេះមកនិយាយជាឧទាហរណ៍នៃដំណោះស្រាយក្នុងការគ្រប់គ្រងស្ថានភាពនៃការគំរាមកំហែងពីកងទ័ពបច្ចាមិត្តពីលើអាកាស។
មីស៊ីលប្រភេទ Patriots គឺជាប្រភេទមីស៊ីលនាំផ្លូវដោយប្រព័ន្ធរ៉ាដាប្រើសម្រាប់ចាប់មីស៊ីលដទៃ (គោលដៅលើអាកាស) ហើយតាមទ្រឹស្ដីគឺវាកាន់តែមានប្រសិទ្ធភាពចំពោះគោលដៅដែលមានរូបរាងតូចដូចជា Drone ជាដើម។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះគឺថា មីស៊ីលនេះមួយដើមតម្លៃពី ២.៥ ទៅ ៣.៤លានដុល្លារទៅហើយ។
សូមបញ្ជាក់ថា បើគិតមកដល់ពេលនេះមានប្រទេសចំនួន ១៣ដែលមានមីស៊ីល Patriot នេះរួមមានដូចជា អ៊ីស្រាអ៊ែល អារ៉ាប៊ីសាអូឌីត គុយវ៉ែត កូរ៉េខាងត្បូង និងអារ៉ាប់រួមជាដើម៕