​ទស្សន​អ្នក​ប្រាជ្ញ​ចិន​ ខុង​ ជឺ​៖ «​​សូម​កុំ​ធ្វើ​រឿង​ណា​ ដែល​អ្នក​មិន​ចង់​​ឲ្យ​អ្នក​ដទៃ​ធ្វើ​រឿង​ហ្នឹង​មក​លើ​អ្នក​វិញ​​»​



«​​សូម​កុំ​ធ្វើ​រឿង​ណា​ ដែល​អ្នក​មិន​ចង់​​ឲ្យ​អ្នក​ដទៃ​ធ្វើ​រឿង​ហ្នឹង​មក​លើ​អ្នក​»​។ ​នេះ​ជា​ទស្សន​របស់​ លោក​ ខុង​ ជឺ​ ដែល​ជា​អ្នក​ប្រាជ្ញ​​របស់​ចិន​ជំនាន់​ដើម​ ដែល​ក្នុង​ន័យ​នេះ​លោកចង់បង្រៀនមនុស្សឲ្យ​​ចេះ​គិត​ មុន​នឹង​ធ្វើ​អ្វី​មួយ ​ជា​ពិសេស​​​​​​ត្រូវ​គិត​ថា ​វា​ប៉ះ​ប៉ះពាល់​ដល់​គេ​កម្រិត​ណា ហើយ​បើ​គេ​ធ្វើ​បែប​ហ្នឹង​លើ​អ្នក​វិញ ​

តើ​អ្នក​សប្បាយ​ចិត្ត​ឬ​អត់។ ​​ចង់​ឲ្យ​គេ​ធ្វើ​ល្អ​ដាក់ខ្លួន ហើយទាំង​ខ្លួន​មិន​ដែល​ធ្វើ​ល្អ​ដាក់​គេ​ និង ​​ការ​ធ្វើ​អាក្រក់​ដាក់​គេ​ប៉ុណ្ណា​ក៏​មិន​អី​ ​​ឲ្យ​កុំ​តែ​គេ​ធ្វើ​អាក្រក់​ដាក់​ខ្លួន​ ​គឺ​ជា​គំនិត​ដ៏​​​​អាក្រក់​មួយ​ដែល​នាំ​ឲ្យ​មាន​ទិដ្ឋភាព​មិន​ល្អ​ក្នុង​សង្គម​។ ​​​មនុស្ស​ប្រភេទ​នេះ ​គឺ​​​មិន​អាច​ចាត់​ចូល​ជា​ប្រភេទ​មនុស្ស​ដែល​មាន​តម្លៃ និង ​ពិភពលោក​ត្រូវ​ការ​នោះ​ទេ​ ព្រោះ​​ទុក​ក៏​មិន​ចំណេញ​ ដក​ចេញ​ក៏​មិន​ខាត។

​​ទុក​ក៏​មិន​ចំណេញ​ ដក​ចេញ​ក៏​មិន​ខាត​ ព្រោះ​មនុស្ស​ប្រភេទ​នេះ ​​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ ​​ហើយ​ឲ្យ​តែ​ចំណេញ​ដល់​ខ្លួន ទោះ​នរណា​​កើតទុក្ខ​ ឬ ឈឺ​ចាប់​ប៉ុណ្ណា​ក៏​មិន​ខ្ចី​ឈឺ​ក្បាល​។ ​​ ​ដើម្បី​កែប្រែ​ភាព​ទិដ្ឋភាព​មិន​ល្អ​ខាង​លើ​ ​យើង​​គួរ​ចងចាំ​របស់​ទស្សន​ខុង​ ជឺ ​ខាង​លើលើ​(«​​សូម​កុំ​ធ្វើ​រឿង​ណា​ ដែល​អ្នក​មិន​ចង់​​ឲ្យ​អ្នក​ដទៃ​ធ្វើ​រឿង​ហ្នឹង​មក​លើ​អ្នក​»)។ ​

នៅ​ពេល​ដែល​​អ្នក​ចេះ​មាន​អារម្មណ៍​ថា ​មិន​គួរ​ធ្វើ​រឿង​ហ្នឹង​លើ​អ្នក​ដទៃ​ឡើយ​ ព្រោះ​អ្នក​ក៏​មិន​ចង់​ឲ្យ​អ្នក​ដទៃ​​ធ្វើ​រឿង​ហ្នឹង​​មក​លើ​អ្នក​វិញ​​ដែរ​ ​នោះ​​ ​មនុស្ស​ម្នាក់ៗ​នឹង​រស់​នៅ​​ជា​មួយ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​ ​ហើយ​អាច​រស់​នៅ​បាន​យ៉ាង​សុខសាន្ត​ ​មុន​ពេល​ចាក់​លោក​ទៅ​៕

​ដោយ​៖ រតនា ​វិចិត្រ​​ ​​​

X
5s